ចិនចង់ឲ្យប្រាក់ដុល្លារចុះខ្សោយ

សេដ្ឋវិទូជាន់ខ្ពស់អាមេរិកអះអាងថា ចិនចង់ឲ្យប្រាក់ដុល្លារ ដែលជារូបិយបណ្ណបម្រុងអន្តរជាតិចុះខ្សោយ


សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានអាមេរិក បានអះអាងថា ចិនចង់ឲ្យប្រាក់ដុល្លារដែលជារូបិយវត្ថុបម្រុងអន្តរជាតិចុះខ្សោយ ហើយថា សហរដ្ឋអាមេរិកត្រូវតែការពារតម្លៃនៃប្រាក់ដុល្លារ។ សេដ្ឋវិទូរូបនេះបាននិយាយថា ការដំឡើងកម្រិតបំណុលអតិបរមានឹងជួយរក្សាឋានៈជារូបិយវត្ថុបម្រុងរបស់ប្រាក់ដុល្លារ និងជួយការពារតម្លៃរបស់វា ខណៈដែលសហរដ្ឋអាមេរិកប្រឈមមុខនឹងការដំឡើងកម្រិតបំណុលអតិបរមាដល់ទំហំ ៣១,៤ ទ្រីលានដុល្លារ។
សេដ្ឋវិទូជាន់ខ្ពស់អាមេរិកអះអាងថា ចិនចង់ឲ្យដុល្លារចុះខ្សោយ

លោក ជេរ៉េត បេនស្តេន (Jared Bernstein) សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន និង ត្រូវបានស្នើឱ្យធ្វើជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បានថ្លែងប្រាប់គណៈកម្មាធិការធនាគារព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារថា មាន"ភ័ស្តុតាងខ្លះ" ដែលថាចិនចង់ឱ្យប្រាក់ដុល្លារធ្លាក់ចុះ។ នៅក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យសភាសហរដ្ឋអាមេរិកដំឡើងកម្រិតបំណុលអតិបរមារបស់ប្រទេសនេះ ដើម្បីការពារតម្លៃប្រាក់ដុល្លារ។

សេដ្ឋវិទូអាមេរិករូបនេះបានបន្តថា ការត្រួតត្រាដោយសហរដ្ឋអាមេរិកលើរូបិយវត្ថុបម្រុងរបស់ពិភពលោក បានផ្តល់អត្ថប្រយោជន៍មួយចំនួន រួមទាំងសមត្ថភាពដាក់ទណ្ឌកម្ម ដូចដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើចំពោះប្រទេសរុស្ស៊ីទាក់ទងនឹងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែនអ៊ីចឹងដែរ។

នៅពេលគេសួរអំពីអត្ថបទដែលគាត់បានបោះពុម្ភផ្សាយនៅក្នុងកាសែត New York Times ក្នុងឆ្នាំ 2014 ដែលមានចំណងជើងថា "ទម្លាក់រាជដុល្លារ ឬ Dethrone King Dollar" និង នៅពេលដែលគេសួរថា តើសហរដ្ឋអាមេរិកនឹងបានល្អប្រសើរទេ ប្រសិនបើបាត់បង់ឋានៈជាអ្នកត្រួតត្រារូបិយវត្ថុបម្រុងអន្តរជាតិនោះ, លោក បេនស្តេន បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា "ពិតជាមិនអ៊ីចឹងទេ" ។

សេដ្ឋវិទូ លោកបេនស្តេន ដែលបានសរសេរអត្ថបទខាងលើអំឡុងពេលបម្រើការជាបុគ្គលិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលអាទិភាពថវិកានិងគោលនយោបាយ បាននិយាយថា អត្ថបទរបស់លោក មានគោលបំណងបង្ហាញទាំង "អត្ថប្រយោជន៍ដ៏រឹងមាំ" នៃការមានរូបិយវត្ថុបម្រុងរបស់ពិភពលោក ប៉ុន្តែក៏ចង់បង្ហាញអំពីតម្លៃដែលត្រូវចំណាយ រួមទាំងសមត្ថភាពរបស់ប្រទេសចិន និង ប្រទេសដទៃៗទៀត ក្នុងការចាត់ចែងរូបិយវត្ថុរបស់ពួកគេ ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មផងដែរ។

លោក បេនស្តេន បាននិយាយថា ការដំឡើងកម្រិតបំណុលអតិបរមានឹងជួយរក្សាឋានៈជារូបិយវត្ថុបម្រុងរបស់ប្រាក់ដុល្លារ និងជួយការពារតម្លៃរបស់វា។

សេដ្ឋវិទូអាមេរិកដដែលរូបនេះ បានប្រើការសន្ទនានោះ ដើម្បីគូសបញ្ជាក់អំពីការព្រួយបារម្ភរបស់រដ្ឋបាលលោក ចូ បៃឌិន ចំពោះមុខកាលបរិច្ឆេទជិតផុតកំណត់នៅខែមិថុនាខាងមុខ សម្រាប់ឱ្យសភាសម្រេចថា ត្រូវដំឡើងកម្រិតបំណុលអតិបរមា ឬត្រូវប្រឈមមុខនឹងហានិភ័យអលទ្ធភាពសងបំណុល។ លោកក៏បានប្រើឱកាសសួរដេញដោលនោះ ដើម្បីគូសបញ្ជាក់អំពីការប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋក្នុងគោលបំណងបង្កើនឥទ្ធិពលលើការអនុម័តឱ្យកាត់បន្ថយថវិកាចំណាយ។

ពាក់ព័ន្ធនឹងបញ្ហាពិដាននៃបំណុលសាធារណៈរបស់សហរដ្ឋអាមេរិក អ្នកវិភាគនានាបាននិយាយកាលពីថ្ងៃអង្គារថា ពេលវេលាកំណត់របស់រដ្ឋាភិបាលក្នុងការបង្កើនកម្រិតបំណុលអតិបរមាឱ្យឡើងដល់ទំហំ ៣១,៤ ទ្រីលានដុល្លារ អាចលឿនជាងការរំពឹងទុក។ ការណ៍នេះនាំឲ្យមានការរំពឹងទុកថានឹងមានការពន្យារពេលសម្រាប់បំណុលរយៈពេលខ្លី៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនមួយចំនួនបានជំរុញឱ្យអាមេរិកស្វែងរកដៃគូ ដើម្បីទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន

សមាជិកសភា ក្រុមហ៊ុនឧស្សាហកម្ម និង អ្នកជំនាញអាមេរិក កំពុងជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសផ្សេងៗទៀត ក្នុងការបង្កើនការរឹត…

អតីតមន្ត្រីអាមេរិកនិយាយថា មានឱកាសជាង ៥០% ដែលចិននឹងឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេល ១០ ឆ្នាំ

អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើបញ្ហាភាគច្រើនទាក់ទងនឹងប្រទេសចិន បាននិយាយថា លទ្ធភាពដែលថាប្រទេសចិននឹងឈ្លានពានតៃវ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ