បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក Wang Yi បានចូលរួមជាមួយសមភាគីមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម នៅក្នុងកិច្ចប្រជុំនៃក្រុមសហប្រតិបត្តិការ (Lancang-Mekong) នៅកណ្តាលទីក្រុងបាហ្កាន (Bagan) នៃប្រទេសមីយ៉ាន់ម៉ា ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតែម្តង។
គំនិតផ្តួចផ្តើម (Lancang-Mekong) នេះគឺជាកិច្ចសហប្រតិបត្តិការតំបន់មួយដឹកមុខដោយប្រទេសចិន និងបណ្តាប្រទេសនៅតាមបណ្តោយទន្លេមេគង្គ រួមមានកម្ពុជាផងដែរ ដើម្បីធានាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តែត្រូវគេមើលឃើញនៅរយៈពេលចុងក្រោយនេះថា ប្រទេសចិនបានបង្កើតគម្រោងវារីអគ្គិសនី ១០ កន្លែងនៅតាមបណ្តោយដងទន្លេមេគង្គ ដែលបានធ្វើឲ្យមានប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធលំហូរទឹក និងប្រព័ន្ធអេកូឡូស៊ីផងដែរ។
ក្នុងនោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ហ្សរ មីន តុន (Zaw Min Tun) បានប្រាប់សន្និសីទសារព័ត៌មានក្នុងរដ្ឋធានីណៃពីដោរ (Naypyitaw) ថា ការធ្វើដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននៅក្នុងកិច្ចប្រជុំនេះ គឺជាការទទួលស្គាល់អធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា ព្រមទាំងរដ្ឋាភិបាលរបបយោធារបស់ខ្លួនផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋមន្ត្រីចិន លោកវ៉ាង យី ក៏នឹងចុះអនុស្សរណៈនៃការយោគយល់ និងកិច្ចសន្យាផ្សេងទៀតថែមទៀតផង។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា និងជាសម្ព័ន្ធមិត្តចាស់មួយផងដែរ។ ហើយទីក្រុងប៉េកាំងបានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងឧស្សាហកម្មរ៉ែ បំពង់បង្ហូរប្រេង និងឧស្ម័នរបស់ប្រទេសមីយ៉ាន់ម៉ា បូករួម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់របស់មីយ៉ាន់ម៉ាផងដែរ។
កន្លងមក ទីក្រុងប៉េកាំងមិនបានធ្វើការថ្កោលទោសរដ្ឋប្រហារនោះទេ ដោយបានអះអាងថា៖ «ខ្លួនបានអនុវត្តទៅតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ»។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបយោធា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការប្រារព្ធធ្វើឡើងកិច្ចប្រជុំ (Lancang-Mekong) នៅក្នុងទីក្រុងបាហ្កានជាមួយរបបយោធានេះ គឺជាការបំពានដល់ឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាទាំងស្រុង ព្រមធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង ក៏ដូចជាដើរផ្ទុយពីផែនការសន្តិភាពរបស់អាស៊ានផងដែរ។
យ៉ាងណាក៏ដោយ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបាននិយាយថា លោក វ៉ាង យី ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាផងដែរ។
គួរជម្រាបថា បន្ទាប់ដំណើរទស្សនៈកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា លោកវ៉ាង យី មន្ត្រីការទូតចិនកំពូលរូបនេះ ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ហ្វីលីពីន និងម៉ាឡេស៊ី មុននឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសរីកចម្រើនទាំង២០ ឬហៅថា G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីចុងសប្ដាហ៍នេះ៕