ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចបានពិនិត្យឃើញបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣.៩៦៨ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០.៨១៥ករណី ស្មើនឹង៧៧% និងរថយន្តគ្រប់ប្រភេទចំនួន ៣.១៥៣ករណី ស្មើនឹង២៣%។
ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរមានជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៥លើក ថយចុះ៥២លើក ស្មើនឹង៥៤% ក្នុងនោះករណីស្លាប់មានចំនួន ២៤នាក់ ថយចុះ១៦នាក់ ស្មើនឹង៤០% ,របួស៥៦នាក់ ថយចុះ៥៩នាក់ ស្មើនឹង៥១,៣០% ប្រៀបធៀបនឹងរយៈពេលមួយសប្តាហ៍ដូចគ្នាក្នុងខែឧសភា កាលពីឆ្នាំ២០១៩។
អ្វីដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកត់សម្គាល់នោះ គឺអ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលុបទូទាំងប្រទេស បានចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលនេះបានឆ្លុះបញ្ជាំងឲ្យឃើញអំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ មានស្មារតីបន្តអនុវត្តភារកិច្ចកាន់តែសកម្មខ្លាំងក្លាថែមទៀត។
គួរជម្រាបថា គោលបំណងសំខាន់នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅទាបបំផុត កាត់បន្ថយអត្រាពិការភាព ស្ត្រីមេម៉ាយ ក្មេងកំព្រា ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជន ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរ៕