ទោះជាយ៉ាងណា ក្រុមអ្នកជំនាញមើលឃើញថា វិធានការច្បាប់លើអ្នកនាំចូលតែម្ខាង គឺមិនទាន់គ្រប់គ្រាន់ឡើយ ដោយជំរុញឱ្យតុលាការគួរតែពង្រីកការស៊ើបអង្កេតស្វែងរកមន្ត្រីពាក់ព័ន្ធនៅតាមច្រកព្រំដែន ដែលធ្វេសប្រហែស ឬបើកដៃឱ្យទំនិញហាមឃាត់នេះចូលមកកម្ពុជា បានដោយងាយស្រួល ដើម្បីស្តារទំនុកចិត្តមហាជន។
សំណុំរឿងលួចនាំចូលទុរេនថៃ ខុសច្បាប់ ដែលមានឈ្មោះ ព្រឿន សាក់ឡែន ហៅ អាឡែន និងឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា ជាមេខ្លោងត្រូវបានបញ្ជូនទៅដល់ដៃចៅក្រមស៊ើបសួរហើយ។ លោកបណ្ឌិត ញិល អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានទុកការចោទប្រកាន់លើអ្នកនាំចូលទុរេនថៃ ខុសច្បាប់ ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបង វាជារូបភាពវិជ្ជមានមួយ និងបានព្រមានដល់ឈ្មួញដទៃទៀតកុំឱ្យចង់កេងប្រវ័ញ្ចផលចំណេញជ្រុល។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ការចាត់វិធានការលើបុគ្គលទាំងពីររូបនេះមិនទាន់បង្ហាញពីតម្លាភាពគ្រប់គ្រាន់នៅឡើយ ដែលទាមទារឱ្យតុលាការត្រូវបើកការស៊ើបអង្កេតវែករកមុខមន្ត្រីមានសមត្ថកិច្ចនៅតាមព្រំដែនណា ដែលគប់គិត ឱ្យទុរេនថៃ ដែលជាទំនិញហាមឃាត់អាចនាំចូលមកទីផ្សារកម្ពុជា បានមកផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានលើកឡើងថា ការចោទប្រកាន់តាមរយៈសាលាដំបូងខេត្តបាត់ដំបង លើជនសង្ស័យទាំងពីររូប និងបក្សពួកពីបទលួចនាំចូលទំនិញគេចពន្ធ និងផ្ដើមគំនិតក្នុងការលួចនាំចូលទំនិញគេចពន្ធនេះ គឺជាចំណាត់ការមួយល្អ។ ប៉ុន្តែអ្នកជំនាញរូបនេះយល់ថា ការចាត់វិធានការលើបុគ្គលទាំងនេះមិនទាន់គ្រប់គ្រាន់ឡើយ ដែលទាមទារឱ្យតុលាការត្រូវបើកការស៊ើបអង្កេតឱ្យដល់ឫសគល់វែករកមុខមន្រ្តីនៅតាមច្រកព្រំដែនពាក់ព័ន្ធ ដែលធ្វេសប្រហែសឱ្យទុរេនថៃ អាចនាំចូលមកទីផ្សារកម្ពុជា ដោយខុសច្បាប់ មកដាក់ទោសទណ្ឌដោយមិនមានការលើកលែង ដើម្បីបង្ហាញពីតម្លាភាពរវាងមន្រ្តី និងពលរដ្ឋ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការនាំចូលទំនិញគេចពន្ធនៅតាមច្រកព្រំដែនមិនមែនជារឿងថ្មីនោះទេ ខណៈវិធានការទប់ស្កាត់នៅមិនទាន់មានប្រសិទ្ធិភាពនោះដែរ ដែលទាមទារឱ្យមន្ត្រីនៅតាមច្រកព្រំដែនត្រូវមានមនសិការខ្ពស់ក្នុងការទប់ស្កាត់ទំនិញខុសច្បាប់ពីថៃ។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋដែលនាំចូលទុរេនថៃ ខុសច្បាប់ គួរតែអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលទុរេនថៃ ខុសច្បាប់បន្តទៀត និងងាកទៅវែករកអាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែនដែលបានបើកឱកាសឱ្យនាំចូលវិញ ហើយដាក់ទោសទណ្ឌឱ្យបានតឹងរ៉ឹងទើបជាការអនុវត្តច្បាប់មួយត្រឹមត្រូវ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដល់មន្ត្រីនៅតាមព្រំដែន ឱ្យតាមដាន និងទប់ស្កាត់ការលួចនាំចូលទុរេនពីប្រទេសថៃ ខណៈទុរេនស្រស់ដែលមានប្រភពពីថៃ ត្រូវបានចាត់ទុកជាទំនិញហាមឃាត់ដាច់ខាតក្នុងការនាំចូល ដើម្បីការពារផលប្រយោជន៍កសិករក្នុងស្រុក៕
អត្ថបទ ៖ ជា ម៉ារ៉ា