វិស័យ​កសិកម្ម

អ្នកដាំទុរេនបារម្ភបញ្ហាសេដ្ឋកិច្ច និងការហូរចូលទុរេនមានតម្លៃថោកធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនកម្ពុជា នៅឆ្នាំនេះ


​​រដូវកាលប្រមូលផលទុរេននៅកម្ពុជា បានចាប់ផ្តើមហើយ ដោយទិន្នផលទុរេនពីតាមបណ្តាខេត្តមួយចំនួនបានបង្ហាញវត្តមានលើទីផ្សារជាបណ្តើរៗ ជាមួយតម្លៃលក់រាយជាមធ្យមប្រមាណ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ យ៉ាងណាមិញអ្នកជំនាញ និងម្ចាស់ចម្ការកត់សម្គាល់ឃើញថា តម្រូវការបញ្ជាទិញនៅដើមរដូវឆ្នាំនេះហាក់មិនទាន់មានសកម្មភាពផុសផុល​ដូចឆ្នាំមុនៗនោះទេ ដោយសារពលរដ្ឋរឹតត្បិតការចំណាយក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន​។ ក្រៅពីនេះ ការហូរចូលទុរេនតម្លៃថោកពីប្រទេសជិតខាង ក៏កំពុងក្លាយជាសម្ពាធបន្ថែមសម្រាប់ទីផ្សារទុរេនក្នុងស្រុកផងដែរ។
វិស័យ​កសិកម្ម
ដោយ

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានគូសបញ្ជាក់ថា ដំណាំទុរេននៅតាមតំបន់មួយចំនួនបានប្រមូលផលជាបណ្តើរៗហើយ នៅដើមរដូវប្រមូលផលនេះជាមួយតម្លៃលក់ចេញខ្ពស់ក្នុងរង្វង់ប្រមាណជាង៣ម៉ឺនរៀលក្នុង១គីឡូក្រាម តែតម្លៃអាចនឹងធ្លាក់ចុះទាបជាងនេះនៅពេលដល់រដូវប្រមូលផលពេញលេញ។ ទោះជាយ៉ាងណា អ្នកដាំទុរេនរូបនេះហាក់បារម្ភពីការធ្លាក់ចុះបរិមាណទិញនៅឆ្នាំនេះ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចអាចធ្វើឱ្យពលរដ្ឋមានការក្បិតក្បៀតការចំណាយ។ លើសពីនេះ លោកបារម្ភ ការហូរចូលទុរេនមានតម្លៃថោកៗពីប្រទេសជិតខាងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទុរេនក្នុងស្រុក ដែលកំពុងជួបបញ្ហាការកើនឡើងថ្លៃដើមផលិត។ តែយ៉ាងណា លោក ហាក់ខ្ពស់លើទីផ្សារចិន ក្នុងការជួយស្រូបទាញផ្លែទុរេនរបស់កម្ពុជា។

ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា តម្រូវការបញ្ជាទិញទុរេននៅក្នុងស្រុកនាដើមរដូវប្រមូលផលឆ្នាំនេះ ហាក់ពុំមានសកម្មភាពផុសផុលខ្លាំងដូចឆ្នាំមុនៗនោះទេ។ បើតាមអ្នកជំនាញរូបនេះ ទោះបីផ្ទៃដីដាំដុះទុរេននៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនក៏ពិតមែន ប៉ុន្តែលោកពុំទាន់អាចវាយតម្លៃបាននោះទេថា ទិន្នផលទុរេននៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុននោះទេ ដោយបញ្ហាអាកាសធាតុក្តៅខ្លាំងកំពុងគំរាមកំហែងដល់ដំណាំទុរេន។ តាមរយៈបញ្ហានេះ វាក៏អាចរុញច្រានឱ្យកសិករប្រឈមមុខនឹងការខាតបង់ផងដែរ ស្របពេលដែលការចំណាយលើការថែទាំនៅឆ្នាំនេះខ្ពស់ជាឆ្នាំមុន។

បើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ មកទល់ពេលនេះការប្រមូលផលទុរេននៅកម្ពុជា សម្រេចបានក្នុងរង្វង់ប្រមាណ៥% ទៅ១០%ប៉ុណ្ណោះនៅតាមតំបន់មួយចំនួនដូចជាខេត្ត កុះកុង កំពត និងព្រះវិហារជាដើម ខណៈរដូវប្រមូលផលពេញលេញនឹងចូលមកដល់នៅក្នុងអំឡុងខែឧសភា មិថុនា និងកក្កដា ខាងមុខនេះ៕




អត្ថបទបន្ទាប់


ការកើនឡើងតម្លៃសំបុត្រយន្តហោះកំពុងធ្វើឱ្យរាំងស្ទះដល់ការស្រូបទាញភ្ញៀវទេសចរបរទេសរបស់កម្ពុជា

​​ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ហាក់បង្ហាញសញ្ញា​នៃការថមថយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលសង្រ្គាមនៅតំបន់មជ្ឈិមប…

អ្នកជំនាញព្រមានថា បាតុភូតអែលនីណូនៅឆ្នាំនេះនឹងធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ

ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់ ដែលបាននិងកំពុងធ្វើឱ្យតម្លៃប្រេងឥន្ធនៈពុះកញ្ជ្រោលឡើងនោះ ពេលនេះមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ