វិស័យកសិកម្ម

គយចិន បើកភ្លើងខៀវឱ្យកម្ពុជា នាំចេញមៀនសម្ងួតទៅទីផ្សារចិន! តើអាចជួយលើកកម្ពស់ទីផ្សារ និងតម្លៃមៀនក្នុងស្រុកយ៉ាងណាដែរ?


នាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិន (GACC) បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញមៀនសម្ងួតពីកម្ពុជា ទៅកាន់ទីផ្សារចិន។ ដំណឹងដ៏រីករាយនេះបានធ្វើឱ្យក្រុមអ្នកផលិត និងកសិករបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងជួយឱ្យផ្លែមៀនមានទីផ្សារកាន់តែទូលំទូលាយ និងមានតម្លៃល្អជាងមុន។
វិស័យកសិកម្ម
ដោយ

បើតាមប្រធានសហគមន៍មៀនរតនមណ្ឌល បានឱ្យដឹងថា បច្ចុប្បន្នតម្លៃផ្លែមៀននៅមានកម្រិតទាបនៅឡើយ ដោយលោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងជួយឱ្យកសិករទទួលបានប្រាក់ចំណេញសមរម្យ។

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានលើកឡើងថា ការបើកផ្លូវនាំចេញមៀនសម្ងួតទៅកាន់ទីផ្សារចិន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម គឺជារឿងដ៏ប្រសើរ ជាពិសេសសម្រាប់កសិករនៅក្នុងតំបន់យុទ្ធសាស្ត្រដាំដុះមៀន។ អ្នកជំនាញរូបនេះយល់ឃើញថា កសិករត្រូវតែត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា លោកយល់ថា កសិករនៅតែត្រូវការការគាំទ្របន្ថែមពីភាគីពាក់ព័ន្ធទាំងផ្នែកបច្ចេកទេស ភូតគាមអនាម័យ និងគោលនយោបាយគាំទ្រផ្នែកហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កសិករខ្លួនឯង ក៏ត្រូវពង្រឹងសមត្ថភាពលើជំនាញសម្ងួតឱ្យស្របតាមស្តង់ដា ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានេះ លោក នួន មួន ប្រធានសហគមន៍មៀនរតនមណ្ឌល នៅខេត្តបាត់ដំបង ក៏បានបង្ហាញក្តីត្រេកអរជាខ្លាំងចំពោះការបើកទីផ្សាររបស់ភាគីចិននេះដែរ ខណៈបច្ចុប្បន្នទីផ្សារក្នុងស្រុកហាក់កំពុងជួបប្រទះការខ្វះខាតក្រុមហ៊ុនចុះប្រមូលទិញ។ បើតាមប្រធានសហគមន៍រូបនេះ នៅក្នុងរដូវប្រមូលផលកាលពីខែមុន ផ្លែមៀនអាចលក់បានក្នុងតម្លៃចន្លោះពី២,៨០០ដល់៣,០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាបបើធៀបនឹងតម្លៃកាលពីឆ្នាំមុន។ លោកបានបន្ថែមថា បើទោះជាបច្ចុប្បន្នមានមន្ត្រីកសិកម្មឃុំចុះជួយគាំទ្រផ្នែកបច្ចេកទេសដាំដុះក៏ពិតមែន ប៉ុន្តែកសិករនៅតែខ្វះខាតដើមទុន ដូចនេះលោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងជួយសម្របសម្រួលផ្នែកឥណទាន ឬកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីឱ្យកសិករមានលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។

ទាក់ទិននឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃជាមួយគយចិន ព្រមទាំងរៀបចំការអនុវត្តពិធីសារភូតគាមអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជា ហូរចូលទីផ្សារចិន កាន់តែងាយស្រួល។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់ផ្លែផ្កាជាបន្តបន្ទាប់ក្នុងទិសដៅលើកកម្ពស់តម្លៃកសិផល និងស្វែងរកលំនឹងសេដ្ឋកិច្ចជូនកសិករកម្ពុជា ឱ្យកាន់តែមានចីរភាព៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ទីបំផុតសភាអាម៉េរិកបោះឆ្នោតគាំទ្រឱ្យរដ្ឋបាលលោក ត្រាំ បញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់

សភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពយោធារបស់អាម៉េរិកប្រឆាំងនឹងប្រទេសអ៊…

តើគម្រោងទីក្រុងរណបថ្មី«បឹងតាមោក»នឹងរុញច្រានតម្លៃដីធ្លីភាគខាងជើងរាជធានីភ្នំពេញ ឱ្យហក់ឡើងកម្រិតណា?

តំបន់បឹងតាមោក ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ កំពុងត្រូវបានរៀបចំរចនាសម្ព័ន្ធអភិវឌ្ឍទៅជាទីក្រុងរណបថ្មីមួយនាពេលខាងមុខ។ គម្រោងខ្នាតយក្សន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ