TikTok

TikTok ចង់បំបែកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance ក្រោយអាមេរិកព្រមានបិទមិនឲ្យប្រើប្រាស់


TikTok ដែលជាបណ្តាញសង្គមវីដេអូខ្លីៗដ៏ពេញនិយមបំផុតមួយ បាននិងកំពុងប៉ុនប៉ងដកខ្លួនកាន់តែឆ្ងាយចេញពីក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដោយចាប់ផ្តើមរើបុគ្គលិកជំនាញសំខាន់ៗចេញពីប្រទេសចិន ទៅកាន់តែប្រទេសដទៃ។
TikTok កំពុងដកខ្លួនកាន់តែឆ្ងាយចេញពីក្រុមហ៊ុនមេ ByteDance

ការរក្សាគម្លាតទំនាក់ទំនងជាមួយប្រទេសចិននេះ គឺ TikTok ចង់ព្យាយាមកាត់បន្ថយសម្ពាធ ដែលបានដាក់ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលតែងតែបារម្ភ និងចោទប្រកាន់ TikTok ថា បានបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលបានដកស្រង់សម្តីចេញពីប្រភពដែលដឹងរឿងនេះ។

TikTok និងក្រុមហ៊ុន ByteDance បានរើប្រធានជាន់ខ្ពស់សំខាន់ៗរបស់ខ្លួន ទៅកាន់សិង្ហបុរី និងអាមេរិក ហើយបង្កើនការជួលបុគ្គលិក និងវិស្វករនៅក្រៅប្រទេសចិន ព្រមទាំងរៀបចំឡើងវិញនូវក្រុមផ្ទៃក្នុងដែលមានជនជាតិចិននៅសេសសល់ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបំបែកខ្លួន ក្រោមការដាក់សម្ពាធពីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាក៏ដោយ វិស្វករមួយចំនួនដែលធ្វើការលើប្រព័ន្ធ algorithm របស់ TikTok គឺនៅតែបន្តធ្វើនៅក្នុងប្រទេសចិនដដែល។ លើសពីនេះ ក្រុមហ៊ុន ByteDance នៅតែបន្តជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសចិន ដែលធ្វើឱ្យការរំដោះខ្លួនរបស់ TikTok កាន់តែពិបាក។

ក្រុមហ៊ុន ByteDance កំពុងធ្វើការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកក្នុងប្រទេសចិន ដើម្បីធ្វើការលើមុខងារផ្សេងៗរបស់ TikTok ដូចជាការផ្ញើសារឯកជន, ការផ្សាយផ្ទាល់ Live-Streaming និងមុខងារទីផ្សារ។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏គ្រោងជ្រើសរើសបុគ្គលិក ដើម្បីការពង្រីកជាអន្តរជាតិ ដោយរួមមានទាំងការស្វែងរកវិស្វករ Algorithm ជាន់ខ្ពស់ ដើម្បីអភិវឌ្ឍកម្មវិធីនេះឲ្យកាន់តែប្រសើរឡើង។

បើតាមអ្នកនាំពាក្យក្រុមហ៊ុនម្នាក់បានឱ្យដឹងថា ភាគច្រើនបំផុតនៃការជួលបុគ្គលិករបស់ TikTok គឺធ្វើឡើងនៅអាមេរិក អង់គ្លេស សិង្ហបុរី និងទីផ្សារដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ TikTok បានជួលមនុស្សជាង ២ម៉ឺននាក់ ក្នុងនោះប្រហែល ១ភាគ៤ គឺនៅអាមេរិក។

ការជាប់ពាក់ព័ន្ធការងាររបស់ជនជាតិចិននៅ TikTok បានបង្កើនក្តីបារម្ភនៅសហរដ្ឋអាមេរិក ចំពោះហានិភ័យសន្តិសុខជាតិនៃទិន្នន័យអ្នកប្រើប្រាស់ ព្រមទាំងមាតិកានៅលើកម្មវិធីនេះ។

កាលពីសប្តាហ៍មុន សភាអាមេរិកបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយ ដោយហាមឃាត់ការប្រើប្រាស់ TikTok ពីឧបករណ៍របស់រដ្ឋាភិបាល ដោយសារបារម្ភសន្តិសុខជាតិ ក្នុងពេលដែលកិច្ចព្រមព្រៀងមួយរវាងរដ្ឋបាលលោក ចូ បៃឌីន និង TikTok ត្រូវបានពន្យារពេល។

គួរកត់សម្គាល់ដែរថា TikTok មិនត្រឹមតែកំពុងមានបញ្ហាជាមួយនឹងរដ្ឋាភិបាលអាមេរិកនោះទេ ថ្មីៗនេះ អាជ្ញាធរកោះតៃវ៉ាន់បានរកឃើញថា TikTok ត្រូវបានសង្ស័យថាធ្វើប្រតិបត្តិការពាណិជ្ជកម្មខុសច្បាប់ នៅតៃវ៉ាន់ ខណៈដែលអាជ្ញាធរកំពុងស៊ើបអង្កេតបន្ថែមលើរឿងនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីខាងអាជ្ញាធរកោះតៃវ៉ាន់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន ByteDance បានបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកោះតៃវ៉ាន់ ដើម្បីស្វែងរកផលចំណេញមកអាជីវកម្មខ្លួនវិញ ដែលទង្វើនេះ គឺផ្ទុយនឹងច្បាប់តៃវ៉ាន់ដែលបានចែងថា កម្មវិធីបណ្តាញសង្គមចិន មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការពាណិជ្ជកម្មនៅលើដែនដីនេះទេ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អាមេរិក និងសម្ព័ន្ធមិត្ត គ្រោងបង្កើតក្រុមការងារឃ្លាំមើលប្រទេសចិន ដើម្បីទប់ស្កាត់អំណាចរបស់ក្រុងប៉េកាំង

សហរដ្ឋអាមេរិកនឹងស្វែងរកការរួបរួមជាមួយប្រទេសសម្ព័ន្ធមិត្ត ដូចជា ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ក្នុងការស្វែងរកមធ្យោបាយដើម្បីទប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ