ការធ្លាក់ចុះនេះ គឺដោយសារប្រជាពលរដ្ឋបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា ខណៈវិបត្តិនៅអ៊ុយក្រែនមិនបានមិនប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជានោះទេ។ អ្នកជំនាញសង្កេតឃើញថា ចរន្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍សង្កេតឃើញថា ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្តក្របខណ្ឌក្នុងស្រុកហាក់មានការថមថយនៅមួយរយៈចុងក្រោយ។ ជាក់ស្តែងចំនួនភ្ញៀវទេសចរ ដែលត្រូវបានវាយតម្លៃមានក្នុងរង្វង់ ២០ម៉ឺននាក់បានធ្វើដំណើរកម្សាន្តទៅតាមមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុង១សប្តាហ៍ បានធ្លាក់ចុះ៤% បើធៀបនឹងកាលពីសប្តាហ៍កន្លងទៅ។ អ្នកនាំពាក្យរូបនេះវាយតម្លៃថាការធ្លាក់ចុះនេះអាចបណ្តាលមកពីប្រជាពលរដ្ឋខ្លះមិនហ៊ានចេញធ្វើដំណើរកម្សាន្ត ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានការកើនឡើងខ្លាំងនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តម តុប សុភ័ក បានគូសបញ្ជាក់ថា បញ្ហាវិបត្តិនៅអ៊ុយក្រែនថ្មីៗនេះ មិនជះឥទ្ធិពលធ្ងន់ធ្ងរ ឬធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្រៅប្រទេសរបស់កម្ពុជានោះទេ។ មិនប៉ះពាល់ ក៏ដោយសារបច្ចុប្បន្នភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានានៅកម្ពុជាភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ខណៈភ្ញៀវទេសចរមកពីក្រៅប្រទេសនៅមានចំនួនតិចតួចនៅឡើយ។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាសង្កេតឃើញថា ទោះបីបច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុងនៅកម្ពុជាមានការកើនឡើងក៏ដោយ តែការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកនៅតែមានចរន្ត គ្រាន់តែមានការថមថយបន្តិច។ លោកជឿជាក់ថា បើគ្មានការបិទតំបន់ ឬផ្អាកការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទេនោះ ភ្ញៀវទេសចរក្របខណ្ឌក្នុងស្រុកនឹងនៅតែធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាជាធម្មតា។ ការជឿជាក់បែបនេះ ដោយសារលោកគិតថា ផ្នត់គំនិតរបស់ប្រជាជនកម្ពុជាហាក់ស៊ាំនឹងជំងឺរាតត្បាតមួយនេះ ក្រោយពួកគេបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានអះអាងប្រហាក់ប្រហែលគ្នាថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តទាំងពីរហាក់មានការថយចុះនៅពីរសប្តាហ៍ចុងក្រោយ។ ពោលគឺបន្ទាប់ពីតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងខ្ពស់រហូតដល់៣ខ្ទង់នៅរយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ លោក សុចិត្រគ្រឹស្នា បានវាយតម្លៃថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុមានការធ្លាក់ចុះមិនក្រោម៣០% នោះឡើយ ដែលធ្វើតំបន់ទេសចរណ៍ និងរមណីយដ្ឋាននៅជាប់មាត់សមុទ្រមួយចំនួនហាក់មានសភាពស្ងាត់។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅសប្តាហ៍ទីពីរក្នុងខែកុម្ភៈ កន្លងទៅមានភ្ញៀវទេសចរជាង៦ម៉ឺន១ពាន់នាក់បានធ្វើដំណើរកម្សាន្តនៅខេត្តព្រះសីហនុ មានការថុះជាង៦១% បើធៀបនឹងសប្តាហ៍ទី១។ ខណៈកាលពីសប្តាហ៍មុនខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៤ម៉ឺន៥ពាន់នាក់មានការថយចុះ២៦% បើធៀបនឹងសប្តាហ៍ទីពីរ៕