សភាអាម៉េរិក

ទីបំផុតសភាអាម៉េរិកបោះឆ្នោតគាំទ្រឱ្យរដ្ឋបាលលោក ត្រាំ បញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់


សភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពយោធារបស់អាម៉េរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់​ងារ​សារព័ត៌មាន AP ការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះទទួលបានសំឡេងគាំទ្រ២១៥ ទល់នឹង ២០៨ ដោយនៅក្នុងនោះ សូម្បីតែសមាជិកសភារបស់គណបក្សសាធារណរដ្ឋមួយចំនួន ក៏បានបោះឆ្នោតប្រឆាំងនឹងសង្គ្រាមនេះដែរ។
សភាអាម៉េរិក
ដោយ

ក្រោយអាម៉េរិកមានបានចាប់ដៃគ្នាជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់អស់រយៈពេល ៣ខែកន្លងមកនេះ សមាជិកសភាសហរដ្ឋអាម៉េរិកនៅថ្ងៃទី៣ ខែមិថុនា បានបោះឆ្នោតទាមទារឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ឈប់រាល់សកម្មភាពយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ នៅក្នុងការបោះឆ្នោតដ៏តានតឹងនេះលោក ម៉ាយ ចនសុន (Mike Johnson) ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ បានព្យាយាមរារាំងសេចក្តីសម្រេចនេះយ៉ាងខ្លាំង ប៉ុន្តែមិនអាចទប់ទល់នឹងសំឡេងភាគច្រើនបានឡើយ ដោយមានសមាជិកបក្សសាធារណរដ្ឋចំនួន៤រូបបានបោះឆ្នោតគាំទ្រការបញ្ចប់សង្គ្រាមនេះដែរ។
លោក ហ្គ្រីហ្គោរី មិក (Gregory Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាម៉េរិកបានថ្លែងរិះគន់ចំៗថា វាល្មមគ្រប់គ្រាន់ និងដល់ពេលដែលប្រធានាធិបតី ត្រូវធ្វើរឿងត្រឹមត្រូវដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ ព្រោះប្រជាជនធុញទ្រាន់នឹងការរងទុក្ខដោយសារសង្គ្រាមដែលលោក ត្រាំ បានបញ្ឆេះឡើង។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគបានអះអាងថា សេចក្តីសម្រេចនេះនឹងមិនអាចបញ្ឈប់សង្គ្រាមភ្លាមៗនោះទេ ប៉ុន្តែវាជាជំហាននិមិត្តរូបដ៏សំខាន់ ហើយត្រូវរង់ចាំការសម្រេចពីព្រឹទ្ធសភាបន្តទៀត។
យ៉ាងណាមិញលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានចេញមកព្រមានថា ការសម្រេចរបស់សភា នឹងធ្វើឲ្យភាគីអ៊ីរ៉ង់យល់ថា ដៃជើងរបស់រដ្ឋបាលលោក ត្រាំ កំពុងត្រូវគេចង ដែលជាហេតុធ្វើឲ្យអាម៉េរិកមិនអាចចាត់ការលើអាជ្ញាធរអ៊ីរ៉ង់បាន។
ការបោះឆ្នោតរបស់សភានេះ ធ្វើឡើងចំពេលដែលអាម៉េរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងបទឈប់បាញ់ដ៏ផុយស្រួយ និងកំពុងចរចាឡើងវិញ ប៉ុន្តែមិនទាន់រកឃើញចំណុចស្របគ្នានៅឡើយ។ លោក អាបាស អារ៉ាជី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃទី៣ ខែមិថុនា ថា ការចរចាមិនមានវឌ្ឍនភាពជាក់ស្តែងឡើយ ក្រោយការប៉ះទង្គិចគ្នាថ្មីៗនេះ។
ទោះជាយ៉ាងណាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បែរជាបង្ហាញទស្សនៈសុទិដ្ឋិនិយមថា កិច្ចចរចាអាចនឹងទទួលបានលទ្ធផលនៅចុងសប្តាហ៍នេះ ស្របពេលដែលប្រទេសគុយវ៉ែតបានរាយការណ៍ថា ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់លើព្រលានយន្តហោះអន្តរជាតិរបស់ខ្លួនថ្មីៗនេះបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៦៣នាក់រងរបួស ដែលធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែឡើងកម្តៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជា- សឹង្ហបុរី  ប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រីកពាណិជ្ជកម្ម វិនិយោគ ថាមពល និង ការប្រយុទ្ធប្រឆាំងឆបោកតាមអនឡាញ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងសិង្ហបុរី បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ