វិស័យទេសចរណ៍នៅជួបបញ្ហាប្រឈម

អ្នកជំនាញ៖ វិស័យទេសចរណ៍នៅតែជួបបញ្ហាប្រឈមមួយចំនួន ទោះភ្ញៀវទេសចរមានកំណើនខ្លាំងក៏ដោយ


ទោះបីសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពច្បាស់លាស់ និងបានជះឥទ្ធិពលមួយចំនួនដល់វិស័យទេសចរណ៍ពិភពលោករួមទាំងកម្ពុជាក្តី ក៏ប៉ុន្តែបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅ៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់កើនឡើង៥៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកមានប្រមាណ ១០លាននាក់ផងដែរ។ យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា វិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្នហាក់មិនទាន់ប្រសើរឡើងខ្លាំងនោះទេ និងនៅជួបបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ។
អ្នកជំនាញ៖ វិស័យទេសចរណ៍នៅតែជួបបញ្ហាប្រឈមមួយចំនួន ទោះភ្ញៀវទេសចរមានកំណើនខ្លាំងក៏ដោយ
ដោយ

ដ្បិតរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងច្រើនក៏ដោយចុះ តែអ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា ស្ថានភាពវិស័យទេសចរណ៍នៅ៥ខែកន្លងមកនេះហាក់មិនមានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា ទោះបីសកម្មភាពធ្វើដំណើររបស់អ្នកដំណើរ និងភ្ញៀវទេសចរចេញ-ចូលកម្ពុជាមានសភាពធម្មតាក៏ដោយ តែសន្ទុះនៃការរីកចម្រើននៃវិស័យនេះហាក់នៅមានកម្រិតនៅឡើយ។ បើតាមប្រធានសមាគមរូបនេះ ដ្បិតប្រទេសចិនបានលុបបំបាត់នូវគោលនយោបាយគ្មានកូវីដ១៩ របស់ខ្លួនហើយក៏ដោយ តែការធ្វើដំណើរចូលមកប្រទេសកម្ពុជារបស់ទេសចរចិន ហាក់នៅមានចំនួនតិចតួច បើធៀបនឹងការធ្វើដំណើររបស់ទេសចរចិនទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់។ លើសពីនេះ លោក ធួន ស៊ីណាន ក៏បានបង្ហាញការយល់ឃើញទៀតថា វិស័យទេសចរណ៍ជាវិស័យមួយដែលមានសក្ដានុពលខ្ពស់ចំពោះសេដ្ឋកិច្ច ដែលទាមទារឲ្យកម្ពុជាត្រូវគិតគូបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលទេសចរណ៍សម្រាប់នាំចេញ។ សម្រាប់អ្នកជំនាញរូបនេះ វិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើន មិនមែនត្រូវពឹងផ្អែកតែការរង់ចាំឲ្យអ្នកដំណើរ និងភ្ញៀវទេសចរ ចូលមកកម្សាន្តក្នុងប្រទេសតែម្យ៉ាងនោះទេ ពោលគឺត្រូវប្រើប្រាស់ផលិតផលដែលមានឲ្យបានត្រឹមត្រូវ និងនាំយកផលិតផលទាំងនោះទៅកាន់ទីផ្សារអន្តរជាតិជាដើម។

យ៉ាងណាក៏ដោយ នៅក្នុងឱកាសបិទសន្និបាទក្រសួងទេសចរណ៍ ដើម្បីពង្រឹងទេសចរណ៍កម្ពុជា «ឆ្ពោះទៅអនាគតកាន់តែប្រសើរ» នាពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញពីវឌ្ឍនភាព និងវាយតម្លៃខ្ពស់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍ នារយៈពេល៥ខែក្នុងឆ្នាំ២០២៣។ តែយ៉ាងណារដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ ក៏បានបង្ហាញពីកត្តាប្រឈម និងដំណោះស្រាយមួយចំនួន ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ ទន្ទឹងនឹងនេះឯកឧត្តមស្នើឲ្យមន្ត្រីក្រសួងត្រូវបន្តយកចិត្តទុកដាក់ និងណែនាំឱ្យបន្តពង្រឹងភាពរឹងមាំនៃទេសចរណ៍ក្នុងស្រុក និងពង្រីកទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនោះ ឯកឧត្តម ក៏បានណែនាំឱ្យបន្តពង្រឹងអភិបាលកិច្ចសម្រាប់វិស័យទេសចរណ៍នៅគ្រប់កម្រិត ដោយបន្តនូវយន្តការអភិបាលកិច្ចថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងនៅតាមគោលដៅទេសចរណ៍អាទិភាព ដើម្បីឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុនសម្រាប់វិស័យទេសចរណ៍។ យ៉ាងណាក៏ដោយ បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងត្រូវការធនធានមនុស្សដែលមានសមត្ថភាព យន្តការស្ថាប័នដែលមានប្រសិទ្ធភាព ធនធានទេសចរណ៍ដែលមានសក្តានុពលសម្បូរបែប និងការផ្តល់អាទិភាពដល់យន្តការហិរញ្ញប្បទាន និងការកៀរគរប្រភពថវិកាបម្រើដល់ការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនទីចង្អុលផ្លូវ និងផែនការមេនានា។

សូមបញ្ជាក់ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ២លាន១៦ម៉ឺននាក់ កើនឡើង ៥៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកមានប្រមាណ១០លាននាក់។ ទេសចរជនជាតិថៃឈរនៅលំដាប់ទី១ ដោយរួមចំណែកជាង៣៣% បន្ទាប់មកគឺទេសចរវៀតណាម រួមចំណែកជាង១៧% និងទី៣ គឺទេសចរជនជាតិចិន ដែលមានចំនួនជាង២២ម៉ឺននាក់ ដែលបានរួមចំណែកជាង ១០% នៃទេសចរអន្តរជាតិសរុបរបស់កម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ផ្សារហ៊ុនក្រុងហាណូយប្រកាសថានឹងចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធជួញដូរសញ្ញាប័ណ្ណថ្មី

ប្រព័ន្ធថ្មីសម្រាប់ការជួញដូរសញ្ញាប័ណ្ណ ត្រូវបានគេរំពឹងថានឹងមានដំណើរការជាផ្លូវការនៅដើមខែកក្កដា។ សារព័ត៌មាន Vietnam News បានរាយការណ៍ថា …

សមាគមធំៗចំនួន៦រួមបញ្ចូលគ្នាបង្កើតសមាគមតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ

សមាគមធំៗចំនួន៦នៅកម្ពុជា បានសហការរួមបញ្ចូលគ្នាបង្កើតជាសមាគមសហព័ន្ឋអ្នកវិនិយោគកម្ពុជា (CCIA) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍សង្គម និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ