ដោយបានរៀបចំធ្វើសិក្ខាសាលាជាច្រើនជាមួយអ្នកលក់អនឡាញក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី នាពេលថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនបានជួយអ្នកលក់អនឡាញឱ្យធ្វើប្រតិបត្តិការបានមួយលានប្រតិបត្តិការក្នុងរយៈពេល ៦ខែ។ ការសម្រេចបាន ១លានប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយអ្នកលក់អនឡាញដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet សម្រាប់ការប្រមូលប្រាក់ចំណូល និងការទូទាត់ការចំណាយជូនអ្នកផ្គត់ផ្គង់។
កាលពីចុងឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី “បានចុះឈ្មោះ” អ្នកលក់អនឡាញជាង ៣០០នាក់នៅក្នុងកម្មវិធី TrueMoney Wallet ខណៈដែលក៏ផ្តល់ជូនគន្លឹះសំខាន់ៗអំពីរបៀបធ្វើទីផ្សារផលិតផលតាមអនឡាញ និងរបៀបបង្កើតឱ្យមានការតាមដាមគណនីបណ្តាញសង្គម។
លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ការកើនឡើងប្រតិបត្តិការដល់ចំនួនដ៏ច្រើនបែបនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ចំពោះអ្នកលក់អនឡាញ និងអ្នកដែលធ្វើអាជីវកម្មអនឡាញផ្សេងទៀង។ គោលបំណងរបស់យើងគឺដើម្បីផ្តល់ជូនសហគ្រិនអនឡាញ និងអ្នកលក់អនឡាញនូវឧបករណ៍ និងជំនាញដែលពួកគេត្រូវការដើម្បីធ្វើអាជីវកម្មអនឡាញដោយជោគជ័យ”។
ថ្មីៗនេះ លោកស្រី ឃួន ហ្វ្រង់តារា បានថ្លែងនៅក្នុងបទសម្ភាសមួយថា ការទូទាត់ការចំណាយតាមអនឡាញបានកើនឡើងខ្លាំងក្នុងត្រីមាសទី១ ឆ្នាំ២០២១។ លោកស្រីបានថ្លែងថា មួយផ្នែកនៃការកើនឡើងប្រតិបត្តិការអនឡាញនេះគឺដោយសារថា ប្រជាជនបានងាកទៅធ្វើប្រតិបត្តិការអនឡាញ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
លោកស្រីបានមានប្រសាសន៍ថា៖ “ការទិញកាន់តែច្រើនឡើងធ្វើតាមអនឡាញ ហើយការទូទាត់ការចំណាយនិងការផ្ទេរប្រាក់ក៏តាមអនឡាញដែ។ យើងរំពឹងថានឹងមើលឃើញនិន្នាការនេះបន្តទៀត ហើយក្នុងរយៈពេល ៦ខែខាងមុខ យើងរំពឹងថា ចំនួនប្រតិបត្តិការរបស់អ្នកលក់អនឡាញនឹងកើនឡើងដល់ ២លានប្រតិបត្តិការ”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ ៤០លាននាក់នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ្វ៊ូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕