វិស័យទេសចរណ៍

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២៦ម៉ឺននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកែប


មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកែប បានគូសបញ្ជាក់ថា ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២៦ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធិបុណ្យសមុទ្រជុំទី១០ លើកទី៣ ក្រោមប្រធានបទ«ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលទើបបិទបញ្ចប់ដោយភាពជោគជ័យកាលពីពេលថ្មីៗ។ ពិធីបុណ្យសមុទ្រត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏សំខាន់មួយក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលនៃផលិតផល និងតំបន់ទេសចរណ៍របស់ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា ក៏ដូចជាសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វិស័យទេសចរណ៍
ដោយ

យ៉ាងណាមិញប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង និងជាមាសបៃតង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រ ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ បានស្រូបទាញភ្ញៀវទេសចរសរុបជាង២៦ម៉ឹននាក់ ឱ្យចូលរួមដើរលេងកម្សាន្ត ក្នុងនោះភ្ញៀវទេសចរបរទេស មានជិត២ពាន់នាក់។

បើតាមអ្នកនាំពាក្យរូបនេះ ពិធីបុណ្យសមុទ្រឆ្នាំនេះ មិនត្រឹមតែជួយផ្តល់ប្រាក់ចំណូលដោយផ្ទាល់ដល់ស្តង់ពាណិជ្ជកម្មជាង៥០០ស្តង់ប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់ប្រាក់ចំណូលដោយប្រយោលដល់ពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តកែបផងដែរ។ ទន្ទឹមនឹងជួយផ្តល់ប្រាក់ចំណូល មន្ត្រីជាន់ខ្ពស់រូបនេះបានចាត់ទុកពិធិបុណ្យសមុទ្រ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីវិស័យ និងតំបន់ទេសចរណ៍សក្តានុពលរបស់ខេត្តកែបទៅកាន់ពិភពលោក ហើយលោករំពឹងថា តាមរយៈព្រឹត្តិការណ៍រៀបចំឡើងប្រចាំឆ្នាំមួយនេះនឹងជួយឱ្យខេត្តជាប់មាត់សមុទ្រមួយនេះទទួលបានអ្នកទេសចរកាន់តែច្រើននាពេលខាងមុខ។

នាពិធីបិទបុណ្យសមុទ្រកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពនិងជាមាសបៃតង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតីកត់សម្គាល់ឃើញថា តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ដូចជាការបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា វាបានជួយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ ជួយបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន, ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ជាពិសេសវាបានចួលរួមចំណែកជួយដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជាដាក់គោលដៅប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់​។

ទន្ទឹមនឹងនេះសម្តេចធិបតីបានអះអាងថា រាជរដ្ឋាភិបាលបានកំណត់ការរៀបចំពិធីបុណ្យសមុទ្រមិនត្រឹមតែរួមចំណែកជួយដល់ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែមានការគិតគូរវែងឆ្ងាយទៅដល់អនាគត ជាមួយការកំណត់ផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានហ្មត់ចត់។

គូសបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ រួមមាន ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Gemdale បង្កើនការលក់ទ្រព្យសកម្ម ដើម្បីសងបំណុល ខណៈតុលាការហុងកុងពន្យារពេលសវនាការលើ Evergrande

ក្រុមហ៊ុនអចលនទ្រព្យចិន Gemdale កំពុងបង្កើនការប្រឹងប្រែងលក់ទ្រព្យសកម្មរបស់ខ្លួននៅចំពោះមុខបំណុល ដែលជិតដល់ពេលកំណត់ចំនួន១០ពាន់លានយន់ ប្រហែល…

ទីផ្សារប្រាក់ដុល្លារចាប់ផ្ដើមរង្គោះរង្គើ ខណៈទស្សនវិស័យអត្រាការប្រាក់នៅអាម៉េរិកមិនមានភាពច្បាស់លាស់

ទីផ្សារប្រាក់ដុល្លារបានចាប់ផ្តើមសប្តាហ៍ដ៏រង្គោះរង្គើមួយនៅថ្ងៃចន្ទនេះ ខណៈដែលអ្នកចូលរួមទីផ្សារប្រាក់ដុល្លារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុន្ទរកថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ