ក្រុមហ៊ុនបណ្ដាញសង្គម ទ្វីតធឺ

ក្រុមហ៊ុនបណ្ដាញសង្គម ទ្វីតធឺ ចាប់ផ្តើមដកសញ្ញាពណ៌ខៀវចេញពីអ្នកប្រើប្រាស់ដែលមិនបង់ប្រាក់


មនុស្សល្បីៗជាច្រើនដែលប្រើប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញ ទ្វីតធឺ កំពុងបាត់សញ្ញាពណ៌ខៀវដែលបានជួយផ្ទៀងផ្ទាត់អត្តសញ្ញាណពិតប្រាកដពួកគេ ឱ្យប្លែកពីអ្នកក្លែងបន្លំនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។ គ្រប់គ្រងដោយលោក អេឡុន មុស្ក៍ (Elon Musk) ក្រុមហ៊ុន ទ្វីតធឺ បានចាប់ផ្ដើមដកសញ្ញាពណ៌ខៀវនោះចេញពីគណនីអ្នកប្រើប្រាស់ណាដែលមិនបានបង់ប្រាក់ប្រចាំខែទៅឱ្យក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន អេភី របស់អាមេរិក។
ក្រុមហ៊ុនបណ្ដាញសង្គម ទ្វីតធឺ ចាប់ផ្តើមដកសញ្ញាពណ៌ខៀវចេញពីអ្នកប្រើប្រាស់ដែលមិនបង់ប្រាក់

ក្រុមហ៊ុន ទ្វីតធឺ បានចាប់ផ្តើមធ្វើតាមការជូនដំណឹងរបស់ខ្លួន ដោយកាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុននេះបានចាប់ផ្ដើមដកសញ្ញាពណ៌ខៀវចេញពីម្ចាស់គណនីណា ដែលមិនបានបង់ថ្លៃប្រចាំខែសម្រាប់ការពារអត្តសញ្ញាណរបស់ពួកគេ។

ក្រុមហ៊ុន ធ្វីតធឺ មានគណនីអ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ ប្រហែល ៣០ ម៉ឺននាក់នៅក្រោមប្រព័ន្ធត្រួតពិនិត្យដោយប្រើសញ្ញាពណ៌ខៀវ។ ក្នុងចំណោមនោះ ភាគច្រើនជាអ្នកសារព័ត៌មាន អត្តពលិក និងបុគ្គលសាធារណៈ។

ការត្រួតពិនិត្យដោយក្រុមហ៊ុន ទ្វីតធឺ តាមរយៈការប្រើសញ្ញាពណ៌ខៀវ ដែលជាការបញ្ជាក់និងជាការផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវរបស់ម្ចាស់គណនី បានចាប់ផ្តើមបាត់ចេញពីគណនីរបស់អ្នកប្រើប្រាស់ទាំងនេះកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

អ្នកប្រើប្រាស់ល្បីៗនៅក្នុងបណ្ដាញសង្គម ទ្វីតធឺ ដែលបានបាត់សញ្ញាពណ៌ខៀវកាលពីថ្ងៃព្រហស្បតិ៍នោះ មានដូចជាតារាចម្រៀងអាមេរិក អ្នកនាង បេយ៉ុនសេ (Beyoncé), សម្ដេចប៉ាប ហ្រ្វង់ស៊ីស, ពិធីការិនី អូប៉្រា វីនហ្វ្រេយ៍ (Oprah Winfrey) និងលោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីអាមេរិកផងដែរ។

ចំពោះតម្លៃនៃការរក្សាសញ្ញាសម្គាល់នេះគឺមានចាប់ពី៨ដុល្លារក្នុងមួយខែសម្រាប់អ្នកប្រើគណនី ទ្វីតធឺ ជាបុគ្គល រហូតដល់តម្លៃចាប់ពី ១ ពាន់ដុល្លារក្នុងមួយខែសម្រាប់អង្គការ ស្ថាប័នណាមួយ បូកនឹងថ្លៃ ៥០ ដុល្លារក្នុងមួយខែសម្រាប់គណនីរបស់សាខានៃអង្គការ ស្ថាប័ន ទាំងនោះ ឬបុគ្គលិករបស់ពួកគេ។

ចំពោះអ្នកប្រើប្រាស់ទាំងឡាយណាដែលនៅតែអាចរក្សាសញ្ញាពណ៌ខៀវបានកាលពីថ្ងៃព្រហស្បតិ៍នោះ ពួកគេទទួលបានសារដែលបង្ហាញថា គណនីរបស់ពួកគេត្រូវបានផ្ទៀងផ្ទាត់ ព្រោះពួកគេបានចុះឈ្មោះសុំប្រើសញ្ញាពណ៌ខៀវ និងបានផ្ទៀងផ្ទាត់លេខទូរសព្ទរបស់ពួកគេ។ ប្រសិនបើការផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់ពួកគេត្រឹមត្រូវ គឺពួកគេគ្រាន់តែមានសិទ្ធិចូលប្រើបណ្ដាញសង្គម ទ្វីតធឺ ប៉ុណ្ណោះ ប៉ុន្តែបណ្ដាញសង្គមនេះមិនបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលនោះឡើយ។

វាមិនត្រឹមតែតារាល្បីៗ និងអ្នកកាសែតទេ ដែលបានបាត់បង់សញ្ញាត្រួតពិនិត្យអត្តសញ្ញាណពណ៌ខៀវរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍នោះ សូម្បីតែភ្នាក់ងាររដ្ឋាភិបាល អង្គការមិនរកប្រាក់កម្រៃ និងគណនីសេវាសាធារណៈជាច្រើនទៀត នៅជុំវិញពិភពលោក ក៏បានមើលឃើញថា អត្តសញ្ញាណរបស់ពួកគេមិនត្រូវបានផ្ទៀងផ្ទាត់តទៅទៀតដែរ។ ប្រការនេះបានបង្កើនការព្រួយបារម្ភថា ក្រុមហ៊ុន ទ្វីតធឺ អាចបាត់បង់តួនាទីរបស់ខ្លួន ក្នុងនាមជាប្រព័ន្ធមួយសម្រាប់ទទួលបានព័ត៌មានត្រឹមត្រូវ និងថ្មីៗ ពីប្រភពពិតប្រាកដ រួមទាំងក្នុងគ្រាអាសន្នផងដែរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃ ១៤០០លានដុល្លារ នឹងបើកការសាងសង់នៅដើមខែមិថុនា

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលមានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារនឹងបើកការដ្ឋានសាងសង់នៅ…

ក្រោយបញ្ចប់គម្រោងពង្រីកនិងលើកកម្ពស់គុណភាពដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើង៣៥%

ដើម្បីឆ្លើយតបនឹងកំណើនទូរកុងតឺន័រ និងទំនិញចេញចូលកំពង់ផែព្រះសីហនុ នាពេលកន្លងមក និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសហការជាមួយអង្គក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ