ការបញ្ជាក់អះអាងបែបនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបនេះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលបានបន្តរីកចម្រើនលើវិស័យជាច្រើនក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានលើកឡើងថា ទោះបីកម្ពុជា និងសិង្ហបុរីមានកម្រិតអភិវឌ្ឍន៍ខុសគ្នាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរមានទស្សនវិស័យរួមក្នុងការគាំទ្រសន្តិភាព ប្រព័ន្ធពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ខណៈអាស៊ាននៅតែជាក្របខណ្ឌសំខាន់សម្រាប់ការពារនិងលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រទេសសមាជិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការកែទម្រង់ស្ថាប័នសាធារណៈ ការធ្វើទំនើបកម្មរដ្ឋបាល ការពង្រឹងប្រព័ន្ធយុត្តិធម៌ និងហិរញ្ញវត្ថុសាធារណៈ ដើម្បីបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តវិធានការតឹងរ៉ឹងក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាត់ទុកបញ្ហានេះជាអាទិភាពសម្រាប់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះរបស់ប្រទេស។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា សិង្ហបុរីបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ និងជាប្រភពវិនិយោគធំលំដាប់ទី៣ របស់កម្ពុជា។ ទោះជាយ៉ាងណា ប្រទេសទាំងពីរនៅមានសក្តានុពលយ៉ាងច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសិង្ហបុរី ជាពិសេសផ្លែឈើដែលមានសក្តានុពលដូចជា ទុរេន និង ស្វាយ ព្រមទាំងការទាក់ទាញវិនិយោគលើខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។
ក្រៅពីនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល តាមរយៈគម្រោងបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ ព្រមទាំងការកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការចែករំលែកបទពិសោធន៍លើការគ្រប់គ្រងវិស័យសាធារណៈ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Steven Pang Chee Wee បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រទេស។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា បន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍជំនាញ និងការកសាងធនធានមនុស្ស។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការគាំទ្របន្តចំពោះកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជា ព្រមទាំងកិច្ចសហការលើការបញ្ជូនពលករកម្ពុជាទៅបំពេញការងារ និងអភិវឌ្ឍជំនាញនៅសិង្ហបុរី។
ជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ខណៈប្រទេសទាំងពីរកំពុងស្វែងរកឱកាសថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលខ្ពស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕