អ្នកជំនាញ និង អ្នកជំនួញរកស៊ីនៅក្នុងវិស័យអចលទ្រព្យកម្ពុជាបានបញ្ជាក់អះអាងថា ចរន្តនៃទិញលក់អចលនទ្រព្យបានចាប់ផ្ដើមកម្រើកឡើងវិញហើយ។ លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានសង្កេតឃើញថា ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាហាក់មានភាពស្ងប់ស្ងាត់នៅអំឡុងពេលកម្ពុជាអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងការហាមធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ។ ប៉ុន្តែ បច្ចុប្បន្នចលនាទិញលក់ក្នុងវិស័យនេះ ហាក់មានភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ក្រោយរាជរដ្ឋាភិបាលលុបចោលបម្រាមធ្វើចរាចរណ៍ឆ្លងខេត្ត និងបន្ធូរបន្ថយវិធានការបិទខ្ទប់។
អ្នកជំនាញបានលើកឡើងថា ជាការពិតវិបត្តិមេរោគកូវីដ-១៩ ដែលកំពុងបន្ដអូសបន្លាយវាបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការជាច្រើន ប៉ុន្ដែក្នុងនោះ វាក៏មានឱកាសសម្រាប់ការវិនិយោគ និងការរៀនសូត្រផងដែរ។ បើតាមឧកញ៉ា ចេង ខេង វិបត្តិកូវីដ-១៩ បានផ្តល់បទពិសោធន៍ជាច្រើនដល់លោកឧកញ៉ា ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងបន្តនិរន្តរភាពក្រុមហ៊ុន។
សូមបញ្ជាក់ថា វិស័យអចលនទ្រព្យ និងសំណង់កម្ពុជាត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អះអាងថា គឺជាវិស័យស្នូលមួយដែលជាជន្ទល់សេដ្ឋកិច្ច ដែលជួយទប់កុំឲ្យមានការធ្លាក់ចុះខ្លាំង ហើយវិស័យនេះ ក៏ត្រូវបានគេមើលឃើញថា នឹងអាចបន្ដនូវភាពរឹងមាំ និងកំណើនរបស់ខ្លួនកាន់តែខ្លាំងថែមទៀត នៅក្រោយពេលវិបត្តិកូវីដ-១៩ត្រូវបានផុតរលត់ទៅនៅក្នុងពេលខាងមុខនេះ៕