នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។ លោក Shou Zi Chew ប្រធានប្រតិបត្តិ TikTok បានលើកឡើងកាលពីថ្ងៃអង្គារ ទី ២១ ថា កម្មវិធីសង្គម TikTok កំពុងមានអ្នកប្រើប្រាស់សកម្មជាង ១៥០ លាននាក់ជារៀងរាល់ខែក្នុងសហរដ្ឋអាមេរិក ដែលចំនួននេះបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាជនអាមេរិកកំពុងត្រូវការវា ហើយក៏មានការកើនឡើងផងដែរ បើធៀបនឹងឆ្នាំ២០២០មានត្រឹម១០០លាននាក់ប៉ុណ្ណោះ។
ទោះយ៉ាងណា លោក ឈូ បានសង្កត់ធ្ងន់ថា៖ «វាបានឈានមកដល់ពេលវេលាស្លាប់រស់មួយសម្រាប់TikTok» ដែលអ្នកនយោបាយអាមេរិកខ្លះបានចាប់ផ្តើមនិយាយអំពីការបិទកម្មវិធី TikTok ដូចនេះ លោកបានបន្ថែមថា ការសម្រេចណាមួយនៅទីបំផុត វានឹងឆក់យកកម្មវិធីវីដេអូបណ្ដាញសង្គមនេះ ពីមនុស្សជាង ១៥០ លាននាក់នៅអាមេរិកជាក់ជាមិនខានឡើយ។
មែនទែនទៅ កម្មវិធីសង្គមដ៏ពេញនិយមរបស់ប្រទេសចិនមួយនេះ ត្រូវបានសហរដ្ឋអាមេរិក សំដែងការព្រួយបារម្ភថា បាននិងកំពុងទាញយកទិន្នន័យពីអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកទៅឱ្យរដ្ឋាភិបាលចិន។ ប៉ុន្ដែ ក្រុមហ៊ុនមេ របស់ TikTok បានបដិសេធការចោទប្រកាន់ពីអំពើចារកម្មទាំងអស់នេះម្ដងហើយម្ដងទៀត។
ក្រុមហ៊ុនមេរបស់ TikTok បាននិយាយជាច្រើនដងរួចមកហើយថា ការបិទជាបន្តបន្ទាប់ពីរដ្ឋាភិបាលប្រទេសលោកខាងលិចនេះ គឺផ្អែកលើការយល់ខុសជាមូលដ្ឋាន និងដឹកមុខដោយការប្រជែងនៃភូមិសាស្រ្តនយោបាយ ជាជាងភាពពិតជាក់ស្តែងនៃបញ្ហាសន្តិសុខ ព្រោះបើតាមក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនបានចំណាយប្រាក់ជាង ១ពាន់៥រយលានដុល្លាររួចមកហើយ លើការត្រួតពិនិត្យសុវត្ថិភាពទិន្នន័យយ៉ាងម៉ត់ចត់ និងគ្មានឡើយការជ្រៀតចូលនៃប្រព័ន្ធចារកម្ម។
ជាមួយគ្នានេះ នៅថ្ងៃពុធ ទី ២២ នេះ អ្នកបង្កើតមាតិកា និងជាតំណាងរាស្ត្រអាមរិកប្រចាំទីក្រុង New York លោក Jamaal Bowman បានឱ្យដឹងថានឹងធ្វើធ្វើសន្និសិទកាសែតមួយនៅខាងក្រៅអគារកាពីតូលរបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងការហាមឃាត់ TikTok នេះ។ លោកបានពិពណ៌នា ការដែលធ្វើឱ្យការជំរុញឱ្យបិទកម្មវិធីដ៏ពេញនិយមមួយនេះគឺមកពី «ការភ័យព្រួយជ្រុល» ដែលថាវាមិនអាចទទួលយកបានឡើយ។ លោកបានគូសបញ្ជាក់ថា មានអាជីវកម្មរបស់សហរដ្ឋអាមេរិកចំនួន ៥ លានបាននិងកំពុងប្រើប្រាស់វា។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមទីភ្នាក់ងារចារកម្មហូឡង់បានឱ្យដឹងថា កាលពីខែមុនខ្លួនបានចុះដាក់ប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងក្នុងបញ្ជីនៃការវាយប្រហារយ៉ាងសកម្មលើប្រព័ន្ធលំហរអ៊ីនធឺណិត ដែលជាគ្រោះថ្នាក់ចារកម្ម។ ហើយជាមួយគ្នា រដ្ឋាភិបាលហូឡង់ក៏បានប្រាប់ឱ្យមន្ត្រីរបស់ខ្លួនឈប់ប្រើប្រាស់កម្មវិធី TikTok ក្នុងឧបករណ៍រដ្ឋាភិបាល និងទូរស័ព្ទរបស់ខ្លួនតទៅទៀតផងដែរ៕