ឯកឧត្តមប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងនៅក្នុងវេទិកាពិភាក្សាតុមូលស្តីពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ-១៩ ថា គោលនយោបាយពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២៣ គឺបានគាំទ្រឲ្យមានការធ្វើពិពិធកម្មលើវិស័យកសិកម្ម ដែលមានន័យថា បង្កើនខ្សែច្រវាក់តម្លៃលើផលិតផលកសិកម្ម សម្រាប់ការនាំចេញ ខណៈបច្ចុប្បន្នកម្ពុជាបានអនុវត្តធ្វើបានជាបណ្តើរៗហើយដែរ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបាននឹងកំពុងអនុវត្តជាមួយដៃគូក្នុងការជំរុញទីផ្សារកសិកម្មខ្នាតតូចដែលអាចឈានទៅរកការនាំចេញនៅពេលណាមួយដែលកម្លាំងផលិតអាចឆ្លើយតបគ្រប់គ្រាន់ទាំងស្រុងសម្រាប់តម្រូវការក្នុងស្រុក។ ហើយទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មក៏បានគាំទ្រចំពោះ ការបង្កើតឲ្យមានតំបន់ឧស្សាហកម្មផលិតតាមផ្នែកដែលជាចង្កោមនៃការផលិតដ៏សំបូរបែបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏មានការគាំទ្រផងដែរ ចំពោះការធ្វើពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិកដែលអាជីវកម្មនេះ បានជួយកាត់បន្ថយទាំងពេលវេលា និងឃ្លាំងស្តុកជាដើម ខណៈច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមអនឡាញបានចូលជាធរមានរួចហើយនោះ។
ឯកឧត្តមបានលើកឡើងឲ្យដឹងទៀតថា ការដកប្រព័ន្ធអនុគ្រោះពន្ធវាមិនបានធ្វើឲ្យកម្ពុជាមានការព្រួយបារម្ភស្មើទៅនឹងវិបត្តិកូវីដ-១៩ នាពេលនេះឡើយ ព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យទីផ្សារសម្រាប់ទំនិញនាំចេញរបស់កម្ពុជាមិនអាចនាំចេញបានភាគច្រើន។
យ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជ្យបណ្ឌិតសភាកម្ពុជា គូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញ ហើយការអាចងើបឡើងវិញបាន គឺត្រូវស្តារទេសចរណ៍ក្នុងស្រុក។ ទី២ គឺការកែច្នៃកសិកម្មរបស់កម្ពុជាឲ្យទៅជាកសិកម្ម ដែលគាំទ្រទៅដល់វិស័យទេសចរណ៍ និងទី៣ គឺការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងត្រូវតែយកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើឧស្សាហកម្មខ្នាតតូច៕