វិស័យសណ្ឋាគារ

ការកក់បន្ទប់ស្នាក់តាមបណ្ដាខេត្តគោលដៅទេសចរណ៍ កំពុងកើនឡើង ខណៈពិធីបុណ្យអុំទូកនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ


មន្ត្រីទេសចរណ៍ នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជានៅសៀមរាប និងក្រុងព្រះសីហនុ បានអះអាងថា សកម្មភាពកក់បន្ទប់ស្នាក់កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក នឹងចូលមកដល់នៅថ្ងៃទី២៦ ដល់២៨ខែវិច្ឆិកា។ បើតាមការរំពឹងទុករបស់អ្នកជំនាញ ការដើរកម្សាន្តរបស់ពលរដ្ឋក្នុងឱកាសឈប់សម្រាកអាចនឹងមានចំនួនច្រើន ស្របពេលដែលអាជ្ញាធរក៏បានរៀបចំទីតាំង និងកម្មវិធីជាច្រើន ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរដើរកម្សាន្ដ។
2
ដោយ

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានកត់សម្គាល់ថា នាឱកាសឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ បន្ទប់ផ្ទះសំណាក់នៅតាមសហគមន៍ និងបន្ទប់សណ្ឋាគារធំៗមួយចំនួននៅក្នុងទីរួមខេត្ត បានទទួលការកក់កើនឡើងជាបន្តបន្ទាប់ បើធៀបនឹងថ្ងៃធម្មតា ប៉ុន្តែគិតមកទល់ថ្ងៃទី ២៤ ខែវិច្ឆិកានេះ លោកពុំទាន់អាចកំណត់ពីភាគរយច្បាស់លាស់នៃការកក់បាននៅឡើយទេ ដ្បិតមានភ្ញៀវខ្លះ ទាល់តែដល់ថ្ងៃបុណ្យអុំទូកតែម្ដងទើបទាក់ទងកក់បន្ទប់សម្រាប់ស្នាក់នៅ។ ទោះជាបែបនេះក្ដី មន្រ្តីរូបនេះគូសបញ្ជាក់ថា បន្ទប់ដែលនៅសេសសល់អាចនឹងកក់អស់នៅពេលថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក ចូលមកដល់។ ពាក់ព័ន្ធនឹងតម្លៃសេវាកម្មស្នាក់នៅ និងម្ហូបអាហារជាទូទៅ ត្រូវបានលោក តាំង សុចិត្រគ្រឹស្នា គូសបញ្ជាក់ថា នឹងមិនមានអ្វីកើនឡើងគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែសម្រាប់គ្រឿងសមុទ្រ ដូចជា ក្ដាម និងបង្គារជាដើម អាចមានការឡើងថ្លៃ ដោយសារតែមានតម្រូវការខ្លាំង ប៉ុន្តែបញ្ហានេះអាជ្ញាធរបានណែនាំដល់អ្នកធ្វើអាជីវកម្មដាក់តម្លៃលើមុខទំនិញ ហើយភ្ញៀវអាចពិនិត្យ និងសម្រេចចិត្តលើតម្លៃដែលបានដាក់បង្ហាញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប ភ្ញៀវបានចាប់ផ្ដើមកក់បន្ទប់ស្នាក់នៅជាបន្ដបន្ទាប់នៅប៉ុន្មានថ្ងៃមកនេះ ហើយលោកកំពុងឱ្យក្រុមការងារប្រមូលទិន្នន័យពីផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះផងដែរ។ លោកជឿជាក់ថា អ្នកមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាប អាចនឹងមានចំនួនច្រើន ព្រោះអាជ្ញាធរបានធ្វើការផ្សព្វផ្សាយជាយូរថ្ងៃមកហើយ ហើយតំបន់សំខាន់ៗជាច្រើនក៏មានរៀបចំកម្មវិធីកម្សាន្តរួចរាល់ហើយ ដែរ។ ទន្ទឹមគ្នានេះ មន្រ្តីទេសចរណ៍រូបនេះគូសបញ្ជាក់ថា តម្លៃសេវាកម្មនានានឹងមិនមានការឡើងថ្លៃនោះឡើយ ខណៈគ្រាន់តែក្នុងទីរួមខេត្តនេះមានភោជនីយដ្ឋានរហូតដល់៣០០កន្លែង ដោយមិនទាន់គិតពីកន្លែងលក់អាហារផ្សេងទៀតនោះទេ។

ពាក់ព័ន្ធនឹងវិស័យសណ្ឋាគារនេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងអំឡុងខែ១១ ឆ្នាំ២០២៣នេះ កំណើនតម្រូវការបន្ទប់ស្នាក់នៅមានការកើនឡើងជាងមុនគួរឲ្យកត់សម្គាល់ ដែលនេះបង្ហាញពីសញ្ញាវិជ្ជមានអំពីការងើបឡើងវិញនៃវិស័យនេះ។ បើតាមអ្នកជំនាញរូបនេះ តម្រូវការបន្ទប់ស្នាក់នៅក្នុងសណ្ឋគារនឹងបន្តកើនឡើងរហូតដល់ខែមីនា ឆ្នាំ២០២៤ ដ្បិតអំឡុងពេលនេះ គឺជាពេលវេលាដែលមានភ្ញៀវទេសចរចេញដើរកម្សាន្ដច្រើន៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីទស្សនាទាននៃការកែទម្រង់ច្បាប់

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រ…

យន្តហោះធុនធំដឹកអ្នកដំណើរជាង២០០នាក់មកពីប្រទេសអូស្ត្រាលី បានចុះចតនៅព្រលានយន្តហោះសៀមរាបជាលើកដំបូង

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា យន្តហោះធុនធំប៊ូអ៊ីង 777-200 ជាមួយអ្នកដំណើរជាង២០០នាក់ មកពីប្រទេសអូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ