វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធគយលើក្រុមហ៊ុន ដែលរើទីតាំងផលិតកម្មចេញពីចិន ដើម្បីគេចពីពន្ធរបស់អាម៉េរិក


ការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ លើបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក កំពុងបង្កបញ្ហាឈឺក្បាលដល់បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុនបច្ចេវិទ្យាយក្ស Apple និង Nvidia របស់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនផ្សេងៗទៀត។ ជាមួយគ្នានេះលោក ដូណាល់ ត្រាំ បានគំរាមដាក់គំនាបពន្ធលើក្រុមហ៊ុន ដែលរើទីតាំងផលិតកម្មចេញពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសម៉ិកស៊ិក ដើម្បីគេចពន្ធគយរបស់សហរដ្ឋអាម៉េរិក ក្នុងភ្លើងសង្គ្រាមពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ស្របពេលប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយ២៥% ភ្លាមៗលើប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា និង១០% លើប្រទេសចិន ហើយមិនបានប៉ុន្មានក៏ប្រកាសផ្អាកដំឡើងពន្ធ​នេះវិញរយៈពេល៣០ថ្ងៃសម្រាប់ប្រទេសម៉ិកស៊ិក និងកាដាណា លើកលែងតែប្រទេសចិន បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនបច្ចេវិទ្យាយក្សនៅអាស៊ី មានការព្រួយបារម្ភថា យុទ្ធសាស្ត្ររើទីតាំងផលិតកម្មជាពិសេសរើចេញពីប្រទេសចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីគេចផុតពីការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក លែងគ្រប់គ្រាន់សម្រាប់កាត់បន្ថយហានិភ័យផ្នែកភូមិសាស្ត្រនយោបាយទៀតហើយ។

តួយ៉ាង នាយកប្រតិបត្តិមួយរូបរបស់ក្រុមហ៊ុនមួយដែលជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនយក្សអាម៉េរិក Apple និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលមានរោងចក្រផលិតនៅប្រទេសម៉ិកស៊ិក បាននិយាយថា ក្រុមហ៊ុនរបស់លោកពេលនេះមិនអាចសម្រេចចិត្តអ្វីបានទាំងអស់ ដោយរង់ចាំមើលសភាពការណ៍វិវត្តជាក់ស្ដែងសិន។ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ក្រោយឃើញសារព័ត៌មានផ្សាយថា ការដំឡើងពន្ធគយថ្មីដែលសហរដ្ឋអាម៉េរិក ដាក់លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក ត្រូវបានផ្អាករយៈពេល៣០ថ្ងៃ ដូចនេះអ្នកណាទៅដឹងថា នឹងមានរឿងអ្វីកើតឡើងទៀត បន្ទាប់ពីលោក ដូណាល់ ត្រាំ សន្ទនាតាមទូរសព្ទជាមួយមេដឹកនាំចិនលោក ស៊ី ជីនភីង?

សេតវិមានបាននិយាយថា ការសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង អាចនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ទោះជាយ៉ាងណា ក្រោយមកបន្តិចលោក ដូណាល់ ត្រាំ បាននិយាយសម្រាល ដែលទំនងជាចង់ច្រានចោលការសន្ទនានេះ។

ការប្ដេជ្ញារបស់លោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់ពន្ធគយជាអាវុធ ដើម្បីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មជាពិសេសនោះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសនៅតំបន់អាស៊ី។

គួររំឭកថា អំឡុងអាណត្តិដំបូងនៃការកាន់អំណាចរបស់លោកចន្លោះពីខែមករា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០២១ លោក ដូណាល់ ត្រាំ បានបញ្ឆេះភ្លើងសង្រ្គាមពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០ មក ដោយប្រើការគំរាមកំហែង និងពន្ធគយធ្វើជាអាវុធ ដែលបណ្តាលឱ្យពិភពលោកជ្រួលច្របល់ធ្លាក់ចូលក្នុងភាពចលាចល និងទទួលរងការរិះគន់ធ្ងន់ៗពីបណ្ដាអ្នកជំនាញសេដ្ឋកិច្ចដែលគាំទ្រពាណិជ្ជកម្មសេរី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីបានជាធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs ហ៊ានអះអាងថា សម្ពាធពន្ធរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប?

ក្រុមអ្នកវិភាគនៅធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs បានអះអាងថា សម្ពាធពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រា លើទំនិញនាំចូលពីអឺរ…

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំបំផុតនៅកម្ពុជា CSNC ត្រូវបានពន្យាពេលដាក់ឱ្យដំណើរការ តើមកពីមូលហេតុអ្វី?

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC ដែលគ្រោងដាក់ឱ្យដំណើរជាផ្លូវការនៅដើមឆ្នាំនេះ ត្រូវបានពន្យាពេលដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ