លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ស្ថានិកក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ ក្រុមហ៊ុនអចលនទ្រព្យនិងកាន់កាប់ក្រុមហ៊ុនជាច្រើន បានផ្តល់គន្លឹះ១០យ៉ាង ដើម្បីជាថ្នាំប៉ូវ ធ្វើឲ្យអាជីវកម្មមានកម្លាំងស្ទុះទៅមុខបានយូរអង្វែង។
1. មុននឹងចាប់ផ្តើមអាជីវកម្ម គួរតែវិនិយោគលើខ្លួនឯងឲ្យបានច្រើន ដោយខិតខំរៀនសូត្រតាមរយៈការអានសៀវភៅ និងសិក្សាពីបទពិសោធន៍អ្នកដទៃ។
2. កុំចាយវាយខ្ជះខ្ជាយ ព្រោះជាទូទៅ ម្ចាស់អាជីវកម្មថ្មីថ្មោង តែងតែអាងខ្លួនក្លាយជាថៅកែ បង្កើតជាអំនួត ចាយថវិកាដោយគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ដែលនេះជាបញ្ហាអាចធ្វើឲ្យអាជីវកម្មដួលរលំ។
3. គួរតែលះបង់ច្រើនជាងកូនចៅ ពីព្រោះភាពខុសគ្នារវាងនិយោជកនិងបុគ្គលិក គឺនិយោជកធ្វើការ២៤ម៉ោង ខណៈនិយោជិតធ្វើការតែ ៨ម៉ោងប៉ុណ្ណោះ។
4. កុំបាត់ទំនុកចិត្ត ព្រោះការរកស៊ីតែងប្រឈមនឹងហានិភ័យចៀសមិនផុតឡើយ។ ដូច្នេះ នៅពេលជួបបញ្ហា ត្រូវតែក្លាហានប្រឈមមុខក្នុងការដោះស្រាយប្រកបដោយភាពឈ្លាសវៃ។
5. មានគំនិតច្នៃប្រឌិតខ្ពស់ ដោយរកគំនិតថ្មីៗ ហើយចាប់ផ្តើមធ្វើមុនគេ។
6. គួរមានផ្នត់គំនិតថា ម្ចាស់ក្រុមហ៊ុនពិតប្រាកដ គឺជាអតិថិជន បន្ទាប់មកជាបុគ្គលិក ហើយចុងក្រោយទើបជាខ្លួនឯង។
7. មានឆន្ទៈខ្ពស់ក្នុងការរៀបចំអាជីវកម្មឲ្យដំណើរការទៅមុខ។
8. គួរតែចាប់ឱកាស កុំបោះបង់ឱកាសឲ្យសោះ ប្រសិនបើមានឱកាសហើយនោះ។
9. ស្គាល់តម្លៃលុយ ប្រើលុយបង្កើតលុយ មានចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ។
10. កុំគិតតែចង់ធ្វើអាជីវកម្ម តែមិនព្រមធ្វើ បើចង់ធ្វើហើយ គឺគួរចាប់ផ្តើមធ្វើវា។
លោកឧកញ៉ាវ័យ២៨ឆ្នាំរូបនេះ មានទស្សនៈមួយថា៖ «ចង់បានជោគជ័យក្នុងអាជីវកម្មត្រូវយកបេះដូងបុគ្គលិកឲ្យបាន» មានន័យថា គួរផ្តល់ការងារឲ្យត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់បុគ្គលិក និងយកចិត្តទុកដាក់ចំពោះពួកគេ៕