បើតាមក្រុមហ៊ុនជប៉ុនមួយនេះ គេគ្រោងនឹងពង្រីកនិងធ្វើកំណែទម្រង់បន្ថែមលើរោងចក្រដែលមានស្រាប់នៅអាមេរិក ដើម្បីឱ្យវាមានសមត្ថភាពអាចផលិតរថយន្តអគ្គិសនីបានផង និងផលិតរថយន្តប្រើសាំងធម្មតាបានផង។ Toyota មានបំណងផលិតរថយន្តស្ព័រអគ្គិសនីចំនួន១ម៉ឺនគ្រឿងក្នុងមួយឆ្នាំគិតត្រឹមចុងឆ្នាំ២០២៥។
ការចង់ពង្រីករោងចក្រនេះ គឺទទួលបានអំណោយផល ពីផែនការលើកទឹកចិត្តថ្មីរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក។ អាមេរិកជាទីផ្សារដ៏ធំបំផុតរបស់ Toyota ដែលតំណាងឱ្យមួយភាគប្រាំនៃការលក់ទូទាំងពិភពលោករបស់ខ្លួន។
គួរជម្រាបថា ច្បាប់កាត់បន្ថយអតិផរណាដែលបានអនុម័តកាលពីឆ្នាំមុនជាមួយនឹងទឹកប្រាក់ដ៏ច្រើនសម្បើម នឹងផ្តល់ការលើកលែងពន្ធរហូតដល់ ៧៥០០ដុល្លារសម្រាប់អតិថិជន ដែលទិញរថយន្តអគ្គិសនីថ្មី ដែលបានផលិត ឬដំឡើងនៅអាមេរិកខាងជើង។
ក្រៅពីនេះ ជាមួយនឹងគម្រោងរោងចក្រផលិតថ្មអាគុយអគ្គិសនីមួយផ្សេងទៀតរបស Toyota ក្នុងរដ្ឋ North Carolina ត្រឹមឆ្នាំ២០២៥ដូចគ្នា វានឹងអនុញ្ញាតឱ្យរថយន្តរបស់តូយ៉ូតាទាំងមូល ឆ្លងកាត់ខ្សែច្រវ៉ាក់ផលិតកម្មពីដើមដល់ចប់នៅសហរដ្ឋអាមេរិកតែមួយគត់ មិនចាប់បាច់ត្រូវការគ្រឿងបង្គុំ ឬការដំឡើងពីរោងចក្រក្រៅប្រទេសឡើយ។
ដោយឡែក ក្រុមហ៊ុន Toyota មានគោលបំណងផលិតរថយន្តអគ្គិសនីឱ្យបាន២០ម៉ឺនគ្រឿងនៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំគិតចាប់ពីឆ្នាំ២០២៦តទៅ នឹងឈានទៅផលិតឱ្យបានសរុបដល់១លានគ្រឿងក្នុងពេលដូចគ្នា តាមរយៈរោងចក្រនៅប្រទេសផ្សេងទៀត រួមមាន ចិន ឥណ្ឌា និងរោងចក្រក្នុងប្រទេសជប៉ុនខ្លួនឯង។
បន្ទាប់ពីមានភាពយឺតយ៉ាវជាងគេក្នុងការបញ្ចេញម៉ូឌែលរថយន្តអគ្គិសនីថ្មីៗ លោក Koji Sato ប្រធាន Toyota ដែលទើបចូលកាន់ដំណែងថ្មីៗ បានផ្តល់សញ្ញាថាលោកនឹងធ្វើការជំរុញលើរថយន្តអគ្គិសនីជាអាទិភាពជាងគេ។
សូមជម្រាបថា ថ្វីត្បិតតែជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកក៏ដោយ ក៏ Toyota បានផលិតរថយន្ត EV របស់ខ្លួនបានត្រឹមតែ ២ម៉ឺន៤ពាន់គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោកក្រោមម៉ាកយីហោរបស់ខ្លួនគឺ Toyota និង Lexus កាលពីឆ្នាំ២០២២។ នេះជាចំនួនតិចតួចបើធៀបនឹងគូប្រជែងធំៗ ដូចជា Tesla ដែលផលិតបាន ១,៣១ លានគ្រឿង៕