ទន្ទឹមនឹងការទិញដីធ្លីមានភាពមមាញឹកនិងកើនឡើង ក៏មានឈ្មួញទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសបោកប្រាស់ពលរដ្ឋលើគ្រប់រូបភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅពេលថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា មានឈ្មួញមួយក្រុមហ៊ុនបានលើកស្លាក(ប៉ាណូ) គូសប្លង់លក់ដីលក់ផ្ទះ ដោយដីផ្ទះទាំងនោះ មិនមែនជារបស់ពួកគេឡើយ។ ក្រោយទទួលបានប្រាក់កក់ពីពលរដ្ឋ ពួកគេបានវេចលុយរត់ទៅបាត់ ដែលធ្វើឲ្យពលរដ្ឋក្លាយជាជនរងគ្រោះ។
មិនមែនត្រឹមតែករណីមួយនេះទេ គេសង្កេតឃើញថា ជារឿយៗ មានពលរដ្ឋជាច្រើនបានចាញ់បោកឈ្មួញលើវិស័យដីធ្លីនេះ។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកបង្កើតគម្រោងពុះដីឡូតិ៍លក់ផងដែរនោះ បានផ្តល់បទសម្ភាសន៍ខ្លីមួយឲ្យសារព័ត៌មាន ខេមបូណូមីស ថា ពលរដ្ឋគួរត្រួតពិនិត្យ ៥ចំណុច មុនសម្រេចចិត្តទិញដីនៅតំបន់ណាមួយ ចៀសវាងការចាញ់បោកឈ្មួញ។
ចំណុចទាំង៥នោះ រួមមាន៖
- មុនទិញដី ត្រូវស្គាល់ប្រវត្តិអ្នកធ្វើគម្រោងឲ្យបានច្បាស់លាស់ ថា តើជាមនុស្សស្មោះត្រង់ឬទេ? តើជាមនុស្សដែលអាចទុកចិត្តឬទេ? តើមានប្រវត្តិធ្វើគម្រោងល្អឬទេ?
- ពលរដ្ឋគួរតែសាកសួរអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យពីភាពស្របច្បាប់របស់ដីទាំងនោះ។
- មុនទិញដី បើទោះបីទិញក្នុងទម្រង់ជាការបង់រំលស់ គឺគួរតែសុំមើលប្លង់មេ ពីព្រោះ ខ្ញុំជាអ្នកធ្វើគម្រោងពុះដីឡូតិ៍លក់ហើយ ពលរដ្ឋភាគច្រើនមិនហ៊ានសុំប្លង់មេគេមើលឡើយ ព្រោះពួកគេភ័យខ្លាច។ ប៉ុន្តែ ខ្ញុំលើកទឹកចិត្តឲ្យពលរដ្ឋហ៊ានសុំប្លង់មេគេមើល ដែលវាបញ្ជាក់ពីភាពស្មើមុខស្មើមាត់ក្នុងនាមអ្នកទិញនិងអ្នកលក់។
- ពិនិត្យមើលថា តើតំបន់នោះមានសក្តានុពលដែលឬទេ? ការទិញដីចំតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច វានឹងធ្វើឲ្យអ្នកអាចលក់ចេញ ដោយចំណេញបានប្រាក់ច្រើន។
- ពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះ តំបន់ដែលដីមានតម្លៃថោកមួយចំនួន គឺមានតែផ្លូវ ឬភ្លើង ប៉ុន្តែ ពុំទាន់មានទឹកតទៅដល់នោះទេ៕