អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ នៅអំឡុងពេលដែលមានវិបត្តិមេរោគរាតត្បាតនេះ គេសង្កេតឃើញថា ទ្រព្យសម្បត្តិរបស់លោក Masayoshi នៅឆ្នាំ២០២១ បានកើនឡើងជាក់ពាក់កណ្ដាល មកដល់ជាង ៤៥ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០មានតែជាង១៦ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមតួលេខពីគេហទំព័រ Forbes។ ការកើនឡើងនូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកំពូលមហាសេដ្ឋីវ័យ៦៣ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា ដោយសារតែក្រុមហ៊ុនរបស់លោក មានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យា ដែលវិស័យនេះ មានកំណើនយ៉ាងខ្លាំងនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ នាពេលថ្មីៗនេះដែរ តាមការរាយការណ៍របស់សារព័ត៌មានអន្តរជាតិធំៗបានឲ្យដឹងថា ក្រុមហ៊ុនយក្ស SoftBank ដែលមានមូលនិធិវិនិយោគរាប់រយពាន់លានដុល្លារនោះ ក៏កំពុងតែបន្ថែមការវិនិយោគបន្ថែមលើក្រុមហ៊ុនទាក់ទងនឹងការផលិតឱសថ និងក្រុមហ៊ុនដឹកជញ្ជូនអាហារផងដែរ។
តើលោក Masayoshi ជានរណា?
នៅឆ្នាំ២០២១នេះ លោក Masayoshi ត្រូវបានទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់ ជាកំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក្នុងពិភពលោកលំដាប់លេខរៀងទី២៩ ខណៈដែលកាលពីឆ្នាំ២០២០ ឈ្មោះរបស់លោកគឺឈរនៅលេខរៀងទី ៥៦ឯណោះ។ លោកក៏ត្រូវបានចាត់ចំណាត់ថ្នាក់ជាកំពូលមហាសេដ្ឋីលេខ១ នៅក្នុងប្រទេសជប៉ុនផងដែរនៅឆ្នាំ២០២១នេះ។
ក្រុមហ៊ុន SoftBank Group ដែលមានលោក Masayoshi ជាស្ថាបនិក និងជានាយកប្រតិបត្តិផ្ទាល់នោះ ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនមួយដែលរកស៊ីនៅក្នុងវិស័យទូរគមនាគមន៍ និងការវិនិយោគយក្សៗ។ ក្រុមហ៊ុនដែលបានបណ្ដាក់ទុននៅក្នុងមូលនិធិវិនិយោគ Vision Fund របស់មហាសេដ្ឋីជប៉ុនរូបនេះ រួមមាន ដូចជា Apple, Qualcomm, Foxconn និងមូលនិធិអធិបតេយ្យភាពរបស់អារ៉ាប់ប៊ីសាអូឌីតជាដើម។ ក្រោយពីបានការបណ្ដាក់ទុនពីក្រុមហ៊ុនយក្សៗទាំងនោះ លោក Masayoshi បានយកប្រាក់មូលនិធិទាំងនោះ ដើម្បីវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗទៀត ដោយមកទល់ពេលនេះ មានក្រុមហ៊ុនធំៗជាង ១០០ក្រុមហ៊ុនហើយ ដែលទទួលបានការវិនិយោគពីមូលនិធិស្ថិតក្រោមការគ្រប់គ្រងរបស់ SoftBank។
សូមបញ្ជាក់ថា មិនមែនមានតែលោក Masayoshi ម្នាក់នោះទេ ដែលមានទ្រព្យសម្បត្តិកើនឡើងនៅអំឡុងពេលកូវីដ-១៩រាតត្បាតនេះ គឺសង្កេតឃើញថា តាមតួលេខពីទស្សនាវដ្ដី Forbes កំពូលមហាសេដ្ឋីជប៉ុនទាំង៥០រូប ក៏មានការកើនឡើងទ្រព្យសម្បត្តិសរុបជិត៥០%ដែរ ដោយបូកសរុបទ្រព្យសម្បត្តិរបស់ពួកគេមានដល់ទៅប្រមាណ ២៥០ពាន់លានដុល្លារអាមេរិក៕