រដ្ឋធានីកៀវ និងទីក្រុងខាកូវរងការបាញ់ផ្លោងយ៉ាងដំណំ

រដ្ឋធានីកៀវ និងទីក្រុងសំខាន់របស់អ៊ុយក្រែនរងការបាញ់ផ្លោងយ៉ាងដំណំ ខណៈទីក្រុងកំពង់ផែដ៏សំខាន់មួយត្រូវបានរុស្ស៊ីគ្រប់គ្រង


សង្គ្រាមឈានពានរុស្ស៊ីទៅលើអ៊ុយក្រែននៅថ្ងៃពុធទី០២កុម្ភៈនេះ មានទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន រួមមាន ក្រុងខាគីវ (Kharkov) និងរដ្ឋធានីកៀវ កំពុងរងការវាយប្រហារបាញ់ផ្លោងដាក់យ៉ាងដំណំ ស្របពេលដែល កំពង់ផែដ៏សំខាន់មួយរបស់អ៊ុយក្រែនឈ្មោះ ខឺសុន(Kherson) ត្រូវបានកងទ័ពរុស្ស៊ីវាយដណ្តើមកាន់កាប់បានដោយជោគជ័យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទាហ៊ានរុស្សីគ្រប់គ្រងទីក្រុងខឺសុន

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីថា កងទ័ពខ្លួនបានគ្រប់គ្រងទាំងស្រុងទៅលើទីក្រុង Kherson របស់អ៊ុយក្រែនហើយ។ យ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនក្នុងទីក្រុងពុំមានការខូចខាតទេ ពោលគឺនៅដំណើរការ​ជាធម្មតា។ ការវាយកាន់កាប់បានទីក្រុងខាងលើនេះ បានកើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នា​យ៉ាងខ្លាំងខ្លា អស់រយៈពេលជាច្រើនថ្ងៃមកហើយ និងមានទាំងការបាញ់ផ្លោងផងដែរ។ អភិបាល​ក្រុងខឺសុន ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Facebook ដោយ​ព្រមានថា ​​ទីក្រុង​នេះ​​កំពុង​រង​ការ​វាយ​ប្រហារហើយ។

Kherson គឺជាក្រុងកំពង់ផែដ៏សំខាន់មួយនៅជាប់នឹងសមុទ្រខ្មៅ និងជាកន្លែងឧស្សាហកម្មសាងសង់កប៉ាល់ដ៏សំខាន់មួយរបស់អ៊ុយក្រែនផងដែរ។

ស្របពេល​ដែលសង្គ្រាម​វាយប្រហារកាន់តែខ្លាំង ការចរចា​ក៏នៅតែបន្ដបើកទ្វារ​សម្រាប់​ភាគីរុស្ស៊ី និង អ៊ុយក្រែន។ បើតាមប្រភពព័ត៌មានពីសារព័ត៌មានរុស្ស៊ី RT កាចរចាលើកទី២ ត្រូវបានរំពឹងថានឹងធ្វើឡើងនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

ដោយឡែក រុស្ស៊ី​បាន​ព្រមាន​ទៅកាន់​ពលរដ្ឋដែលរស់នៅ​ក្នុង​ទីក្រុងកៀវ ឲ្យ​ភៀស​ខ្លួន​ចេញ​ជាបន្ទាន់ ខណៈ​ដែល​ខ្លួន​កំពុង​វាយ​ប្រហារ​​លើ​គោលដៅ​នានា​ក្នុង​រដ្ឋធានីមួយនេះ។ មិនយូរប៉ុន្មានក្រោយការព្រមាននេះ គ្រាប់រ៉ុកកែតរបស់រុស្ស៊ី​ចាប់ផ្តើមបាញ់ស្រោចចូលមកក្នុងរដ្ឋធានីកៀវ ទៅលើគោលដៅជាច្រើនពាសពេញទីក្រុង។ ក្នុងនោះ បង្គោលអង់តែន​ដែលបម្រើឲ្យ​ការទាក់ទងគ្នា​សំខាន់មួយរបស់អ៊ុយក្រែន ត្រូវបានបាញ់កំទេចចោលផងដែរ។

ទន្ទឹមនឹងនេះ គ្រាប់បែក​ចង្កោមជាច្រើនគ្រាប់ផ្សេងទៀត ត្រូវបានបាញ់​ទៅលើទីក្រុង ខាគីវ(Kharkiv) ដែលជាក្រុងធំទីពីរ របស់អ៊ុយក្រែន។ អ្នកជំនាញផ្នែកគ្រាប់បែកបានធ្វើការអះអាងថា រុស្ស៊ីពិតជាបានប្រើប្រាស់​គ្រាប់បែកចង្កោម ដែលជាប្រភេទ​អាវុធ​ត្រូវបាន​ហាមឃាត់ពិតមែន។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន​ប្រចាំនៅសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់​រុស្ស៊ី​ថា បានវាយប្រហារជនជាតិអ៊ុយក្រែន​ដោយ​គ្រាប់បែក​ចង្កោម ដែលជាអាវុធ ត្រូវបាន​ថ្កោលទោសដោយអង្គការអន្តរជាតិផ្សេងៗគ្នាជាច្រើន។

នៅពេលដែលត្រូវបានសួរអំពីការចោទប្រកាន់ថា រុស្ស៊ីកំពុងប្រើប្រាស់គ្រាប់បែកចង្កោមមែនទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វាជាព័ត៌មានមិនពិតទេ វាមិនច្បាស់ណាស់។ លោក​បាន​បន្ត​ថា ប្រតិបត្តិការ​របស់​រុស្ស៊ី គឺ​ផ្តោត​លើ​គោលដៅ​យោធា មិន​មែន​ជន​ស៊ីវិល​នោះទេ។

គួរជ​ម្រាបថា ក្រុងខាគីវ គឺជាគោលដៅ​នៃការវាយប្រហារ​តាមអាកាស​ដ៏សំខាន់​មួយពីរុស្ស៊ី ចាប់តាំងពីអ៊ុយក្រែនត្រូវបានឈ្លានពានដោយកងកម្លាំងរុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ។

សូមជម្រាបថា ប្រធានាធិបតី អ៊ុយក្រែននៅថ្ងៃពុធទី០២នេះ បានចេញមកអំពាវនាវ​រកការគាំទ្របន្ថែមទៀត ក្រោយពីរុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែលោកបានអះអាងថា រហូតមកដល់ពេលនេះអ៊ុយក្រែននៅតែ ប្រឈមមុខនឹងការវាយលុករបស់ទីក្រុងម៉ូស្គូតែម្នាក់ឯង។

បើតាមរបាយការណ៍​របស់អង្គការ​សហប្រជាជាតិ មនុស្សយ៉ាងហោច ១៣៦នាក់ រួមទាំងកុមារ១៣នាក់ ត្រូវបានសម្លាប់ ចាប់តាំងពី ប្រទេសរុស្ស៊ីបើការឈ្លានពាន ហើយជនស៊ីវិល ៤០០នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈតួលេខនេះអាចនឹងមានច្រើនជាងនេះទៀត៕

None



អត្ថបទបន្ទាប់


ទស្សនៈសម្ដេចតេជោហ៊ុន សែន ជុំវិញស្ថានការណ៍វិវត្តន៍ចុងក្រោយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពេលនេះសង្រ្គាមនៅអ៊ុយក្រែន មិនមែនត្រឹមតែជាសង្គ្រាមរវាងរុស្ស៊ី ហើយនឹងអ៊ុយក្រែនទៀតនោះ…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សង្គ្រាមអ៊ុយក្រែន-រុស្សីនឹងធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ និងបង្កប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី ថាអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ