 
      នេះបើយោងតាមរបាយការណ៍ជាផ្លូវការដែលសារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ។
ប្រទេសនិងតំបន់ស្វយ័តពិសេសទាំង១០ ដែលបានបោះទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេលឆមាសទី១ឆ្នាំនេះ មានដូចជា ចិន សិង្ហបុរី ចក្រភពអង់គ្លេស ចិនហុងកុង កូរ៉េខាងត្បូង ថៃ ចិនតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា និងម៉ាកាវ។ ហើយនៅក្នុងរយៈពេលដូចគ្នានេះដែរ របាយការណ៍ CDC បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ភ្លើងខៀវវិនិយោគនៅក្នុងវិស័យ ៤សំខាន់ៗ មានដូចជា វិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍។
រយៈពេល៦ខែឆ្នាំ២០១៧នេះ មានការវិនិយោគនៅក្នុងវិស័យសេវាកម្មខ្លាំងជាងគេ ដែលមានទឹកប្រាក់វិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក វិនិយោគក្នុងវិស័យទេសចរណ៍មានទឹកប្រាក់ប្រមាណជាង ៦៤៧លានដុល្លារអាមេរិក វិនិយោគក្នុងវិស័យឧស្សាហកម្ម មានទឹកប្រាក់ចំនួនជាង ៣២៥លានដុល្លារ និងវិនិយោគក្នុងវិស័យកសិកម្ម មានទឹកប្រាក់ចំនួនជាង ៦៨លានដុល្លារអាមេរិក។
 
      ក្នុងនោះប្រទេសដែលបានវិនិយោគច្រើនជាងគេ នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០១៧នេះ គឺប្រទេសចិន។ ចិននៅតែដណ្តើមតំណែងលេខ១ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលមានទឹកប្រាក់វិនិយោគចំនួនជាង ១ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទឹកប្រាក់តែជាង ៤៨០លានដុល្លារអាមេរិក។
ប្រទេសដែលឈរនៅលំដាប់ថ្នាក់ទី២ ដែលវិនិយោគច្រើននៅកម្ពុជាគឺប្រទេសសិង្ហបុរី ដែលមានទឹកប្រាក់ប្រមាណជាង ២៤៨លានដុល្លារអាមេរិក ទី៣ ហុងកុង មានទឹកប្រាក់វិនិយោគជាង ៣៤លានដុល្លារ ទី៤ កូរ៉េខាងត្បូង មានទឹកប្រាក់វិនិយោគជាង ២២លានដុល្លារ និងទី៥ ថៃ មានទឹកប្រាក់វិនិយោគជាង ១៥លានដុល្លារអាមេរិក។
ដោយឡែកនៅក្នុងរយៈពេល៦ខែឆ្នាំ២០១៧នេះផងដែរ ការវិនិយោគដោយផ្ទាល់នៅក្នុងស្រុកប្រទេសកម្ពុជា មានទឹកប្រាក់ប្រមាណជាង ៣១១លានដុល្លារអាមេរិក។ និយាយរួម ការវិនិយោគផ្ទាល់នៅក្នុងស្រុកខ្មែរ តែងតែច្រើនជាងគេ ដឹកមុខគេជានិច្ច បើធៀបនឹងការវិនិយោគផ្ទាល់ពីបរទេស ប៉ុន្តែ ទើបតែឆ្នាំ២០១៧នេះទេ ដែលវិនិយោគមកពីក្រៅប្រទេស ដែលមានមហាអំណាចសេដ្ឋកិច្ចទី២ នៅលើពិភពលោក បានវ៉ាដាច់ទាំងវិនិយោគក្នុងស្រុកទៅទៀត។
នេះសបញ្ជាក់ឲ្យឃើញថា ទាំងវិនិយោគិនក្នុងស្រុកនិងបរទេសនៅតែមានទំនុកចិត្តបោះទុនរាប់រយលានដុល្លារអាមេរិក ធ្វើការវិនិយោគនៅកម្ពុជា។
យ៉ាងណាក៏ដោយចុះ អ្វីខ្លះជាឧបសគ្គរាំងស្ទះដល់ការវិនិយោគពីបរទេស ?
ទោះបីជាទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ទទួលបាននូវភាពល្អប្រសើរយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញបានអះអាងថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងជាបន្តសម្រាប់ការកែលម្អបរិយាកាសវិនិយោគឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា កម្ពុជានៅមានចំណុចខ្សោយមួយចំនួនដែលត្រូវដោះស្រាយបន្ទាន់ មានដូចជា បញ្ហាការផ្គត់ផ្គង់អគ្គិសនីនៅមិនទាន់បានគ្រប់គ្រាន់ ហើយតម្លៃក៏នៅខ្ពស់ បើធៀបនឹងប្រទេសជិតខាង នីតិវិធីរដ្ឋបាលផ្សេងៗ មានភាពស្មុគស្មាញ និងជួនកាល ប្រើពេលវេលាយូរ និងបញ្ហាប្រព័ន្ធដឹកជញ្ជូន logistics។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់ប្រាប់សារព័ត៌មានថា លោកទទួលស្គាល់ថា កម្ពុជានៅមានរបាំងរាំងស្ទះខ្លះដល់អ្នកវិនិយោគក្រៅប្រទេស ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដែលទាមទារឲ្យមានការអភិវឌ្ឍឲ្យបានល្អប្រសើរលើបញ្ហានេះ។
អ្វីជាដំណោះស្រាយក្នុងការទាក់ទាញវិនិយោគបរទេសមកកម្ពុជា?
ដើម្បីបង្កើតការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេសឲ្យកាន់តែច្រើន កម្ពុជាត្រូវតែធ្វើការកំណែទម្រង់ផ្នែករដ្ឋបាលសាធារណៈ អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ នោះវិនិយោគបរទេសនឹងងាយស្រួលធ្វើការជាមួយកម្ពុជាណាស់។ ដំណោះស្រាយទៅលើបញ្ហានេះដែរ កម្ពុជាមានតម្រូវការថវិកាហិរញ្ញប្បទានបន្ថែមចន្លោះពី ១២ពាន់លានដុល្លារ ទៅ ១៣ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិនៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។
វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន អគ្គិសនី កម្លាំងពលកម្មជំនាញវិជ្ជាជីវៈ និងតំបន់សេដ្ឋកិច្ចពិសេស គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍជាអាទិភាព។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យសេដ្ឋកិច្ចជាតិខ្លាំងក្លានេះដែរ ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន សម្រាប់គ្រប់គ្រងវិនិយោគសាធារណៈ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ផងដែរ។
បើតាមលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អះអាងថា កម្ពុជាមិនត្រូវអង្គុយរង់ចាំអ្នកវិនិយោគចូលមកបណ្តាក់ទុននៅកម្ពុជានោះទេ យើងត្រូវតែធ្វើការផ្សព្វផ្សាយលក់ពីផលិតផល ពីគម្រោងដែលកម្ពុជាយើងមាន។ យើងត្រូវចេញលក់ ដើរគោះទ្វារស្វែងរកអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅប្រទេសកម្ពុជាយើង៕
 
              
              
             
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              