ការវិនិយោគរបស់ក្រុមហ៊ុន TOYOTA នាពេលនេះ គឺជាការវិនិយោគធំជាងគេបង្អស់មិនធ្លាប់មាន ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្ដ ដែលបានវិនិយោគចូលទៅក្នុងវិស័យសេវាចែករំលែកយានជំនិះ។ ក្រោយពីទទួលបានការវិនិយោគ ១ពាន់លានដុល្លារ ពីក្រុមហ៊ុន TOYOTA ក្រុមហ៊ុន Grab នឹងមានតម្លៃភាគហ៊ុនសរុប ជាង ១០ពាន់លានដុល្លារអាមេរិក។
បន្ថែមពីនេះ ការវិនិយោគនេះ នឹងជួយឲ្យ Grab ដែលគេចាត់ទុកថា ជាដៃគូប្រជែងមួយរបស់ក្រុមហ៊ុន Didi ដែលមាន ក្រុមហ៊ុន SoftBank ជប៉ុន ជាខ្នងបង្អែកនោះ អាចនឹងឈានទៅពង្រីកមុខមាត់របស់ខ្លួនកាន់តែខ្លាំងក្លានៅក្នុងតំបន់ ទាំងក្នុងបណ្ដាញសេវា Online និង Offline ដូចជា សេវាដឹកជញ្ជូនអាហារ និងការទូទាត់តាមប្រព័ន្ធឌីជីថលជាដើម។
ដោយឡែក សម្រាប់ក្រុមហ៊ុន Grab នៅកម្ពុជាវិញ បើគិតមកទល់ពេលនេះ មានអ្នកប្រើប្រាស់សេវារបស់ ក្រុមហ៊ុននេះ សម្រាប់ការធ្វើដំណើរនៅកម្ពុជា មានប្រមាណ ១ម៉ឺននាក់ ខណៈដែលអ្នកបើកបរដែលជាភ្នាក់ងាររបស់ Grab ក៏មានប្រមាណ ១ម៉ឺននាក់ដែរ ដែលក្នុងនោះ មានដូចជាអ្នកបើកបររថយន្ដ រ៉ម៉ក និងម៉ូតូឌុបជាដើម។ នេះបើតាមការគូសបញ្ជាក់ពីនាយកប្រចាំតំបន់ ផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Grab។
គួរជម្រាបថា កាលពីខែមុននេះ ក្រុមហ៊ុនផ្ដល់សេវាចែករំលែកយាន្ដជំនិះ និងការទូទាត់តាមអនឡាញ Go- Jek របស់ឥណ្ឌូនេស៊ី ក៏បានប្រកាសជំហររបស់ខ្លួនផងដែរថា នឹងចូលប្រកួតប្រជែងការផ្ដល់សេវានេះ នៅក្នុងទីផ្សារប្រទេសវៀតណាម ថៃ សាំងហ្គាពួរ និងភីលីពីន នៅ២ ទៅ៣ ខែខាងមុខនេះ ដែលនឹងត្រូវចំណាយទុនវិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក៕