លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពត បានប្រាប់សារព័ត៌មានខេមបូណូមីសថា ជាទូទៅបរិមាណនៃការប្រមូលទុរេនក្នុងខេត្តកំពតជារៀងរាល់ឆ្នាំ មិនមានការកើនឡើង ឬថយចុះខ្លាំងនោះទេ ព្រោះថា ទំហំផ្ទៃដីនៃដំណាំទុរេននៅដដែល។ លោកថា «សម្រាប់ដំណាំទុរេន ដែលជាដំណាំរដូវកាល បរិមាណនៃការដាំដុះតួលេខនៅដដែលទេ ហើយសម្រាប់ទិន្នផលយើងសង្ឃឹមថា បានប្រហាក់ប្រហែលឆ្នាំមុនដូចគ្នា តែតម្លៃជាងឆ្នាំទៅបន្តិចបន្តួច»។
ចំពោះមូលហេតុ ដែលទុរេនឆ្នាំនេះ មានតម្លៃថ្លៃជាងឆ្នាំមុននោះ លោកថា ដោយសារតែឆ្នាំនេះ គុណភាពទុរេនឆ្នាំនេះល្អជាងឆ្នាំមុន ដោយសារអាកាសធាតុអំណោយផល។ ប្រធានមន្ទីរកសិកម្មខេត្តកំពតរូបនេះ បានបន្តថា «សម្រាប់ទុរេនលេខ១ និងលេខ២ តម្លៃថ្លៃជាងឆ្នាំមុនពី ៣ពាន់ ទៅ៥ពាន់រៀលទេ ព្រោះថា ទុរេនកំពតមិនមានគោលការណ៍ការនាំចេញទៅក្រៅប្រទេសទេ មានតែនាំទៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ឆ្នាំនេះអាកាសធាតុអំណោយផល គឺមានភ្លៀងធ្លាក់គ្រប់គ្រាន់ នាំឲ្យទុរេនដាំបានល្អជាងឆ្នាំមុន»។
កន្លងទៅក៏មានការរិះគន់ច្រើនដែរ ពីភ្ញៀវទេសចរដែលបានទៅលេងនៅខេត្តកំពត ថា ទុរេនមួយចំនួនដែលដាក់លក់នៅលើទីផ្សារ ជាទុរេននាំចូលពីថៃ ឬវៀតណាម ដែលពិបាកនឹងដឹងច្បាស់មួយណាជាទុរេនកំពតណាស់។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរខេត្តក៏បានទទួលស្គាល់ពីបញ្ហានេះដែរ ព្រោះថា មានឈ្មួញខិលខូចមួយចំនួន បានលួចលាក់នាំចូល នាំឲ្យភ្ញៀវទេសចរខ្លះបាត់ជំនឿទុកចិត្តលើទុរេនកំពត។
តាមពិតទៅទុរេនកំពត មានលក្ខណៈពិសេសមួយចំនួនក្នុងការសម្គាល់ដូចជា បន្លាទុរេនកំពតមុតស្រួច មិនមែនទាល មានរសជាតិផ្អែមល្មួត ក្លិនឈ្លុយ និងរសជាតិឆ្ងាញ់ ព្រោះសាច់ទុន តែទុរេនកំពតមិនមានប្រភេទសាច់ស្រួយ ដូចអាជីវករមួយចំនួនឃោសនានោះទេ។ នេះបើតាមការពិពណ៌នារបស់លោកប្រធានមន្ទីរកសិកម្មខេត្តកំពត។
បើតាមលោកប្រធានមន្ទីររូបនេះ ខេត្តកំពតចាប់ប្រមូលផលទុរេនតាំងពីដើមខែមករាមកម្ល៉េះ នឹងត្រូវចប់ប្រមូលផលក្នុងពាក់កណ្តាលខែមិថុនា ជារៀងរាល់ឆ្នាំ។ ហើយសម្រាប់តម្លៃទុរេនលេខ១ ដែលកសិករបេះពីដើមមួយគីឡូតម្លៃ ២៥.០០០រៀល ហើយឈ្មួញយកមកលក់នៅតាមទីផ្សារគឹ តម្លៃ ២៨.០០០រៀល ទៅ៣០.០០០រៀល ក្នុងមួយគីឡូក្រាម។
សូមជម្រាបថា ផ្ទៃដីដាំដុះទុរេន កាលពីឆ្នាំ២០១៩ ក្នុងខេត្តកំពតមានប្រមាណជា ១.២៣១ ហិកតា ក្នុងនោះផ្ទៃដីដែលទទួលផលបានប្រមាណតែ ៩៤៣ហិកតាប៉ុណ្ណោះ ដោយក្នុងមួយហិកតាបានផលប្រមាណជិត ១៤តោន នាំឲ្យទិន្នផលទុរេនសរុបក្នុងឆ្នាំ២០១៩ មានប្រមាណជិត ១៣ម៉ឺនតោន៕