
លោក ដូណាល់ ត្រាំ បានក្រឡាស់កែប្រែគោលនយោបាយពន្ធគយដ៏សែនពិបាកប៉ាន់ស្មាន ដោយ លោកបានគំរាមដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលមកពីប្រទេសកាណាដា ឱ្យឈានដល់៥០% ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការច្របូកច្របល់កាន់តែខ្លាំងឡើងថែមទៀត។
ការគំរាមរបស់លោក ត្រាំ នេះ ធ្វើឡើងបន្ទាប់ពីលោក ដាក់ ហ្វដ (Doug Ford) អភិបាលខេត្តអ៊នតារីយ៉ូ (Ontario) ប្រទេសកាណាដា បានប្រកាសថា លោកនឹងដាក់បន្ថែមពន្ធ២៥% លើអគ្គិសនី ដែលបានផ្គត់ផ្គង់ទៅដល់ផ្ទះជាង១លានខ្នងនៅសហរដ្ឋអាម៉េរិក ប្រសិនបើលោក ត្រាំ មិនព្រមទម្លាក់ការគំរាមកំហែងពន្ធទាំងអស់លើទំនិញរបស់កាណាដា នាំចូលទៅកាន់អាម៉េរិក ទេនោះ។
ដោយប្រឈមនឹងការគំរាមកំហែងពន្ធ ៥០% របស់លោក ត្រាំ នោះ លោក ហ្វដ ក៏បានយល់ព្រមផ្អាកការដំឡើងថ្លៃអគ្គិសនីនេះវិញ ហើយគ្រោងទៅជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់និក នៅក្នុងទីក្រុងវ៉ាស៊ីងតោន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
បន្ទាប់មកសេតវិមានបានប្រកាសថា មានតែពន្ធតាមការគ្រោងទុក២៥% ប៉ុណ្ណោះ ដែលត្រូវអនុវត្តចំពោះផលិតផលដែក និងអាលុយមីញ៉ូមនាំចូលមកពីកាណាដា និងប្រទេសផ្សេងទៀត ដែលនឹងចូលជាធរមានចាប់ពីថ្ងៃពុធ សប្តាហ៍នេះតទៅ ដោយគ្មានករណីលើកលែងអ្វីឡើយ។
ការគំរាមដំឡើងពន្ធរបស់លោក ត្រាំ បានធ្វើឱ្យផ្សារហ៊ុនអាម៉េរិក មានភាពចលាចលធ្លាក់ចុះ១០% គឺធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជិត៥ពាន់ពាន់លានដុល្លារ (៥ទ្រីលានដុល្លារ) បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅ១ខែបន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា៕
អត្ថបទ៖ សុខ មង្គល