ទោះយ៉ាងណាក៏ដោយចុះ ថ្នាក់ដឹកនាំពន្ធដារសង្ឃឹមថា ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនដែលវិនិយោគលើសេវាកម្មអ៊ីធឺណេត ត្រូវពង្រឹងនូវប្រព័ន្ធសេវាកម្មអ៊ីធឺណេតនេះឱ្យបានល្អបន្ថែមទៀត ពីព្រោះថាបញ្ហានេះវាបានផ្តល់ផលជាបញ្ហារំខានដល់ប្រជាពលរដ្ឋ រួមទាំងការផ្ដល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារផងដែរ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា បញ្ហាប្រឈមមួយដែលអគ្គនាយកដ្ឋានពន្ធដារនៅតែជួបប្រទះនោះ គឺប្រព័ន្ធអ៊ីនធឺណេតខ្សោយ ដែលសព្វថ្ងៃនេះមានការរអ៊ូរទាំច្រើនពីសំណាក់អតិថិជនថា ប្រព័ន្ធសេវាកម្មចូលទៅកាន់អគ្គនាយកដ្ឋានពន្ធដារមានការរអាក់រអួលមិនល្អជាដើម។ ត្រង់ចំណុចនេះ ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធសេវាកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ គឺមានការរៀបចំកសាងបានល្អប្រសើរហើយ ក៏ប៉ុន្តែបញ្ហាប្រព័ន្ធអ៊ីនធឺណែតខ្សោយ ដែលធ្វើឱ្យអតិថិជនប្រើប្រាស់សេវាកម្មពន្ធដារមានភាពរអាក់រអួលយ៉ាងដូច្នេះ។
ឯកឧត្តម គង់ វិបុល បន្ថែមថា ទោះបីបញ្ហាប្រព័ន្ធអ៊ីនធឺណែត មិនស្ថិតនៅក្នុងប្រព័ន្ធគ្រប់គ្រោយដោយអគ្គនាយកដ្ឋានពន្ធដារក៏ពិតមែន ប៉ុន្តែវាជាហេដ្ឋារចនាសម្ព័ន្ធមួយសម្រាប់ប្រើប្រាស់ទូទាំងប្រទេសតែម្តង។ ហេតុនេះហើយ ឯកឧត្តម សង្ឃឹមថា ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន ដែលជាអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេវាអ៊ីធឺណេតនេះ នឹងបន្តពង្រឹងនូវប្រសិទ្ធភាព និងការដាក់ទុនវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រព័ន្ធអ៊ីនធឺណែតនៅកម្ពុជាមានភាពល្អប្រសើរឡើង។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម គង់ វិបុល អះអាងថា អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តនូវការផ្តល់ជូនសេវាឱ្យបានល្អប្រសើរ ដោយមានការដាក់ចេញនូវផែនការសកម្មភាពបន្ថែម ក៏ដូចជាពង្រឹកការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងក្របខណ្ឌពន្ធដារឱ្យកាន់តែល្អប្រសើរថែមទៀត។ ហើយដើម្បីដោះស្រាយនូវបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងវិនិយោគទៅលើប្រព័ន្ធ Server ដើម្បីដាក់នៅតាមសាខាពន្ធដារនីមួយៗ ដើម្បីសម្រួលដល់អ្នកជាប់ពន្ធនៅតាមបណ្តាខេត្តផងដែរ។
សូមបញ្ជាក់ថា នៅរយៈពេល ៣ខែ ឆ្នាំ២០២៣នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនប្រមាណជាង ១ពាន់៣រយលានដុល្លារ ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ហើយបើប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ឃើញថាកើនឡើងប្រមាណជាង ៨០លានដុល្លារ ស្មើនឹង ៦,៣៩%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ៕