ចាប់តាំងពីឆ្នាំ២០២០មក ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី៥រូប បានកើនឡើង១១៤%ឈានដល់៨៦៩ពាន់លានដុល្លារ ហើយបើនិយាយអំពីប្រាក់ចំណូលរបស់កំពូលមហាសេដ្ឋីទាំង១៤៨រូបវិញ គឺទទួលបានជិត១,៨ទ្រីលានដុល្លារ ឯណោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN ។
ពាក់ព័ន្ធនឹងកម្រិតប្រាក់ចំណូល និងបញ្ជីទ្រព្យសម្បត្តិដ៏មហាសាលនេះ ប្រភពដដែលបានដកស្រង់របាយការណ៍របស់អង្គការ Oxfam ថា ទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងក្នុងគ្រាដែលប្រជាជនជិត៥ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងតែស្ថិតក្នុងស្ថានភាពកាន់តែក្រីក្រ ដោយសារពួកគេប្រឈមនឹងបញ្ហាអតិផរណា សង្គ្រាម និងវិបត្តិអាកាសធាតុ។
អង្គការនេះបានអះអាងថា ដើម្បីលុបបំបាត់ភាពក្រីក្របាន គឺនឹងត្រូវប្រើពេលរហូតដល់ទៅជិត២៣០ឆ្នាំ បើផ្អែកតាមស្ថិតិ និងស្ថានភាពបច្ចុប្បន្ន។
របាយការណ៍ដែលទាញយកទិន្នន័យចងក្រងដោយទស្សនាវដ្តី Forbes នេះត្រូវបានចេញផ្សាយស្របពេលជាមួយនឹងការចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង ដាវូស (Davos) ប្រទេសស្វីស ខណៈដែលមេដឹកនាំពិភពលោក និងពណិជ្ជករធំៗជួបជុំគ្នានៅទីនោះ។
លោក ណាប៊ីល អាមេដ ( Nabil Ahmed ) នាយកផ្នែកយុត្តិធម៌សេដ្ឋកិច្ច និងជាតិសាសន៍នៃអង្គការអុកស្វាមអាមេរិក (Oxfam America) និយាយថា ទោះបីជាវិសមភាពកំពុងកើនឡើងក្ដី ក៏រដ្ឋាភិបាលនៃប្រទេសមួយចំនួនបានឈរនៅខាងពលរដ្ឋក្រីក្រ ដោយជំរុញឱ្យដាក់ចេញគោលនយោបាយនានាក្នុងគោលដៅពង្រឹងសិទ្ធិរបស់កម្មករនិយោជិត។
ងាកមកនិយាយពីទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានជាងគេបំផុតទាំង៥វិញ គឺមានដូចខាងក្រោម៖ ទី១៖ ទ្រព្យសម្បត្តិរបស់លោក អ៊ីឡុន ម៉ាស់ (Elon Musk) ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើនរួមទាំង Tesla និង SpaceX បានកើនឡើង៧៣៧%ឈានដល់ជាង២៤៥ពាន់លានដុល្លារ, ទី២៖ ទ្រព្យសម្បត្តិរបស់លោក ប៊ែរណាត អាណុល (Bernard Arnault) ប្រធានក្រុមហ៊ុនទំនិញប្រណីតរបស់បារាំង LVMH និងគ្រួសាររបស់លោកបានកើនឡើង១១១%ឈានដល់១៩១ពាន់លានដុល្លារ, ទី៣៖ ទ្រព្យសម្បត្តិរបស់លោក ជេហ្វ បេហ្សូស (Jeff Bezos ) ស្ថាបនិកក្រុមហ៊ុន Amazon បានកើនឡើង២៤%ឈានដល់ជាង១៦៧ពាន់លានដុល្លារ ទី៤៖ ទ្រព្យសម្បត្តិរបស់លោក ឡារី អេលីសុន (Larry Ellison) ស្ថាបនិកក្រុមហ៊ុន Oracle បានកើនឡើង១០៧%ឈានដល់ជាង១៤៥ពាន់លានដុល្លារ និងទី៥៖ ទ្រព្យសម្បត្តិរបស់ស្ដេចភាគហ៊ុន វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានកើនឡើង៤៨%ឈានដល់ជាង១១៩ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ