កាលពីឆ្នាំទៅមិញ ភោជនីយដ្ឋានអាហារសមុទ្រ Laemgate បានធ្វើយុទ្ធនាការផ្សព្វផ្សាយលក់អាហារអនឡាញដោយបង់ប្រាក់ជាមុន។ ពេលនោះ មានមនុស្សដល់ទៅ ២ម៉ឺននាក់ បានទិញគូប៉ុងអាហារបង់ប្រាក់ជាមុនដែលមានទឹកប្រាក់សរុបដល់ទៅ ១លាន ៦សែនដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានថៃ PBS។
ប៉ុន្តែ ភោជនីយដ្ឋាននេះ ក្រោយមក បាននិយាយថា ខ្លួនមិនអាចបំពេញតាមតម្រូវការនេះបានទេ ហើយក៏បានបិទភោជនីយដ្ឋាន។
មនុស្ស ២នាក់ ដែលជាម្ចាស់ភោជនីយដ្ឋាននេះ ម្នាក់ឈ្មោះ Apichart Bowornbancharak និងម្នាក់ទៀត ឈ្មោះ Prapassorn Bowornbancha ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីមនុស្សជាច្រើនរយនាក់។
នៅប្រទេសថៃ ករណីកាត់ទោសឲ្យជាប់ពន្ធនាគារច្រើនឆ្នាំបែបនេះ មិនមែនជារឿងមិនធ្លាប់មានពីមុនមកនោះទេ ដោយសារតែចំនួននៃដើមបណ្ដឹងមានច្រើននាក់។
ប៉ុន្តែ ទោះជាយ៉ាងណា ច្បាប់ថៃកំណត់ទោសជាប់ពន្ធនាគារយូរបំផុតត្រឹមតែ ២០ឆ្នាំទេ សម្រាប់បទឆបោកជាសាធារណៈ។
ដំបូងឡើយ អតិថិជនដែលបានទិញគូប៉ុងអាហារបង់ប្រាក់ជាមុនតាមអនឡាញ នៅអាចយកគូប៉ុងទៅបើកជាអាហារបានធម្មតា នៅឯភោជនីយដ្ឋាន។ ប៉ុន្តែ ក្រោយមក មានមនុស្សទិញច្រើនពេក ក៏មានអ្នកខ្លះចាំយូររហូតដល់រាប់ខែ ទើបអាចទៅបើកអាហារបាន។
ក្រោយមក នៅខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Laemgate Infinite ក៏ស្រាប់តែប្រកាសបិទភោជនីយដ្ឋានរបស់ខ្លួន ដោយអះអាងថា ខ្លួនមិនមានអាហារសមុទ្រគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការនោះទេ។
ក្រុមហ៊ុនបានផ្ដល់ប្រាក់ឲ្យទៅអតិថិជនវិញបានខ្លះដែរ ពោលគឺ អតិថិជន ៣៧៥នាក់ ក្នុងចំណោម ៨១៨នាក់ បានទទួលប្រាក់វិញ។ ប៉ុន្តែ មនុស្សជាច្រើនរយនាក់ទៀត បានប្ដឹងក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុនទាំងពីរនាក់ ពីបទឆបោក។
ម្ចាស់ភោជនីយដ្ឋាន ម្នាក់ឈ្មោះ Apichart Bowornbancharak និងម្នាក់ទៀត ឈ្មោះ Prapassorn Bowornbancha ត្រូវបានចាប់ខ្លួន ពីបទឆបោកជាសាធារណៈ តាមរយៈសារក្លែងក្លាយ។
ពួកគេទាំងពីរនាក់ត្រូវបានរកឃើញថា មានទោស នៅថ្ងៃពុធ សប្ដាហ៍នេះ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ម្នាក់ៗ ១៤៤៦ឆ្នាំ។ ប៉ុន្តែ ទោះយ៉ាងណា តាមច្បាប់ថៃ ពួកគេទាំងពីរនាក់នេះ ត្រូវជាប់គុកតែ ២០ឆ្នាំម្នាក់ ប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៧ តុលាការថៃធ្លាប់បានកាត់ទោសជនឆបោកម្នាក់ ឲ្យជាប់ពន្ធនាគារជាង ១ម៉ឺន ៣ពាន់ឆ្នាំឯណោះ៕