លោក W. Patrick Murphy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា “ការអភិវឌ្ឍមានសារសំខាន់ ប៉ុន្តែ វាចាំបាច់ត្រូវមាននិរន្តរភាព ពីព្រោះការគំរាមកំហែងដល់ទន្លេមេគង្គ មានពិត ហើយប្រសិនបើទន្លេមេគង្គមិនអាចរស់បាន វានឹងជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ៦០លាននាក់ និងដោយប្រយោល រាប់រយលាននាក់។”
ការកត់សម្គាល់របស់ W. Patrick Murphy បានធ្វើឡើង បន្ទាប់ពីលោកបានចូលរួមជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងតំណាងមកពីប្រទេសមេគង្គក្នុងការប្រារព្ធខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោម (Lower Mekong Initiative) ដែលមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
គំនិតផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោមនេះ គឺជាយុទ្ធសាស្ត្រនិងទំនាក់ទំនងរបស់អាមេរិកជាមួយបណ្តាប្រទេសទន្លេមេគង្គទាំងនេះ ដែលមានលក្ខណៈស៊ីជម្រៅ។ ឆ្នាំនេះ ទន្លេមេគង្គកំពុងតែទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលយ៉ាងហោចណាស់ ៦០ឆ្នាំចុងក្រោយនេះ។
មន្ត្រីមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំ២០២០-២០២៥ ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះរៀបចំនិងគ្រប់គ្រងគ្រោះរាំងស្ងួតជាសមូហភាព។
លោក W. Patrick Murphy បាននិយាយបន្តថា ដល់ចំណុច១០ឆ្នាំ គឺជាឱកាសដើម្បីទទួលស្គាល់ថា បញ្ហាប្រឈមនៅតែបន្ត ទាំងបរិស្ថាន និងការអនុវត្តដោយមិនមានចីរភាព និងការកសាងទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដែលត្រូវតែធ្វើការរួមគ្នាបន្តទ្វេដង។
លោក W. Patrick Murphy បាននិយាយបន្តថា វាជាការពិត ដែលថា បញ្ហាប្រឈមកំពុងកើនឡើង ហើយប្រទេសទាំង៥នេះ អាចធ្វើការរួមគ្នាជាក្រុម ជជែកជាមួយប្រទេសចិន ដើម្បីឈានទៅរក”ផ្លូវប្រកបដោយចីរភាពឆ្ពោះទៅមុខ។”
មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធ្លាប់បានអះអាងថា គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនេះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ មិនមែនដោយសារទំនប់វារីអគ្គិសនីណាមួយនៅប្រទេសឡាវនោះទេ៕