នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ការិយាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការហើយថា ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa) បានប្រាប់ដល់នាយករដ្ឋមន្ត្រី លោករ៉ានីល (Ranil Wickremesingh) ថាលោកនឹងលាលែងពីតំណែង ទៅតាមអ្វីដែលជាការទាមទាររបស់ក្រុមបាតុកររាប់ម៉ឺននាក់ ដែលបានចេញតវ៉ា និងបានសម្រុកចូលលំនៅដ្ឋានផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតីស្រីលង្កាផងដែរ។ ហើយក្នុងនោះ តាមសេចក្ដីរាយការណ៍ផ្ទរបស់លោក រ៉ានីល នាយករដ្ឋមន្ត្រីស្រីលង្កា ក៏ត្រូវបានក្រុមបាតុករដុតឆេះយ៉ាងសន្ធោសន្ធៅផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បន្ទាប់ពីមានការផ្ទុះមហាបាតុកម្មដ៏ធំមិនធ្លាប់មានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលស្រីលង្កា ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏រាំរៃគ្មានភាពល្អប្រសើរបន្ដិសោះអស់រយៈពេលជាច្រើនខែមកនេះ ប្រធានសភាបាននិយាយថា លោក Rajapaksa នឹងលាលែងពីតំណែងនៅត្រឹមថ្ងៃពុធ ទី ១៣ ខែកក្កដានេះ។ ប៉ុន្ដែ គេមិនបានលឺពាក្យសម្តីរបស់ប្រធានាតិបតីក្រាញអំណាចនេះ លោក Rajapaksa និយាយផ្ទាល់មាត់នៅឡើយនោះទេ។
ទោះយ៉ាងណា លោករ៉ានីល ដែលជានាយករដ្ឋមន្ត្រីស្រីលង្កាបាននិយាយថា៖ «លោកប្រធានាធិបតី នឹងចុះចេញពីតំណែងនាពេលខាងមុខ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលបណ្តោះអាសន្នគ្រប់ភាគីចូលកាន់តំណែង» ហើយរូបលោក ក៏លាលែងពីតំណែងដូចគ្នាដែរ។
មេដឹកនាំនៃចលនាមហាបាតុកម្មបាននិយាយថា «ប្រជាជនស្រីសង្កានឹងនៅតែបន្តកាន់កាប់លំនៅដ្ឋានរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៅទីក្រុងកូឡុំបូ រហូតទាល់តែពួកគេលាលែងពីតំណែងយ៉ាងពិតប្រាកដ»។
សូមជម្រាបថា ទីក្រុង Colombo គឺជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា។ ហើយនៅថ្ងៃចន្ទនេះ មានមនុស្សរាប់រយនាក់បានដើរសម្រុកចូលទៅក្នុងលេខាធិការដ្ឋាន និងលំនៅដ្ឋានរបស់ប្រធានាធិបតីតែម្តង ក៏ប៉ុន្តែ ប៉ូលីសមិនបានធ្វើការរារាំងនរណាម្នាក់នោះឡើយ។
ក្នុងនោះដែរ បាតុករម្នាក់ ឈ្មោះជូត ហានស្សាណា (Jude Hansana) អាយុ ៣១ ឆ្នាំដែលធ្វើការតវ៉ានៅខាងក្រៅលំនៅដ្ឋានប្រធានាធិបតី តាំងពីដើមខែមេសាមកបាននិយាយថា៖ «ប្រជាជនស្រីសង្កានឹងមិនទៅណាទេ រហូតដល់ប្រធានាធិបតីរូបនេះចាកចេញពីតំណែង ហើយការតស៊ូរបស់ពួកគេ គឺដើម្បីកែទម្រង់ប្រព័ន្ធនយោបាយឲ្យកាន់តែមានភាពទូលំទូលាយជាងមុន ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ ប្រធានាធិបតីស្រីលង្កាលោក Rajapaksa និងនាយករដ្ឋមន្ត្រី លោករ៉ានីល វីក្រីមសីងហ៊ី (Ranil Wickremesinghe) មិនស្ថិតនៅក្នុងលំនៅដ្ឋានរបស់ពួកគេទេ នៅពេលដែលក្រុមបាតុករបានសម្រុកចូលទៅក្នុងលំនៅដ្ឋានរបស់ពួកគាត់ ដែលត្រូវបានគេគត់សម្គាល់ថា មេដឹកនាំទាំងពីរនាក់នេះគេចខ្លួនតាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ។
ដោយឡែក អ្នកជំនាញធម្មនុញ្ញនៃប្រទេសស្រីសង្កាបាននិយាយថា នៅពេលដែលប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលាលែងជាផ្លូវការ ជំហានបន្ទាប់នោះគឺត្រូវតែងតាំងអ្នកនាំពាក្យប្រធានាធិបតីជាប្រធានាធិបតីស្តីទី ដើម្បីបោះឆ្នោតសភាក្នុងការជ្រើសតាំងប្រធានាធិបតីថ្មីក្នុងរយៈពេល ៣០ ថ្ងៃ ដែលនឹងបញ្ចប់អាណត្តិរបស់លោក Rajapaksa តែម្តង។
គួររំលឹកថា សេដ្ឋកិច្ចនៃប្រទេសស្រីលង្កាពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ តែដោយសារតែមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ ព្រមទាំងបំណុលជាតិបានកើនឡើង គួបផ្សំនិងសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពដ៏អាប់អួរផងនោះ បានធ្វើឲ្យប្រទេសកោះមួយនេះជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរជាច្រើនរាប់ចាប់តាំងពីកង្វះខាតប្រេងឥន្ធនៈ អតិផរណាក្នុងស្រុកកើនឡើងជាងពាក់កណ្ដាល រហូតដល់វិបត្តិថាមពលជាដើម៕