នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការរៀបចំកម្មវិធីបុណ្យសមុទ្រនេះ មិនត្រឹមតែជាការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាគឺជាចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
Story: ថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» កាលពីសប្ដាហ៍មុននេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវផងដែរ។ សម្តេចតេជោ បន្ថែមថា សក្តានុពលធនធានធម្មជាតិ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ពិតជាមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា ភ្ញៀវទេសចរដែលបានអញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២នេះ មានចំនួនសរុបជាង ៧១ម៉ឺននាក់ មានការកើនឡើង ២៩% បើធៀបនឹងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧។ អមជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ ក៏មានព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន បន្ថែមពីលើនោះ ក៏មានការតាំងពិព័រណ៍ផលិតប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនផ្សេងទៀតផងដែរ។
យ៉ាងណាមិញ បើតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកក្នុងឆ្នាំ២០១១ ជាមួយខេត្តតំបន់ឆ្នេរបីផ្សេងទៀតនៃប្រទេសកម្ពុជា មានដូចជា ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាម «តារារៈនាទិសនិរតី» ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
សូមជម្រាបថា ពិធីបុណ្យសមុទ្រនេះ ត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ តាមការបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ មុនព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ ២លាននាក់ក្នុងមួយឆ្នាំ ក្នុងអត្រាកំណើនពី ១០ ទៅ ១៥ភាគរយ, ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ២៥ ទៅ ៣០ភាគរយ ហើយបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩មក ចំនួនភ្ញៀវទេសចរជាតិមានការធ្លាក់ចុះប្រមាណ ៦០ភាគរយ និងភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៩៥ភាគរយផងដែរ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕