ខុនដូតម្លៃសមរម្យនេះ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ចំនួន៧០លានដុល្លារសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន Arakawa របស់ជប៉ុន។ លើគម្រោងអគារខុនដូ ដែលមានឈ្មោះថា «លំនៅដ្ឋានអារ៉ាខាវ៉ា» បានបែងចែកទី២ដំណាក់កាលធំៗ ដោយក្នុងនោះ ដំណាក់កាលទី១ មាន១០អគារ និងមានប្រមាណ ២០០០យូនីត។ គម្រោងដំណាក់កាលទី១នេះ នឹងត្រូវសាងសង់រួចរាល់២ទៅ៣ឆ្នាំខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Arakawa នៅក្នុងពិធីសម្ពោធ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិកនៃក្រុមហ៊ុន Arakawa ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន បានថ្លែងថា លោកបានមើលឃើញពីភាពចាំបាច់នៃតម្រូវការភាពជាម្ចាស់កម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ទើបក្រុមហ៊ុន Arakawa បានសម្រេចបោះទុនវិនិយោគ ៧០លានដុល្លារសម្រាប់លំនៅដ្ឋានបែបខុនដូតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសាងសង់នេះ ក្នុងបំណងឲ្យប្រជាជនកម្ពុជា ដែលរួមមានសិស្សនិស្សិតគូស្វាមីភរិយាថ្មី និងបងប្អូនពលរដ្ឋក្រីក្រ បើទោះបីជាពួកគាត់មានចំណូលទាប និងធម្យមក៏ដោយ ក៏អាចទិញលំនៅដ្ឋានខុនដូរបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យក្នុងខុនដូទំនើបកណ្តាលទីក្រុងភ្នំពេញ»។
បើតាមលោកសហស្ថាបនិកដដែល ខុនដូតម្លៃសមរម្យនេះមានតម្លៃចន្លោះចាប់ពី ២ ទៅ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយយូនីត។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងពិធីសម្ពោធនេះថា គម្រោងរបស់ក្រុមហ៊ុន អារ៉ាខាវ៉ា ត្រូវគេចាត់ទុកថា ជាគម្រោងមួយមានការគាំទ្រច្រើន ពិសេសសម្រាប់មន្ត្រីរាជការដែលមានចំណូលទាបនិងមធ្យម។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា នេះជាគម្រោងទី៣ដែលបានសហការជាមួយក្រសួងរៀបចំដែនដី ហើយគម្រោងទី១ គឺនៅក្រុងតាខ្មៅ ដែលលោកឧកញ៉ា សៀ ឫទ្ធី ជាអ្នកអនុវត្តគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។ ដោយឡែក គម្រោងទី២ គឺស្ថិតនៅផ្លូវជាតិលេខ៥។
ឯកឧត្តម ជា សុផារ៉ា ថ្លែងយ៉ាងដូច្នេះថា៖ «គម្រោងនេះ នឹងសម្រេចក្តីសុបិនរបស់ពលរដ្ឋក្រីក្រ ដែលមានចំណូលទាប និងធម្យម ដែលចង់បានលំនៅឋានមួយសមរម្យ ព្រោះ អ្នកមានលុយគ្រប់គ្រាន់ចង់ទិញនៅទីណាក៏បាន តែអ្នកក្រីក្រមានចំណូលទាបនិងធម្យម គឺមានការលំបាក»។
ដោយឡែកសម្រាប់ពេលវេលាបើកលក់ខុនដូនេះ ត្រូវបានលោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានថ្លែងថា គម្រោងនេះនឹងចាប់ផ្តើមបើកលក់រយៈពេល៣ខែទៅ៦ខែ បន្ទាប់ពីការសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ក្នុងបំណងឲ្យគម្រោងនេះបានលេចចេញជារូបរាង។
ក្រុមហ៊ុន អារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យជប៉ុន ចាប់ផ្តើមមានវត្តមាននៅកម្ពុជាក្នុងឆ្នាំ២០០៨។
ក្រៅពីវិនិយោគខុនដូតម្លៃសមរម្យនេះ ក្រុមហ៊ុននេះក៏ធ្លាប់បានវិនិយោគលើអាគារ Bellevue Serviced Apartment ដែលមានទីតាំងនៅត្រើយខាងកើតនៃស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ និងសហការជាមួយក្រសួងដែនដី បោះទុនវិនិយោគសាងសង់អគារពាណិជ្ជកម្ម កម្ពស់ ៣០ជាន់ ដែលគ្រោងចំណាយទឹកប្រាក់ចន្លោះពី ៧០លាន ទៅ ៨០លានដុល្លារសហរដ្ឋអាមេរិក៕