តើនរណាជាកំពូលមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិន?
Story: តាមទិន្នន័យពីសារព័ត៌មាន Forbes ដែលជាស្ថាប័នចាត់ចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកនោះ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១ ស្ថាបនិកក្រុមហ៊ុន Nongfu Spring គឺលោក Zhong Shashan ត្រូវបានគេចាត់ថ្នាក់ថា ជាកំពូលមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិសរុបដល់ទៅ ជិត ៦៤ពាន់លានដុល្លារ ដោយបានទម្លាក់លោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent ដែលធ្លាប់គ្រងតំណែងសេដ្ឋីទី១នៅចិន កាលពីឆ្នាំ២០២០នោះ ឲ្យមកនៅលេខ២វិញ។ ទោះយ៉ាងណា គេជឿជាក់ថា មិនយូរទេ លោក Pony Ma នឹងអាចដណើ្ដមបានតំណែងលេខ១នេះត្រឡប់មកវិញមិនខានឡើយ។
តើកំពូលមហាសេដ្ឋីទាំង៥របស់ចិននៅឆ្នាំ២០២១នេះ ជានរណា?
យោងតាមទិន្នន័យពីសារព័ត៌មាន Forbes គិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ កំពូលមហាសេដ្ឋីទាំង៥ របស់ចិនរួមមាន៖
១, លោក Zhong Shanshan
កំពូលមហាសេដ្ឋីរូបនេះ មានវ័យ៦៦ឆ្នាំ ហើយក៏ទើបតែគ្រោងបានតំណែងជាកំពូលមហាសេដ្ឋីមានជាងគេនៅក្នុងប្រទេសចិនផងដែរ ជាមួយទ្រព្យសម្បត្តិសរុបជិត៦៤ពាន់លានដុល្លារ។ ក្រុមហ៊ុនរបស់លោក Shanshan រកស៊ីនៅក្នុងវិស័យឱសថស្ថាន និងការផលិតគ្រឿងភេសជ្ជៈ។ បន្ទាប់ពីបោះបង់ ការសិក្សាក្នុងអំឡុងពេលមានបដិវត្តវប្បធម៌នៅចិន ជីវិតរបស់លោកបានរសាត់អណ្ដែត ដូចចកអណ្ដែតទឹក។ មុននឹងក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃ លោក ShanShan ធ្លាប់ធ្វើជាកម្មករសំណង់, អ្នកសារព័ត៌មាន, កសិករដាំផ្សិត និងជាភ្នាក់ងារលក់ឲ្យក្រុមហ៊ុនភេសជ្ជៈជាដើម។
២, លោក Pony Ma
មហាសេដ្ឋីវ័យ ៤៩ឆ្នាំរូបនេះ ជាប្រធានក្រុមប្រឹក្សា និងជានាយកប្រតិបត្តិក្រុមហ៊ុន Tencent Holdings។ លោក Pony Ma មានទ្រព្យសម្បត្តិសរុបជាង៥៩ពាន់លានដុល្លារ ដោយក្រុមហ៊ុនរបស់លោករកស៊ីនៅក្នុងវិស័យបច្ចេកវិទ្យាអ៊ីធើណែត និងប្រព័ន្ធផ្សព្វផ្សាយ។ មុននឹងក្លាយមហាសេដ្ឋី លោក Pony Ma និងអតីតមិត្តភក្ដិនៅសកលវិទ្យាល័យបាននាំគ្នាបង្កើតឡើងនូវកម្មវិធីផ្ញើសារមួយ ដែលបច្ចុប្បន្នគេស្គាល់ឈ្មោះថា WeChat។ ក្រុមហ៊ុន Tencent មកទល់ពេលនេះបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអ៊ីនធើណែតយក្សៗរបស់ពិភពលោក។ ប៉ុន្ដែ បច្ចុប្បន្នក្រុមហ៊ុននេះ ក៏ត្រូវបានរដ្ឋាភិបាលចិនរឹតត្បិតខ្លាំងណាស់ដែរ បន្ទាប់ពីក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋី Jack Ma។
៣, លោក Jack Ma
ជាស្ថាបនិកក្រុមហ៊ុនយក្សអាលីបាបា លោក Jack Ma ត្រូវបានគេស្គាល់ច្បាស់តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការនិយាយជាសាធារណៈ ពិសេសការនិយាយអំពីទស្សនៈភាពអ្នកដឹកនាំ និងការរកស៊ី។ មហាសេដ្ឋីវ័យ ៥៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុប៤៨ពាន់លានដុល្លារ ដែលក្រុមហ៊ុនរបស់លោកផ្ដោតការរកស៊ីលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមអេឡិចត្រូនិក។ បច្ចុប្បន្ន កំពូលមហាសេដ្ឋីមាត់រអិលរូបនេះ ក៏ត្រូវបានរដ្ឋាភិបាលចិនតាមរឹតត្បិតខ្លាំងណាស់ដែរ បន្ទាប់ពីកាលពីខែតុលាឆ្នាំ២០២០ លោកបាននិយាយតិះតៀនខ្លាំងៗលើការគ្រប់គ្រងរបស់រដ្ឋចិន។
៤, លោក Colin Huang
មហាសេដ្ឋីចិនរូបនេះ មានវ័យ ៤១ឆ្នាំ និងទ្រព្យសមត្តិសរុបជិត៤៣ពាន់លានដុល្លារ។ លោក Huang ថ្មីៗនេះ ក៏ទើបតែបានចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិករបស់ខ្លួនផងដែរ ដោយផ្ដោតលើការស្រាវជ្រាវផ្នែក វិទ្យាសាស្ត្រចំណីអាហារ និងជីវិត។
៥, លោក Zhang Yiming
លោកអ្នកប្រហែលជាមិនសូវបានឭពីឈ្មោះរបស់មហាសេដ្ឋីម្នាក់នេះទេ ប៉ុន្ដែ បើនិយាយដល់កម្មវិធី TikTok លោកអ្នកប្រហែលជាស្គាល់ច្បាស់ហើយ។ លោក Zhang Yiming គឺជាស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេបង្កើតកម្មវិធី TikTok។ ទើបតែមានវ័យ ៣៧ឆ្នាំប៉ុណ្ណោះ លោក Yiming មានទ្រព្យសម្បត្តិសរុប ជាង ៣៥ពាន់លានដុល្លារអាមេរិក និងជាកំពូលមហាសេដ្ឋីវ័យក្មេងជាងគេមួយរូបនៅប្រទេសចិន៕