ទាក់ទងបញ្ហានេះ លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានផ្តល់នូវគន្លឹះ៤ចំណុច សម្រាប់ជាចំណេះដឹង និង បទពិសោធន៍ ក្នុងការចាប់ផ្តើមអាជីវកម្ម ឲ្យដើរទៅមុខប្រកបដោយថាមពល និង មានភាពយូរអង្វែង។
- ភាគច្រើននិស្សិតចេញពីសាលាគ្មានលុយគ្រប់គ្រាន់ធ្វើអាជីវកម្ម ដោយខ្លួនឯង។ ដូច្នេះ អ្នកគួរតែចងក្រងជាក្រុម ដើម្បីបង្កើតជាអាជីវកម្ម។ យ៉ាងណាក៏ដោយ ការចូលហ៊ុនគ្នា ត្រូវប្រុងប្រយ័ត្ន ពោល គឺ ត្រូវមានចងលក្ខខណ្ឌផ្សេងៗ ដើម្បីចៀសវាងការឈ្លោះគ្នាទៅថ្ងៃក្រោយ។
- ត្រូវមានជំនឿចិត្តលើខ្លួនឯង ព្រោះ កាលណាយើងមានជំនឿចិត្តលើខ្លួនឯង គឺយើងនឹងធ្វើអ្វី ក៏បានជោគជ័យដែរ ប៉ុន្តែ បើយើងគ្មានជំនឿចិត្តលើខ្លួនឯងទេ យើងនឹងធ្វើអ្វីក៏ទទួលបរាជ័យដែរ។
- ការតាំងចិត្ត និង សម្រេចចិត្តឲ្យច្បាស់លាស់ ដោយមិនត្រូវនិយាយថា ធ្វើសិនទៅ ព្រោះ បើធ្វើសិន វានៅតែសិនរហូត។ ត្រូវដាក់ចិត្តដាក់កាយធ្វើឲ្យបានជោគជ័យ ទោះបីធ្វើដំណើរ លើផ្លូវហ្នឹងលំបាកយ៉ាងណាក៏ដោយ សូមកុំបាក់ទឹកចិត្ត ព្រោះ កូនក្មេងរៀនដើរ វាដើរដួលៗ តែវាមិនឈប់ដើរនោះទេ។ បើវាឈប់ដើរ វានឹងមិនចេះដើររហូត។ ដូច្នេះ កូនក្មេង វាដើររហូត ទោះវាដួលចេញឈាម និង រលាត់ជង្គង់ក្តី តែវានៅតែតស៊ូ។ ការបង្កើតអាជីវកម្ម វាស្រួលទេ ប៉ុន្តែ ការថែទាំ ការពង្រឹង និង ពង្រីក ទើបជាការលំបាក។ ដូច្នេះ ទាមទារការតាំងចិត្តខ្ពស់ និង ភាពអត់ធ្មត់ខ្លាំង ដើម្បីបន្តអាជីវកម្មនោះឲ្យជោគជ័យ។
- សូមកុំពង្រីកអាជីវកម្ម នៅពេលអាជីវកម្មនោះ មិនទាន់រឹងមាំ ព្រោះ ការពង្រីក ដោយមិនទាន់បានពង្រឹង វាប្រៀបដូចជាការសង់ផ្ទះអត់មានគ្រឹះដូច្នេះដែរ។ សូមកុំអាងមានលុយចេះតែពង្រីក វាងាយនឹងដួលបះជើងណាស់។
ដូចគ្នាដែរ អ្នកស្រី ជា សុខលាង អ្នកជំនួញស្ដ្រីវ័យក្មេង ដែលក្តោបក្តាប់ជំនួញជាច្រើនក្នុងដៃ បានផ្តល់គំនិត និង គន្លឹះសំខាន់ៗចំនួន៤ចំណុច ដើម្បីជាបទពិសោធន៍ ផ្តល់ជាពន្លឺខ្លះៗ ដល់អ្នកចង់ចាប់ផ្តើមអាជីវកម្ម។
- ការចាប់ផ្តើមអាជីវកម្ម បើសម្រាប់ខ្ញុំ ខ្ញុំដាក់លុយនៅខាងក្រោយ។ ខ្ញុំគិតថា ទាល់តែមានគំនិតមុនសិន។ បើយើងមានគំនិតហើយ យើងធ្វើផែនការអាជីវកម្ម ព្រោះ ឥឡូវគេមានមូលនិធិ (Fund) ច្រើនពីអ្នកវិនិយោគ។ បើគំនិតយើងដើរ លុយគេដាក់មកធ្វើការជាមួយយើងហើយ។
- អ្វីៗគួរតែចាប់ផ្តើមពីតូចទៅធំ ព្រោះ ការធ្វើពីតូចនិងសន្សឹមៗ វាដើរទៅយឺតមែន ប៉ុន្តែ វាមិនងាយទទួលបរាជ័យនោះទេ។
- កុំធ្វើអ្វីតែម្នាក់ឯង ព្រោះ វាមិនងាយរីកចម្រើននោះទេ។ គួរតែធ្វើការងារជាក្រុម ហើយចេះជ្រើសរើសក្រុម។ ទន្ទឹមគ្នានេះ ត្រូវមានតម្លាភាពក្នុងចាត់ចែងការងារ។ ឧទាហរណ៍ ខ្ញុំធ្លាប់ឃើញកន្លងមក ការប្រើប្រាស់ហិរញ្ញវត្ថុក្នុងក្រុមហ៊ុន ភាគច្រើន គាត់ចាយលើភាពឯកជនច្រើនជាងក្រុមហ៊ុន ដោយសារ គាត់គិតថា ជាក្រុមហ៊ុនអញ។
- ចំណង់ចំណូលចិត្ត និង ភាពអត់ធ្មត់ ព្រោះ ការធ្វើការងារជាក្រុម មានបញ្ហាច្រើនណាស់ ដែលនឹងកើតឡើង៕
None