តួយ៉ាង ស្ថាប័នជំនាញស្រាវជ្រាវ និងវ័យតម្លសេដ្ឋកិច្ចធំៗ បានធ្វើការបន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២២នេះ មកនៅត្រឹមចន្លោះពី ៣% ទៅ៤% ប៉ុណ្ណោះ ខណៈដែលការព្យាករផ្លូវការកាលពីមុនធ្លាប់រំពឹងមានកំណើន៥,៥%។ នេះបើតាមការការចេញផ្សាយមួយដោយសារព័ត៌មានជប៉ុន Nikkei។
គេនៅចាំបានថា កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិបានកាត់បន្ថយការព្យាការណ៍របស់ខ្លួនសម្រាប់សេដ្ឋកិច្ចចិនដែលធ្លាប់មានក្នុងរង្វង់៤,៤% មកនៅត្រឹម៤%វិញ។
បន្ថែមពីលើនេះ ការព្យាករណ៍របស់វិស័យឯកជនចំនួន៩ស្ថាប័នផ្សេងៗគ្នា ដែលសារព័ត៌មានជប៉ុន Nikkei ទទួលបាន ហាក់បង្ហាញពីតួលេខកាន់តែអាក្រក់ជាងមុនថែមទៀតសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ។
ក្នុងចំណោម ការព្យាកររបស់ស្ថាប័នទាំង៩ មានពីរស្ថាប័នដែលមានទស្សនវិស័យសុទិដ្ឋិនិយមជាងគេបំផុត នោះគឺការព្យាករណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Citigroup និង S&P Global។ Citigroup បានទម្លាក់កំណើនសេដ្ឋកិច្ចចិនពី ៥,១% ដែលធ្លាប់ប៉ាន់ស្មានពីមុនមកនៅត្រឹម ៤,២% ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២២។ ដោយឡែកស្ថាប័នហិរញ្ញវត្ថុ S&P Global បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចចិនពី ៤,៩% មកនៅត្រឹម ៤,២% ដូច Citigroup ដែរ។
ដោយឡែក ស្ថាប័នវាយតម្លៃ និងព្យាករសេដ្ឋកិច្ច Bloomberg Economics រំពឹងថាសេដ្ឋកិច្ចចិននឹងមានកំណើនត្រឹមតែ ២% ដែលជាការប៉ាន់ស្មាននៅក្រោមសេណារីយ៉ូមធ្យមរបស់ខ្លួន។ស្ថាប័ននេះព្រមានថា វាជារឿងល្អ ដែលការរាលដាលនៃកូវីដ១៩ក្នុងប្រទេសចិនរំពឹងថានឹងធ្លាក់ចុះនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ប៉ុន្តែការធ្លាក់ចុះរបស់សេដ្ឋកិច្ចចាប់ពីត្រីមាសទី២ទៅ ត្រូវបានគេមើលឃើញថានឹងអាចជះឥទ្ធិពលខ្លាំង។ សម្រាប់សេណារីយ៉ូអាក្រក់បំផុតរបស់ Bloomberg និងបើទោះបីអាជ្ញាធរចិនចាប់ផ្តើមដកចេញនូវវិធានការគ្មានកូវីដ១៩ក៏ដោយ ក៏កំណើនសេដ្ឋកិច្ចមានច្រើនបំផុតត្រឹម ៣,៦%ប៉ុណ្ណោះ។
ស្ថាប័នដ៏ល្បីមួយទៀតរបស់អាមេរិក Goldman Sachs បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់សេដ្ឋកិច្ចចិនដែរ ដោយមានមកនៅត្រឹម៤% ខណៈការព្យាករលើកមុនដែលមានដល់ ៤,៥%។ គួរកត់សម្គាល់ថា ស្ថាប័នដែលមានទីតាំងនៅទីក្រុងញូយ៉កមួយនេះ បានទម្លាក់កំណើនសេដ្ឋកិច្ចចិនជាបន្តបន្ទាប់ចាប់តាំងពីវិច្ឆិកាឆ្នាំ២០២១មកម្ល៉េះ ដែលកាលពីពេលនោះ Goldman Sachs ធ្លាប់បានព្យាករថាចិន នឹងកំណើនសេដ្ឋកិច្ចដល់ ៤,៨%។
សូមជម្រាបថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិនបានឱ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានកោះហៅមន្ត្រីតាមតំបន់ទាំងអស់ប្រហែល១០ម៉ឺននាក់ ឲ្យចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូមួយកាលពីថ្ងៃសប្តាហ៍មុន ដែលក្នុងនោះលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះ និងស្ថានភាពសេដ្ឋកិច្ចនៅអំឡុង និងក្រោយការរាតត្បាតកូវីដ១៩បិទបញ្ចប់។
យ៉ាងណាក៏ដោយចុះ កាលពីពេលថ្មីៗនេះ អាជ្ញាធរក្រុងសៀងហៃទើបបានដាក់ចេញផែនការសេដ្ឋកិច្ចថ្មីមួយផងដែរ បន្ទាប់ពីបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញក្រោយការបិទខ្ទប់ដែលបណ្តាលមកពីព្យុះកូវីដ១៩។ ផែនការថ្មីនេះ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចរបស់ទីក្រុងហរិញ្ញវត្ថុរបស់ចិនដ៏ធំមួយនេះឡើងវិញ ក្រោយការផ្អាកអស់ពេលជាច្រើនខែ និងបង្កផលរំខានដល់វិស័យជាច្រើនផងដែរ៕