ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg របស់អាមេរិក លោក ត្រាំ ថ្លែងថា ៖ «ប្រសិនបើវាជាការសមស្របដែលខ្ញុំត្រូវជួបជាមួយគាត់ [គីម ជុងអ៊ុន] ខ្ញុំនឹងជួប។ ខ្ញុំនឹងមានកិត្តិយសនឹងជួប»។
មុននេះមិនយូរប៉ុន្មាន មេដឹកនាំសហរដ្ឋអាមេរិកព្រមានធ្ងន់ៗចំពោះកូរ៉េខាងជើង ដោយគំរាមប្រើកម្លាំងវាយប្រហារទៅលើរបបកុំម្មុយនិស្តមាននុយក្លេអ៊ែរមួយនេះ... ប៉ុន្តែ ឥឡូវ លោក ត្រាំ បែរជាប្រកាសថា នឹងជួបជាមួយ គឹម ជុងអ៊ុន ទៅវិញ។
តើលោក ត្រាំ ចង់យ៉ាងណាឲ្យពិតប្រាកដជាមួយកូរ៉េខាងជើង?
ក្នុងអំឡុងពេល ១០០ថ្ងៃដំបូងនៃការកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ កូរ៉េខាងជើងបានក្លាយជាការគំរាមកំហែងសន្តិសុខជាតិដ៏បន្ទាន់បំផុត និងជាបញ្ហាគោលនយោបាយបរទេសដែលកំពុងកើតឡើងចំពោះលោក ត្រាំ។
កូរ៉េខាងជើងបានបន្តការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប បើទោះបីមានការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិក្ដី។
ហើយអ្នកវិភាគកិច្ចការយោធា និយាយថា យ៉ាងយូរត្រឹមឆ្នាំ២០២០ កូរ៉េខាងជើងនឹងផលិតបានកាំជ្រួចមីស៊ីលឆ្លងទ្វីបដែលអាចបាញ់ដល់អាមេរិក គឺស្ថិតនៅក្នុងអំឡុងអាណត្តិលោក ត្រាំ នៅឡើយ។
គេមើលឃើញថា ការប្រែប្រួលជំហររបស់លោក ត្រាំ អាចទាក់ទងនឹងជំនួបរវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីខែមុន នៅរដ្ឋហ្វ្ល័រីដា សហរដ្ឋអាមេរិក៕