នៅក្នុងប្រកាសព័ត៌មានមួយ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SCG បានឲ្យដឹងថា សម្រាប់រយៈពេល ៦ខែនៃឆ្នាំ២០១៩នេះ ចំណូលពីការលក់របស់ SCG ធ្លាក់ចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ពោលគឺបានត្រឹម ៧.០០៥ លានដុល្លារអាមេរិក មួយភាគធំ គឺដោយសារតម្លៃផលិតផលគីមីធ្លាក់ចុះ។
ចំពោះប្រាក់ចំណេញវិញ សម្រាប់ឆមាសទី១នេះដែរ ដោយមិនទាន់គិតពីការប្រែប្រួលនៃប្រាក់បំណាច់បុគ្គលិក បានធ្លាក់ចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នានេះនៃឆ្នាំមុន ពោលគឺក្រុមហ៊ុនរកចំណេញបានត្រឹមតែ ៦៥៦លានដុល្លារអាមេរិក។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក SCG បានប្រកាសឲ្យដឹងថា មូលហេតុនៃការធ្លាក់ចុះប្រាក់ចំណេញពីការលក់ផលិតផលគីមី ដោយសារការព្រួយបារម្ភរឿងសង្គ្រាមពាណិជ្ជកម្ម ។ ប៉ុន្តែ ធុរកិច្ចស៊ីម៉ងត៍និងសម្ភារសាងសង់ បានកត់ត្រាប្រាក់ចំណូលកើនខ្ពស់ជាងមុន ដោយសារការរើបឡើងវិញនៃវិស័យសំណង់នៅក្នុងតំបន់ ។
ទន្ទឹមនឹងការឲ្យដឹងពីការធ្លាក់ចុះចំណូលនិងចំណេញ SCG ក៏បានប្រកាសប្ដេជ្ញាចិត្តជំរុញផលិតផលដែលមានគុណតម្លៃខ្ពស់ សេដ្ឋកិច្ចវិលជុំ (circular economy) និងដំណោះស្រាយសរុប (total solutions) និងពន្លឿនគម្រោងវិនិយោគនានាដើម្បីបំពេញតាមគោលដៅដែលបានគ្រោងទុក កសាងកំណើននិងស្ថិរភាពរយៈពេលវែង នៅខណៈដែលសេដ្ឋកិច្ចកំពុងជួបភាពប្រឈមជាបន្ត ។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទ្រព្យសរុបរបស់ SCG មានចំនួន ២០.១២៥ លានដុល្លារអាមេរិក ខណៈដែលទ្រព្យសរុបរបស់ SCG នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ) មានចំនួន ៦.៧៣៩លានដុល្លារអាមេរិក ដែលស្មើនឹង ៣៣% នៃទ្រព្យបូកសរុបរួមទាំងអស់របស់ SCG ។
ប្រតិបត្តិការអាជីវកម្មរបស់ SCG នៅកម្ពុជា បង្ហាញពីចំណូលកើនឡើង
ដោយផ្អែកលើរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ SCG នៅក្នុងប្រទេសកម្ពុជា មានទ្រព្យសរុបជាទឹកប្រាក់ ១,៥៣៣ប៊ីលានរៀល (ឬស្មើនឹង ៣៧៧លានដុល្លារអាមេរិក) ។
ក្រុមហ៊ុន SCG នៅកម្ពុជា រាយការណ៍ពីការរកចំណូលពីការលក់ ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ បានចំនួន ៤៧២ប៊ីលានរៀល (ឬស្មើនឹង ១១៦លានដុល្លារអាមេរិក) ដែលចំណូលនេះ គឺរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការនៅក្នុងប្រទេស និងការនាំចូលពីប្រតិបត្តិការនៅប្រទេសថៃ ដែលកើនឡើង ១៦% ខ្ពស់ជាងចំណូលសម្រាប់រយៈពេលដូចគ្នានេះ នៃឆ្នាំមុន ។
សម្រាប់រយៈពេលឆមាសទី១ (៦ខែ) នៃឆ្នាំ២០១៩ ទីផ្សារកម្ពុជារបស់ SCG បានបង្ហាញពីចំណូលពីការលក់បានចំនួន ៩០៦ប៊ីលានរៀល (ឬស្មើនឹង ២២៦លានដុល្លារអាមេរិក) ដែលកើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដែលចំណូលនេះមួយភាគធំ គឺបានមកពីធុរកិច្ចស៊ីម៉ងត៍-សម្ភារសាងសង់ ។
SCG កម្ពុជា គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Siam Cement Group (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងសម្ភារសាងសង់ធំជាងគេបំផុត នៅប្រទេសថៃ ៕