សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បាននិយាយថាលោក ដានីញ៉េល គ្រីធេនប្រ៊ីង (Daniel Kritenbrink) ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា នឹងធ្វើទស្សនកិច្ចក្នុងប្រទេសអាស៊ានទាំង៤ ចាប់ពីថ្ងៃសៅរ៍ទី២៧វិច្ឆិកា រហូតដល់ថ្ងៃទី០៤ខែធ្នូខាងមុខនេះ។
សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា ទស្សនកិច្ចនេះ នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងក្នុងតំបន់ ព្រមទាំងបានសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ សណ្តាប់ធ្នាប់ដែលមានមូលដ្ឋានឈរលើច្បាប់អន្តរជាតិ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការលើកឡើងបែបនេះ ស្របពេលដែលចិន និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹង ក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រកោះតៃវ៉ាន់ ដែលចិនបានហៅសកម្មភាពរបស់អាមេរិកថា ជាការគម្រាមកំហែងសន្តិសុខតំបន់ ប៉ុន្តែអាមេរិកថា ខ្លួនធ្វើតាមទម្លាប់និងស្របតាមច្បាប់នាវាចរអន្តរជាតិ។
ក្នុងទស្សនកិច្ច លោក ដានីញ៉េល គ្រីធេនប្រ៊ីង (Daniel Kritenbrink) នឹងពិភាក្សាអំពី បញ្ហាប្រឈមស្តីពីសិទ្ធិមនុស្ស ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងពិភាក្សាអំពីវិធីដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់អំពើហិង្សា និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ទៅក្នុងប្រទេសដោយគ្មានការរារាំង។
គួរកត់សម្គាល់ថា ទស្សនកិច្ចលើកនេះពីភាគីអាមេរិក ស្តែងចេញពីការបង្កើនការយកចិត្តទុកដាក់លើអាស៊ាន បន្ទាប់ពីការសន្យារបស់ប្រធានាធិបតីចូ បៃឌិន ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងខែតុលា។ យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ នឹងមិនធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលមានតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ នោះទេ៕