វិស័យពាណិជ្ជកម្ម

អ្នកការទូតចិនអះអាងថា សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកក្រោមរដ្ឋបាលថ្មី គ្មានអ្នកឈ្នះនោះទេ


អ្នកការទូតចិន បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មជុំថ្មី ដែលអាចកើតមានដោយសារតែការដាក់គំនាបពន្ធមកលើចិន ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនមានឈ្នះ ឬអ្នកចាញ់នោះឡើយ។ ការលើកឡើងបែបនេះធ្វើឡើងក្រោយប្រធានាធិបតីជាប់អាម៉េរិក បានព្រមានថា ក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធ១០%បន្ថែមលើទំនិញចិនទាំងអស់នៅពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធបន្ថែម១០% លើទំនិញនាំចូលរបស់ចិនទាំងអស់ពេលលោកឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខ ស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន បានចេញមកអះអាងថា សង្គ្រាមពាណិជ្ជកម្មនឹងមិនមានអ្នកឈ្នះនោះទេ ពោលគឺទាំងសហរដ្ឋអាម៉េរិក និងចិនសុទ្ធតែជាអ្នកចាញ់។

អ្នកនាំពាក្យស្ថានទូតចិន លោក លីវ ផេងយូ (Liu Pengyu ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំពោះបញ្ហាពន្ធរបស់សហរដ្ឋអាម៉េរិក លើប្រទេសចិន ចិនជឿជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ជាកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ដូច្នេះផែនការដំឡើងពន្ធនេះ លោកយល់ថា គ្មាននរណាម្នាក់នឹងឈ្នះសង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមពន្ធគយនោះទេ។

ការចេញមកអះអាងបែបនេះរបស់អ្នកការទូតចិន ធ្វើឡើងក្រោយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធលើចិន រហូតដល់ចិនបញ្ឈប់បង្ហូរឱសថខុសច្បាប់ fentanyl ចូលទៅកាន់ប្រទេសផ្សេងៗ ជាពិសេសចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក លីវ បានអះអាងថា ចិនបានចាត់វិធានការប្រយុទ្ធប្រឆាំងការនាំចេញថ្នាំខុសច្បាប់ជាបន្តបន្ទាប់ បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៣ រវាងប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី ស៊ី ជិនភីង។ លោក លីវ បានលើកឡើងថា ភាគីចិនបានជូនដំណឹងដល់ភាគីអាម៉េរិក អំពីវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងប្រតិបត្តិការអនុវត្តច្បាប់ដែលទាក់ទងនឹងសហរដ្ឋអាម៉េរិកប្រឆាំងនឹងថ្នាំ fentanyl ជាបន្តបន្ទាប់។

កាលពីខែមិថុនា រដ្ឋអាជ្ញាកំពូលរបស់ប្រទេសចិន បានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់របស់ខ្លួនផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ខណៈដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការស៊ើបអង្កេតរួមគ្នាដ៏កម្រមួយលើគ្រឿងញៀន។ កាលពីឆ្នាំ២០២៣កន្លងទៅចិន បាននាំចេញទំនិញផ្សេងៗទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ប្រមាណជា៤២៧ពាន់លានដុល្លារ ហើយនាំចូលពីអាម៉េរិកវិញមានត្រឹមតែ១៤៨ពាន់លានដុល្លារប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២២ ចិននាំចេញទៅអាម៉េរិក មានតម្លៃ៥៣៦ ពាន់លាន និងនាំចូលមានតម្លៃ១៥៤ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់ដុល្លារហក់ឡើងថ្លៃក្រោយលោក ត្រាំ បានប្រកាសដំឡើងពន្ធលើប្រទេសមួយចំនួននៅពេលលោកឡើងកាន់តំណែង

ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងភ្លាមៗ បើធៀបនឹងរូបិយប័ណ្ណជាគូប្រជែងមួយចំនួន ក្រោយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រក…

តើក្រុមហ៊ុនផលិតរថយន្តណាខ្លះអាចនឹងរងផលប៉ះពាល់នៃការដំឡើងពន្ធរបស់លោក ត្រាំ លើប្រទេសកាណាដា ម៉ិកស៊ិក និងចិនឆាប់ៗនេះ?

ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាននៅដើមសប្តាហ៍នេះថា លោកនឹងយកពន្ធគយ២៥% លើទំនិញរបស់កាណាដា ម៉ិកស៊ិក និងបន្ថែម១០%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ