វិនិយោគ​នៅ​កម្ពុជា

ប្រទេស​១០ បាន​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ តើ​ជា​នរណា​ខ្លះ?


បើ​និយាយ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ហាក់​បី​ដូចជា​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ដដែល។ សញ្ញា​ល្អ​ដោយសារ​តែ​លំហូរ​ទុន​វិនិយោគ​មក​ពី​បរទេស មក​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ​ជាមួយ​នឹង​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។
សំណង់​អគារ​ដែល​វិនិយោគ​ដោយ​ចិន នៅ​ខេត្ត​ព្រះ​សីហនុ។ ឆ្នាំ​២០១៧ ចិន​ជា​ប្រទេស​នាំ​មុខ​គេ​ដែល​វិនិយោគ​ច្រើន​បំផុត​នៅ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា នៅ​រយៈពេល​ពេញ​មួយ​ឆ្នាំ ឆ្នាំ​២០១៧ មាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​ប្រមាណ​ជាង ៥​ពាន់ ២០០លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើន​ឡើង​ប្រមាណ​ជាង ៤៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦ ដែល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស មាន​ទឹក​​ប្រាក់​ចំនួន​ជាង ៣ពាន់ ៦​លាន​ដុល្លារអាមេរិក​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​មួយ ដែល​សារព័ត៌មាន ខេមបូណូមីស ទទួល​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់​ថា ស៊ី ឌី ស៊ី កាល​ពី​ថ្ងៃទី​១០ មករា ២០១៨​នេះ។

ប្រទេស​ចិន​នៅ​តែ​ដណ្តើម​តំណែង​លេខ​១ ក្នុង​ទឹក​ប្រាក់​ជាង ១​ពាន់​៤០០​លាន​ដុល្លារ

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​នោះ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៧ ដែល​ទើបតែ​បិទ​បញ្ចប់​ទៅ​ថ្មីៗ​នេះ បាន​បង្ហាញ​​ថា ក្នុង​ចំណោម​ប្រទេស​និង​តំបន់​ស្វយ័ត​ពិសេស​ទាំង​១០ ដែល​បាន​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ គឺ​ប្រទេស​ចិន។

ចិន​​នៅ​តែ​​ដណ្តើម​តំណែង​លេខ​១ ដែល​បាន​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​តម្លៃ​ទឹក​ប្រាក់​វិនិយោគ​ជាង ១ពាន់ ៤០០​លាន​ដុល្លារ​អាមេរិក។ 

អគារ​ភ្លោះ The Bridge កម្ពស់ ៤៥ជាន់ ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​សិង្ហ​បុរី។ ឆ្នាំ​២០១៧ សិង្ហ​បុរី​ជា​វិនិយោគិន​បរទេស​ឈរ​លេខ​រៀង​ទី២ បន្ទាប់ពី​ចិន នៅ​កម្ពុជា។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​និង​តំបន់​ស្វយ័ត​ពិសេស​ទាំង​១០ ដែល​បាន​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧៖

  1. ប្រទេស​ចិន  បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ១៤៣១​លាន​ដុល្លារ​អាមេរិក 
  2. ប្រទេស​សិង្ហ​បុរី  បោះ​ទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង ២៥២​លាន​ដុល្លារ​អាមេរិក 
  3. ប្រទេស​កូរ៉េ​ខាង​ត្បូង បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ១៤៩​លាន​ដុល្លារ​អាមេរិក
  4. ហុង​កុង បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ៨៥​លាន​ដុល្លារ​អាមេរិក 
  5. ប្រទេស​វៀតណាម បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ៥១​លាន​ដុល្លារ​អាមេរិក
  6. ប្រទេស​អង់គ្លេស បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ៤៨​លាន​ដុល្លារ​អាមេរិក
  7. ចិន​តៃវ៉ាន់ បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ២៣​លាន​ដុល្លារ​អាមេរិក
  8. ប្រទេស​ថៃ បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ១៥​លាន​ដុល្លារ​អាមេរិក
  9. ប្រទេស​ម៉ាឡេស៊ី បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ១៣​លាន​ដុល្លារ​អាមេរិក
  10. ប្រទេស​ឥណ្ឌា បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង ៤,៥​លាន​ដុល្លារ​អាមេរិក

នៅ​ក្នុង​ឆ្នាំ​២០១៧ ប្រទេស​និង​តំបន់​ទាំង​អស់​នេះ ភាគ​ច្រើន ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ផ្តល់​ភ្លើង​ខៀវ វិនិយោគ​នៅ​ក្នុង​វិស័យ ៤​សំខាន់ៗ មាន​ដូចជា វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម វិស័យ​សេវាកម្ម និង​វិស័យ​ទេសចរណ៍។ 

ប្រទេស​ម្ចាស់​ស្រុក​កម្ពុជា​នៅ​តែ​ដឹកមុខ​ក្នុង​ការ​វិនិយោគ​និង​អភិវឌ្ឍ

បើ​​និយាយ​ដោយឡែក នៅ​ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​ ឆ្នាំ​២០១៧ ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ប្រទេស​ម្ចាស់​ស្រុក​យើង កម្ពុជា​ផ្ទាល់ មាន​ទឹក​ប្រាក់​វិនិយោគ​កើន​ឡើង​យ៉ាង​គំហុក​តែ​ម្តង គឺ​មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជាង ៣​ពាន់ ១២៤​លាន​ដុល្លារ​អាមេរិក ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ មាន​ទឹក​ប្រាក់​វិនិយោគ​ត្រឹម​តែ ៩៤១​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ 

និយាយ​រួម ការ​វិនិយោគ​ផ្ទាល់​នៅ​ក្នុង​ស្រុក​ខ្មែរ តែងតែ​ច្រើន​ជាង​គេ ដឹក​មុខ​គេ​ជានិច្ច បើ​ធៀប​នឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស។

តើ​មូល​ហេតុ​សំខាន់ៗ​អ្វី​ខ្លះ​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​កើន​ឡើង​នូវ​ចំនួន​វិនិយោគិន​បរទេស ក៏ដូចជា​ទឹក​ប្រាក់​វិនិយោគ​សន្ធឹក​សន្ធាប់​មក​កាន់​កម្ពុជា​យ៉ាង​ដូច្នេះ?

ជុំវិញ​​សំណួរ​នេះ ត្រូវ​បាន​វិនិយោគិន​ដ៏​ល្បី​ក្នុង​ស្រុក​រូប គឺ​លោក​ឧកញ៉ា សៀ ឫទី្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប បាន​លើក​ឡើង​ថា កម្ពុជា​ជា​តារា ជា​ប្រទេស​ដែល​កំពុង​តែ​រះ​នៅ​ក្នុង​តំបន់ និង​ជា​គោលដៅ​ដ៏​ល្អ​សម្រាប់​វិនិយោគ។ ហើយ​ជា​ប្រទេស​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​បណ្តា​ប្រទេស​អាស៊ាន ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ល្អ ធនធាន​មនុស្ស​កម្លាំង​វ័យក្មេង​ច្រើន។

ទាំង​អស់​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ទាំង​វិនិយោគិន​ក្នុង​ស្រុក​និង​បរទេស​នៅ​តែ​មាន​ទំនុក​ចិត្ត​បោះទុន​រាប់​រយ​លាន​ដុល្លារ​អាមេរិក ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។

បើតាម​ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​អះអាង​ថា កម្ពុជា​មិន​ត្រូវ​អង្គុយ​រង់ចាំ​អ្នក​វិនិយោគ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​នោះ​ទេ យើង​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​លក់​ពី​ផលិតផល ពី​គម្រោង​ដែល​កម្ពុជា​យើង​មាន។ យើង​ត្រូវ​ចេញ​លក់ ដើរ​គោះ​ទ្វារ​ស្វែងរក​អ្នក​វិនិយោគ​ឲ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​យើង។ 

ឯកឧត្តម​បាន​បញ្ជាក់​ថា ភាព​អំណោយ​ផល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស គឺ​បាន​មក​ពី​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ល្អ។

ដោយឡែក​លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី ភី អិល ដែល​ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ទោះបី​ជា​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា ទទួល​បាន​នូវ​ភាព​ល្អ​ប្រសើរ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​សម្រាប់​ការ​កែលម្អ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​​ថែម​​ទៀត ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​ជំនាញ​ថា កម្ពុជា​នៅ​មាន​ចំណុច​ខ្សោយ​ច្រើន​ដែល​ត្រូវ​ពង្រឹង

អ្នក​ជំនាញ​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ មាន​ដូចជា បញ្ហា​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​សម្រាប់​អ្នក​វិនិយោគ​កម្រិត​ធុន​ធ្ងន់ (ដែល​ទាមទារ​ឲ្យ​មាន​អគ្គិសនី​មាន​គុណភាព) ហើយ​តម្លៃ​ក៏​នៅ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង នីតិ​វិធី​រដ្ឋបាល​ផ្សេងៗ មាន​ភាព​ស្មុគ​ស្មាញ និង​ជួនកាល ប្រើ​ពេល​វេលា​យូរ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន ឡូជីកស្ទិក នៅ​មាន​ភាព​ខ្វះ​ខាត។ 

អ្នក​ជំនាញ​សេដ្ឋកិច្ច ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ការ​ហូរចូល​នៃ​ការ​វិនិយោគ​ពី​ប្រទេស​ចិន ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា បាន​និង​កំពុង​មាន​ការ​វិវឌ្ឍ​ខ្លួន​ស្ទើរ​តែ​គ្រប់​វិស័យ ហើយ​បើ​និយាយ​តាម​ទ្រឹស្ដី​សេដ្ឋកិច្ច​វិញ កំណើន​វិនិយោគ​ដ៏​លឿន​រហ័ស​នេះ គឺ​បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា ក្នុង​ក្រសែ​ភ្នែក​វិនិយោគិន​បរទេស។ 

ទោះ​យ៉ាង​ណា ឯកឧត្តម​គូស​បញ្ជាក់​ថា ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស ពិសេស​ពី​ប្រទេស​ចិន​នេះ ក៏​បាន​ធ្វើ​ឲ្យ​អារម្មរណ៍​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ និង​មន្ទិល​ក្នុង​ចិត្ត​ខ្លះៗ​ផង​ដែរ។

ដូច្នេះ លោក​ថា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​មន្ទិល ឬ​ព្រួយ​បារម្ភ​ចំពោះ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​នេះ រាជ​រដ្ឋាភិបាល​គួរតែ​មាន​យន្ដការ​សម​ស្រប​ណា​មួយ ដើម្បី​គ្រប់គ្រង​លំហូរ​វិនិយោគ​ពី​ក្រៅ​ប្រទេស​នេះ ហើយ​វិនិយោគិន​បរទេស​ទាំង​នោះ​ទៀត​សោត ក៏​ត្រូវតែ​មាន​ឆន្ទៈ​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ ចំពោះ​ព័ត៌មាន​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ដើម្បី​បញ្ជៀស​នូវ​ការ​មន្ទិល​សង្ស័យ​ពី​សាធារណជន៕

None



អត្ថបទបន្ទាប់


ផ្លូវជាតិលេខ៥ នឹងដំណើរសាងសង់ ដោយចាយ ២៤៦,៣៥ លានដុល្លារអាមេរិក

រដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ចំនួន ២៤៦,៣៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បី សាងសង់ផ្លូវជាតិលេខ៥ ដែលមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ចាប…

ពាក់កណ្តាលឆ្នាំ២០១៨ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​នឹង​បើក​ទ្វារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា

កន្លងមក មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជាមួយចំនួន និង ប្រជាជនកម្ពុជា ដែលមានជីវភាពកម្រិតខ្ពស់ តែងតែធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ