លោក Phijit Deesui សមាជិកគណៈកម្មាធិការប្រាក់ឈ្នួលជាតិរបស់ថៃបានប្រាប់បានអះអាងនៅកាលពីថ្ងៃទី ៨ ខែ សីហាថា គណៈកម្មាធិការប្រាក់ឈ្នួលជាតិរំពឹងនឹងបើកកិច្ចប្រជុំអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមានៅចុងខែសីហានេះ។ លោកបានបន្តថា ប្រាក់ឈ្នួលប្រចាំខែនឹងត្រូវបានដំឡើងចន្លោះជាង ៩ ដុល្លារ ទៅ១០ដុល្លារ បន្ថែមលើប្រាក់ខែគោលបច្ចុប្បន្ន ហើយសំណើនេះកំពុងរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីថៃ។
រដ្ឋមន្ត្រីក្រសួងការងារថៃលោក Suchart Chomklin បានប្រាប់រ៉យទ័រថា រដ្ឋាភិបាលចង់ឱ្យការដំឡើងប្រាក់ឈ្នួលចាប់ផ្តើមពីចុងឆ្នាំនេះ ជាជាងនៅដើមឆ្នាំក្រោយ។ លោកបានថ្លែងថា លោកចង់ឲ្យរឿងនេះកើតឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះប្រជាជនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការចំណាយលើការរស់នៅ ខណៈប្រទេសថៃមិនបានដំឡើងប្រាក់ឈ្នួលជាយូរមកហើយ ដោយប្រាក់ឈ្នួលដែលបានដំឡើងចុងក្រោយនៅក្នុងខែមករា ឆ្នាំ ២០២០ ហើយការដំឡើងគឺមានអត្រាចន្លោះ ១,៦% ទៅ ១,៨%ប៉ុណ្ណោះ។
គួរកត់សម្គាល់ថា តួលេខថ្មីក្នុងការដំឡើងនេះ នឹងធ្វើឱ្យប្រាក់ឈ្នួលជាមធ្យមប្រចាំខែរបស់ប្រទេសថៃទទួលបានចន្លោះពីជាង ២៧៨ ដុល្លារ ទៅប្រមាណ ៣០០ដុល្លារ ដែលវាជាកម្រិតខ្ពស់បំផុតមួយក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ចាក់ថា នៅប្រទេសវៀតណាម ប្រាក់ឈ្នួលជាមធ្យមរបស់រដ្ឋាភិបាលសម្រាប់តំបន់ដែលជាមូលដ្ឋានផលិតកម្មមានចន្លោះពី ១៤០ ដុល្លារ ទៅ ២០០ ដុល្លារ ក្នុងមួយខែ ខណៈ ប្រទេសកម្ពុជាប្រាក់ឈ្នួលជាមធ្យមមានចន្លោះពី ១៩៤ ដុល្លារក្នុងមួយខែ៕