តើការបង្កកជំនួយពីសហរដ្ឋអាមេរិក

តើការបង្កកជំនួយរបស់អាម៉េរិកក្រោមរដ្ឋបាលរបស់លោក ត្រាំ អាចជះផលប៉ះពាល់ដល់កម្ពុជាដែរទេ?


កាលពីពេលថ្មីនេះក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញបទបញ្ជាឲ្យផ្អាកអនុវត្តរាល់កម្មវិធីជំនួយថ្មីៗតាមរយៈកម្មវិធី USAID ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីពិនិត្យឡើងវិញថា វាស្របគ្នានឹងគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ឬក៏អត់។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះសហរដ្ឋអាម៉េរិកតាមរយៈ USAID បានផ្តល់ជំនួយដល់កម្ពុជាប្រមាណ៣ពាន់លានដុល្លារអាមេរិកនៅក្នុងវិស័យជាច្រើន។
តើការបង្កកជំនួយពីសហរដ្ឋអាមេរិក
ដោយ

នេះបើយោងតាមអ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាម៉េរិក។ តើការបង្កកជំនួយ USAID នេះអាចធ្វើឱ្យប៉ះពាល់ដល់កម្ពុជាដែរឬទេ? តើមានវិស័យណាខ្លះដែលអាចរងផលប៉ះពាល់ច្រើនជាងគេ?

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការសម្រេចចិត្តបង្កកជំនួយតាមរយៈUSAID វាជាសិទ្ធិរបស់សហរដ្ឋអាម៉េរិក ហើយការបង្កកនេះក៏មិនមែនកើតឡើងតែសម្រាប់កម្ពុជានោះដែរ ពោលគឺប្រទេសផ្សេងៗក៏ជួបបញ្ហានេះដែរ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ អ្នកដែលរងផលប៉ះពាល់ខ្លាំងពីការបង្កកជំនួយនេះភាគច្រើនជាអង្គការក្រៅរដ្ឋាភិបាល ហើយវាមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់រដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិនោះទេ។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាកំពុងវិវត្តន៍ខ្លួន ដែលមិនចាំបាច់ត្រូវការជំនួយពីបរទេស។

ពាក់ព័ន្ធការបង្កកជំនួយរបស់សហរដ្ឋអាមេរិករយៈពេល៩០ថ្ងៃ ដើម្បីពិនិត្យឡើងវិញថាតើវាស្របគ្នានឹងគោលនយោបាយការបរទេសរបស់លោកត្រាំឬក៏អត់នេះដែរ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូយល់ឃើញថា ជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈ USAID មិនថាផ្ដល់ឱ្យរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលនោះទេ សុទ្ធតែបានចូលរួមជួយលើកកម្ពស់ការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសវិស័យសុខាភិបាល បរិស្ថាន សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម។ យ៉ាងណាមិញលោកសង្ឃឹមថានៅពេលផុតចំនួនកំណត់៩០ថ្ងៃនេះ ទាំងកម្ពុជាទាំងបណ្ដាប្រទេសផ្សេងទៀតអាចទទួលបានជំនួយនេះត្រឡប់មកវិញ។

ជាមួយគ្នានេះដែរលោក ហេង គឹមហុង ប្រធានប្រតិបិត្តិសមាគមបណ្តាញយុវជនកម្ពុជាបានលើកឡើងថា ការផ្អាកផ្ដល់ជំនួយនេះ តិច ឬច្រើនវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ក៏ដូចជារដ្ឋដែលជាដៃគូទទួលជំនួយ ហើយវាក៏អាចធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួនដែលធ្លាប់ទទួលបានជំនួយនេះផងដែរ។

ដោយឡែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ប្រសិនក្រសួង ឬស្ថាប័នណាដែលពឹងផ្អែកលើជំនួយដែលអាម៉េរិកបានបង្កកនេះ នឹងធ្វើឱ្យប៉ះពាល់ ប៉ុន្តែប្រសិនមិនបានពឹងផ្អែកទាំងស្រុងទេនោះ ក៏មិនមានផលប៉ះពាល់អ្វីដែរ។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសបច្ចុប្បន្នរបស់ USAID ដោយផ្តោតលើការគាំទ្រប្រជាជនកម្ពុជាតាមរយៈការពង្រីកកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ធ្វើឱ្យប្រសើរឡើងនូវសុខភាព ការអប់រំ និងសុខុមាលភាព ការការពារសិទ្ធិ គណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រសួងកសិកម្មគ្រោងសហការជាមួយស្ថាប័នពាក់ព័ន្ធបញ្ចេញកងកម្លាំងឱ្យជួយប្រមូលផលមៀន ដែលកំពុងចាល់នៅតាមចម្ការ

ទិន្នផលមៀនប៉ៃលិន ឬតាង៉ែននៅតាមចម្ការមួយចំនួនកំពុងចាល់ខ្លាំង ដោយសារក្រុមហ៊ុន និងម្ចាស់ចម្ការខ្វះកម្លាំងពលកម្មក្នុងការប្រមូលផលឱ្យទាន់ពេលវេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ