សម្ពាធពន្ធពីលោក ត្រាំ

សម្ពាធពន្ធពីលោក ត្រាំ ធ្វើឱ្យពលរដ្ឋកាណាដារង្គាសចិត្តនឹងអាម៉េរិកយ៉ាងខ្លាំង និងរុញច្រានស្មារតីស្នេហាជាតិឱ្យកាន់តែពុះកញ្ជ្រោល


សង្គ្រាមពាណិជ្ជកម្ម និងសម្ពាធសេដ្ឋកិច្ចដ៏ក្ដៅគគុក ដែលផ្តើមចេញពីគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងរុញច្រានឱ្យប្រជាពលរដ្ឋកាណាដា បណ្តុះស្មារតីស្នេហាជាតិ និងពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុងកាន់តែរឹងមាំខ្លាំងឡើង។ ការយកពន្ធពាណិជ្ជកម្មធ្វើជាឧបករណ៍គាបសង្កត់លើប្រទេសជិតខាងដ៏ស្មោះត្រង់មួយនេះកំពុងប្រែក្លាយទស្សនៈរបស់ប្រជាជនកាណាដាចំពោះសហរដ្ឋអាម៉េរិកឱ្យឈានទៅរកភាពអវិជ្ជមាន និងការរង្គាសចិត្តយ៉ាងជ្រាលជ្រៅបំផុតដែលមិនធ្លាប់មានពីមុនមក។
សម្ពាធពន្ធពីលោក ត្រាំ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA សង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តើមឡើងកំពុងបង្កឱ្យមានការប្រែប្រួលឥរិយាបថ និងអារម្មណ៍របស់ប្រជាជនកាណាដា ចំពោះសហរដ្ឋអាម៉េរិក។ ទោះបីជាជាពលរដ្ឋកាណាដា នៅតែចង់រក្សាទំនាក់ទំនងភាពជាដៃគូជិតស្និទ្ធ និងត្រៀមខ្លួនធ្វើការជាមួយអាម៉េរិកដូចមុនក៏ដោយ ប៉ុន្តែកាណាដា ក៏បានបង្ហាញជំហរថា ខ្លួនដាច់ខាតមិនថយក្រោយ ឬចុះចាញ់ចំពោះសម្ពាធ និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីនតោនឡើយ។
ជាការឆ្លើយតបកាលពីសប្តាហ៍មុន រដ្ឋាភិបាលកាណាដា បានប្រកាសដាក់ចេញនូវវិធានការពន្ធសងសឹក ដោយបានដាក់ពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកក្នុងទំហំទឹកប្រាក់រហូតដល់ប្រមាណ២០ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងការយកពន្ធជាឯកតោភាគីរបស់អាម៉េរិក។ ទោះជាយ៉ាងណា លោក ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីកាណាដាបានគូសបញ្ជាក់ថា កាណាដានៅតែបើកទ្វារចំហ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់ទៅកាន់តុចរចាឡើងវិញ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីណាមួយត្រូវតែផ្តល់នូវស្ថិរភាព ភាពជឿជាក់ និងអត្ថប្រយោជន៍ស្មើភាពគ្នាសម្រាប់ប្រទេសទាំងពីរ។
មិនត្រឹមតែថ្នាក់ដឹកនាំនយោបាយនោះទេ សូម្បីតែប្រជាពលរដ្ឋកាណាដាសាមញ្ញ ក៏បានសម្តែងនូវក្តីទោមនស្ស និងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើ ដែលអាម៉េរិកបានធ្វើមកលើប្រទេសរបស់ខ្លួន។ ក្រុមពលរដ្ឋកាណាដាបានលើកឡើងថា កាណាដា និងសហរដ្ឋអាម៉េរិកធ្លាប់ជាមិត្តភក្តិស្រឡាញ់គ្នាដូចបងប្អូនបង្កើត និងឈរនៅកៀកស្មាគ្នាជាយូរលង់ណាស់មកហើយ ដូច្នេះអាម៉េរិកមិនគួរអនុវត្តគោលនយោបាយ បំបាក់មុខ និងគាបសង្កត់មកលើមិត្តជិតស្និទ្ធដូចបច្ចុប្បន្ននេះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ខូលីន រ៉ូបឺតសុន (Colin Robertson) អតីតអ្នកការទូតកាណាដា និងជាសមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការសកលកាណាដាបានវាយតម្លៃថា គោលនយោបាយគាបសង្កត់របស់លោក ដូណាល់ ត្រាំ មិនបានធ្វើឱ្យកណាដា ភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅវិញវាបានក្លាយជាកាតាលីករប្រកបដោយឥទ្ធិពលក្នុងការជំរុញស្មារតីជាតិនិយម និងស្នេហាជាតិឱ្យពុះកញ្ជ្រោលនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋកាណាដទៅវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះដែលបន្ដរក្សាទុកមាសនៅអាម៉េរិក ក្រោយប្រទេសនៅអឺរ៉ុបបានដកចេញជាបន្តបន្ទាប់​?

និន្នាការនៃការជម្លៀស និងដកទុនបម្រុងជាមាសចេញពីធនាគារកណ្តាលអាម៉េរិកក្នុងឆ្នាំ២០២៦ នេះ កំពុងកម្រើកឡើងវិញយ៉ាងក្តៅគគុក ចំពេលដែលភាពតានតឹងភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ