ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងអំឡុងពេលជួបជុំនៅរដ្ឋវីស្កន់ស៊ីន (Wisconsin) កាលពីចុងសប្តាហ៍មុនអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើប្រទេសណាលែងប្រើប្រាក់ដុល្លារហើយ ពួកគេមិនចាំបាច់ធ្វើជំនួញជាមួយនឹងសហរដ្ឋអាម៉េរិកទៀតនោះទេ ព្រោះសហរដ្ឋអាម៉េរិកនឹងយកពន្ធ១០០% លើទំនិញរបស់ពួកគេជាក់ជាមិនខាន។
ការចេញមកប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែមកហើយរវាងលោក ត្រាំ និងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកអំពីវិធីដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្ត ឬសត្រូវណាមួយដែលប៉ុនប៉ុងធ្វើពាណិជ្ជកម្មទ្វេភាគីដោយប្រើរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណដុល្លារអាម៉េរិក រួមទាំងវិធានការមួយចំនួនទៀត ដូចជា ការត្រួតពិនិត្យការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ និងពន្ធគយផងដែរ។
លោក ត្រាំ ដែលប្រកាន់គោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយនោះ បាននិយាយថា ប្រាក់ដុល្លារបានរងគំនាបខ្លាំងអស់រយៈពេល៨ឆ្នាំមកហើយ ហើយកាលពីឆ្នាំមុនប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាគ្នាអំពីការឈប់ប្រើប្រាក់ដុល្លារនៅក្នុងកិច្ចប្រជុំកំពូលប្រ៊ីក (BRICS)។ យ៉ាងណាក៏ដោយលោក ត្រាំ បានសន្យានៅចំពោះមុខក្រុមអ្នកគាំទ្រទាំងនោះថា លោកនឹងធ្វើឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក៕
អត្ថបទ៖ សុខ មង្គល