
ទ្រនិចទីផ្សារពាណិជ្ជកម្មសកលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបន្ទន់ឥរិយាបថប្រឆាំងនឹងប្រទេសចិន និងប្រធានធានាគារកណ្តាលសហរដ្ឋអាម៉េរិក លោក ជេរ៉ូមី ផូវែល (Jerome Powell)។ លោក ត្រាំ បានថ្លែងនៅសេតវិមានថា អត្រាពន្ធបដិការលើប្រទេសចិន ដែលខ្លួនបានដំឡើងរហូតដល់២៤៥% នឹងត្រូវបានកាត់បន្ថយ តែវាមិនដល់សូន្យនោះឡើយ។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងក្រោយលោក ស្កុត បេសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានបង្ហើបនៅក្នុងបទបង្ហាញមួយកាលពីពេលថ្មីៗថា ការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក និងចិនខ្ពស់កប់ពពកនឹងមិនមាននិរន្តរភាពឡើយ ពោលគឺបញ្ហានេះអាចនឹងត្រូវបានបន្ថយកម្តៅក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងបន្ទន់ឥរិយាបថដាក់ចិន ដែលជាគូប្រជែងពាណិជ្ជកម្មដ៏ធំរបស់ខ្លួន លោក ដូណាល់ ត្រាំ ក៏បានអះអាងប្រាប់អ្នកយកព័ត៌មានផងដែរថា លោកគ្មានចេតនាក្នុងការបណ្តេញប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងនោះទេ។ តែលោកចង់ឃើញប្រធានធនាគារកណ្តាលរូបនេះសកម្មជាងនេះបន្តិចក្នុងការបញ្ចុះអត្រាការប្រាក់ ដូចអ្វីដែលលោកចង់បាន។
ក្រោយលោក ត្រាំ បង្ហើរពាក្យបែបនេះបានធ្វើឱ្យទីផ្សារភាគហ៊ុន និងតម្លៃលុយដុល្លារអាម៉េរិក ដែលបានដាំក្បាលចុះ នៅមួយរយៈចុងក្រោយ បានហក់ឡើងភ្លាមៗ ស្របពេលតម្លៃមាសដែលបានហក់ឡើងថ្លៃមួយរយៈធំបានធ្លាក់ចុះយ៉ាងគំហុក។ ក្នុងនោះតម្លៃភាគហ៊ុននៅផ្សារហ៊ុន Dow របស់អាម៉េរិក បានហក់ឡើង ១,១៣% រីឯផ្សារភាគហ៊ុន S&P 500កើនឡើង១,៥១% និងផ្សារហ៊ុន Nasdaq កើនឡើង១,៧៦%។
ជាមួយគ្នានេះទីផ្សារភាគហ៊ុនចិន ក៏កម្រើកឡើងវិញផងដែរ ក្នុងនោះសន្ទស្សន៍តម្លៃភាគហ៊ុននៅផ្សារហ៊ុន Hang Seng របស់ហុងកុង បានកើនឡើង២,៤%, ផ្សារហ៊ុន Nikkei របស់ជប៉ុនបានកើនឡើង១,៩១%, ផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូង កើនឡើង១,៥៤% និងផ្សារហ៊ុន ASX 200 របស់អូស្ត្រាលី បានកើនឡើង១,៤១% ខណៈសន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក បានកើនឡើងជាង១%៕
ដោយៈ សរ សុជាតិ