សេដ្ឋកិច្ចកម្ពុជា

ក្រុមអ្នកជំនាញនិងអ្នកជំនួញចាត់ទុកការសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជាជាស្ពានបើកសេដ្ឋកិច្ចពេញលេញឡើងវិញ


ក្រុមអ្នកជំនាញ ក្នុងវិស័យសេដ្ឋកិច្ច ពិសេសវិស័យសេដ្ឋកិច្ច និងទេសចរណ៍ សុទ្ធតែមានការគាំទ្រពេញទំហឹង លើការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការលើកលែងការធ្វើចត្តាឡីស័ករាល់អ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងពេញលេញចូលមកកម្ពុជា ដែលបានចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកានេះតទៅ។ ជុំវិញការសម្រេចការលើកលែងការធ្វើចត្តាឡីស័ករាល់អ្នកដំណើរចូលមកកម្ពុជា នេះ ត្រូវបានក្រុមអ្នកជំនាញ យល់ឃើញថា គឺជាគំនិតវិជ្ជមានបំផុត ហើយវាក៏ជាស្ពានចម្លងដ៏សំខាន់មួយក្នុងការជួយកម្ពុជាឈានទៅបើកសេដ្ឋកិច្ចពេញលេញឡើងវិញក្នុងពេលខាងមុខដែរ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី ១៤ ខែវិច្ឆិកា បានប្រកាសលើកលែងការធ្វើចត្តាឡីស័កសម្រាប់ជនជាតិខ្មែរ និងបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដូសបានរួចរាល់។

បើតាមសម្តេច តេជោ ហ៊ុន សែន ការសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចយ៉ាងដូច្នេះ គឺដោយសារកម្ពុជា បានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់ប្រមាណ ៨៨% ទៅហើយនៃចំនួនប្រជាជន ជាង១៦លាននាក់។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ពិតណាស់ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកលែងការធ្វើចត្តាឡីស័ករាល់អ្នកដំណើរចូលមកកម្ពុជា ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការនៃការស្ដារសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញ ប៉ុន្ដែយើងមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា នឹងជួយស្ដារសេដ្ឋកិច្ចក្នុងកម្រិតណា។ 

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា នេះគឺជាគោលនោយោបាយមួយដ៏ប្រសើរបំផុត របស់រាជរដ្ឋាភិបាលដើម្បីបើកច្រកសេដ្ឋកិច្ចឱ្យប្រសើរឡើងវិញ ក៏ដូចជា ក្នុងន័យជួយសម្រួលដល់អ្នកធ្វើដំណើរចូលមកកម្ពុជា និងជំរុញឱ្យមានអ្នកដំណើរកាន់តែច្រើនចូលមកកម្ពុជារួមទាំងភ្ញៀវទេសចរ វិនិយោគិនពីក្រៅប្រទេស។

ជុំវិញ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្នវិញ ត្រូវបានលោកបណ្ឌិត គី សិរីវឌ្ឍន៍ មើលឃើញថា ហាក់មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែ លោកនៅតែមើលឃើញពីភាពវិជ្ជមានក្នុងវិស័យសេដ្ឋកិច្ច ដោយលោកបានអះអាងបែបនេះ វិស័យសេដ្ឋកិច្ចនឹងប្រសើរឡើងវិញឆាប់ៗខាងមុខ ព្រោះសព្វថ្ងៃ សកម្មភាពអាជីវកម្មមួយចំនួនបានចាប់ផ្ដើមមានដំណើរការឡើងវិញជាបណ្ដើរៗហើយ ដែលនេះគឺជាសញ្ញាណវិជ្ជមានមួយនៃវិស័យសេដ្ឋកិច្ច។

ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យល់ថា ការមិនកំណត់ឱ្យអ្នកដំណើរធ្វើចត្តាឡីស័ក គឺជាការបង្ហាញនូវភាពវិជ្ជមានមួយដល់សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះ លោក ធួន ស៊ីណាន ក៏បញ្ជាក់ទៀតថា ការសម្រេចរបស់រដ្ឋាភិបាលនាពេលនេះ មិនត្រឹមតែប្រសើរសម្រាប់វិស័យទេសចរណ៍នោះទេ វិស័យដទៃក៏មានភាពវិជ្ជមានផងដែរ។

ជាមួយគ្នានេះដែរ ក្នុងនាម ជាអ្នករកស៊ីនៅក្នុងវិស័យឯកជន លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានអះអាងថា លោកមានក្ដីរំភើបបំផុតដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលការធ្វើចត្តាឡីស័ករាល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ព្រោះសមាគមសណ្ឋាគារត្រៀមខ្លួនជាយូរមកហើយ ដើម្បីទទួលអ្នកដំណើរចូលមកកម្ពុជា។ ប្រធានសមាគមរូបនេះ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល កម្ពុជា នឹងកាន់តែអាចទាក់ទាញនូវភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែម ឱ្យចូលមកកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងចំនួន២ដូស តែសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋាភិបាល នៅតែកំណត់ឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដដែល នៅពេលធ្វើដំណើរចូលមកកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបកំពូល ចូ បៃឌិន និងស៊ី ជីនពីង អាចជាក្តីសង្ឃឹមថ្មីផ្សះផ្សារទំនាក់ទំនងចិន-អាមេរិកដែរទេ?

ព័ត៌មាន
ស្របពេលដែលសហរដ្ឋអាមេរិក និងចិនបានចូលរួមប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រ និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកំពុងតែប្រទាញប្រទុងគ្នាក្នុ…

ក្រោយបើកប្រទេសបាន២សប្ដាហ៍ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះកំណើនភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ