
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាអ្នកជំនួញក្នុងវិស័យកសិកម្មម្នាក់នៅកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសន្តិសុខស្បៀងនៅកម្ពុជា មិនមែនជាបញ្ហា ដែលគួរឱ្យមានការព្រួយបារម្ភខ្លាំងពេកនោះទេ ទោះបីបច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្នុងបញ្ហាសង្រ្គាមឈ្លានពានយ៉ាងណាក្តី ដ្បិតថា កម្ពុជា ជាប្រទេសដែលផលិតស្បៀងច្រើន ពិសេសដំណាំស្រូវដែលជាដំណាំយុទ្ធសាស្រ្តដ៏សំខាន់ ដូច្នេះហើយការកាត់បន្ថយការនាំចេញស្រូវអង្ករនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងស្រុក មិនមែនជាបញ្ហាប្រឈមសម្រាប់កម្ពុជា នោះទេ។ យ៉ាងណាមិញ អ្នកជំនួញរូបនេះយល់ឃើញថា ការជំរុញការនាំចេញកសិផលរបស់កម្ពុជា ឱ្យបានកាន់តែច្រើន គឺជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាកសិករ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ការគិតគូរអំពីសេដ្ឋកិច្ចជាតិ គឺដើរស្របគ្នាទៅនឹងការគិតគូរទៅលើបញ្ហានយោបាយ និងសន្តិសុខជាតិនៅក្នុងប្រទេស។ ដូច្នេះនៅក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបបញ្ហាសង្រ្គាមនេះ អ្នកជំនាញរូបនេះយល់ថា ការគិតគូរលើបញ្ហាសន្តិសុខស្បៀង គឺជារឿងសំខាន់ ដែលក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការកំណត់អំពីបរិមាណស្បៀងដែលកម្ពុជា គួររក្សាទុកសម្រាប់ប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ ខណៈកន្លងមកលោកសង្កេតឃើញថា កម្ពុជា ហាក់មិនមានទិន្នន័យជាក់លាក់អំពីតម្រូវការស្បៀងនៅក្នុងស្រុក និងសមត្ថភាពផលិតនៅក្នុងស្រុកនៅឡើយទេ។ សម្រាប់អ្នកជំនាញរូបនេះ ការកំណត់ច្បាស់ពីតម្រូវការប្រើប្រាស់ សមត្ថភាពផលិត និងការនាំចេញ វាជារឿងសំខាន់សម្រាប់កម្ពុជា។
គួរជម្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជា រកចំណូលបានជាង២,៨ពាន់លានដុល្លារពីការនាំចេញកសិផលជាង៧,៨លានតោនទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕